ក្រុង​កូ​ឡុំ​បូៈ​ នាយក​រដ្ឋមន្ត្រី​​បាន​ប្រកាស​នៅ​ក្នុង​សភា​កាល​ពី​ថ្ងៃ​ពុធ​ថា ស្រីលង្កា​កំពុង​ចរចា​អំពី​កិច្ច​ព្រមព្រៀង​សហការ​យោធា​ថ្មី​មួយ​ជាមួយ​អាមេរិក​ ទោះ​បី​ជា​ប្រធានាធិបតី​នៃ​ប្រទេស​នេះ​បាន​ប្តេជ្ញា​វេតូ​កិច្ច​ព្រមព្រៀង​ណា​មួយ​ក្តី​។​

លោក​ Ranil Wickremesinghe បាន​ថ្លែង​​ថា ​​រដ្ឋាភិបាល ​កំពុង​ពិភាក្សា​​​​​​​ពី​ការ​ផ្លាស់ប្តូរ​​​​ឋានៈ​នៃ​​ការ​រៀបចំ​​កងកម្លាំង​ ​(SOFA) ឆ្នាំ ​១៩៩៥ ​​​​ដែល​នឹង​អនុញ្ញាត​​ឲ្យ​​​លទ្ធភាព​យោធា​​អាមេរិក​​ចូល​​​ទៅ​កាន់​កោះ​នៅ​មហា​សមុទ្រ​ឥណ្ឌា​​​ងាយ​ស្រួល​ជាង​មុន​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​ ការ​ចរចា​កំពុង​ដំណើរការ​ ខណៈ​ដែល​ឯកសារ​ថ្មី​នេះ​មាន​លក្ខខណ្ឌ​ជា​ច្រើន​ ដែល​ស្រីលង្កា​ មិន​អាច​ទទួល​យក​បាន​ ដោយ​មិន​បញ្ជាក់​លម្អិត​ថា ​មាន​លក្ខ​ខណ្ឌ​អ្វី​ខ្លះ​ទេ។​​​

សម្តី​របស់​លោក​នាយក​រដ្ឋមន្ត្រី ​បាន​កើត​ឡើង​ក្រោយ​ពី​លោក​ប្រធានាធិបតី​ Maithripala Sirisena ​បាន​​ថ្លែង​ថា ​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គូ​ប្រជែង​ស្លាប់រស់​គាំទ្រ​លោក​ខាង​លិច​សម្រេច​កិច្ច​ព្រមព្រៀង​ណា​មួយ​ ដោយ​ផ្តល់​លទ្ធផល​ដល់​កង​កម្លាំង​អាមេរិក​ចូល​ស្រីលង្កា​ងាយ​ស្រួល​នោះ​ទេ។

លោក Sirisena​ ដែល​ប្រឈម​នឹង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ​ បាន​ថ្លែង​កាល​ពី​ចុង​សប្តាហ៍​មុន​​ថា៖ ​«​ខ្ញុំ​នឹង​មិន​អនុញ្ញាត​ឲ្យ​ SOFA​ ដែល​ស្វះស្វែង​ក្បត់​ប្រទេស​នេះ​​។ កង​កម្លាំង​បរទេស​ខ្លះ​ ​ចង់​​ឲ្យ​ស្រីលង្កា​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​របស់​ពួក​គេ»៕ AFP/PSA