ក្រុងម៉ូស្គូៈ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីននេតានីយ៉ាហ៊ូ បានពិភាក្សាជាមួយសមភាគីរុស្ស៊ីលោកវ្លាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទក្រោយចោទប្រកាន់ពីបទចង់ធ្វើឲ្យលីបង់ក្លាយ ជាទីតាំងមីស៊ីលធំមួយ។
លោកបានធ្វើការបកស្រាយមុននឹងចេញដំណើរទៅកាន់ក្រុងម៉ូស្គូ ជាទីដែលលោក បាននិយាយជាថ្មីថា អ៊ីរ៉ង់ចង់បំផ្លាញរដ្ឋជ្វីហ្វនោះ។
លោកនេតានីយ៉ាហ៊ូ បានធ្វើការពិភាក្សាជាច្រើនជាមួយលោកពូទីនក្នុងប៉ុន្មានខែថ្មីៗនេះ ជុំវិញឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ដែលហែកហួរដោយសង្គ្រាម និងនៅលីបង់ ដោយបានប្រឹងប្រែងបញ្ចុះបញ្ជូលរុស្ស៊ីឲ្យកម្រិតវត្តមានរបស់អ៊ីរ៉ង់នៅក្បែរដែនដីអ៊ីស្រាអែល និងបញ្ឈប់លុកលុយដោយកម្លាំងយោធានៅក្នុងទឹកដីស៊ីរីនោះ។
រុស្ស៊ី អ៊ីរ៉ង់ ក្រុមជនសកម្មប្រយុទ្ធមូស្លីមស៊ីអ៊ីតនៅលីបង់គឺក្រុមហេសបូឡាហ៍ ដែលគាំទ្រដោយក្រុងតេអេរ៉ង់ ដែលអ្នកទាំងអស់គាំទ្រប្រធានាធិបតីស៊ីរីលោកបាសារ អាល់ អាសាដ នៅក្នុងសង្គ្រាមស៊ីវិលក្នុងប្រទេសរបស់លោក។
លោកនេតានីយ៉ាហ៊ូ បានថ្លែងនៅមុនពេលលោកចាកចេញពីអ៊ីស្រាអែលថា លោកគ្រោងធ្វើការពិភាក្សាជាមួយរុស្ស៊ីជុំវិញកិច្ចប្រឹងប្រែងរបស់ អ៊ីរ៉ង់ក្នុងការបង្កើតនូវវត្តមានយោធានៅក្នុងស៊ីរី។ «យើងនឹងពិភាក្សាអំពីកិច្ចប្រឹងប្រែងរបស់អ៊ីរ៉ង់ដែល ចង់ធ្វើឲ្យលីបង់ក្លាយ ជាទីតាំងមីស៊ីលធំមួយ ជាទីតាំងមួយសម្រាប់វាយប្រហារទៅលើរដ្ឋអ៊ីស្រាអែល ដែលយើងនឹងមិនអាចអត់ឱនឲ្យបាននោះ»។
ក្រោយពីមើលការតាំងពិព័រណ៍មួយនៅក្រុងម៉ូស្គូទាក់ទងការបះបោរឆ្នាំ ១៩៤៣ លោកនេតានីយ៉ាហ៊ូថា យើងនៅតែត្រៀមទប់ស្កាត់មនោគមន៍វិជ្ជាប្រភេទនេះ៕