ក្រុង​ហ៊្សេរុយសាឡិម៖ ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​​លោក​ បេនចាមីន នេតានីយ៉ាហ៊ូ ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ចោទ​ប្រកាន់​អ៊ីរ៉ង់​ថា ​មាន​ផែនការ​វាយ​ប្រហារ​ប្រឆាំង​រដ្ឋ​ជីហ្វ​ ហើយ​លោក​បាន​ថ្លែង​ថា​ អ្វីៗ​គ្រប់​យ៉ាង​ដែល​អាច​កើត​ឡើង​នឹង​ត្រូវ​ធ្វើ​ដើម្បី​ទប់ស្កាត់​ពួក​គេ​។​

លោក​នាយក​រដ្ឋមន្ត្រី​ ​បេនចាមីន ​នេតានីយ៉ាហ៊ូ​ ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កំពុង​តស៊ូ​ដើម្បី​ជីវិត​នយោបាយ​របស់​លោក​ បាន​ថ្លែង​​សុន្ទរកថា​របស់​លោក​​នៅ​ពេល​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​មូលដ្ឋាន​យោធា​មួយ​កន្លែង​ នៅ​ក្បែរ​​ព្រំដែន​ជា​មួយ​ប្រទេស ស៊ីរី ​ដែល​ត្រូវ​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​ជម្លោះ​នោះ​។​

លោក នេតានីយ៉ាហ៊ូ ​បាន​ថ្លែង​ថា​៖ «ការ​ឈ្លាន​ពាន​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​របស់​យើង​ និង​ប្រឆាំង​យើង​ នៅ​តែ​បន្ត​នៅ​ឡើយ​»​។​

លោក​កំពុង​ថ្លែង​នៅ​ក្នុង​ថ្ងៃ​ដែល​ឧត្តមសេនីយ៍​អាមេរិក​លោក​ ម៉ាក មីលលី​ ជា​ប្រធាន​សេនាធិការ​ចម្រុះ​នៅ​ក្នុង​ប្រទេស​ ដើម្បី​ជួប​ជាមួយ​សមភាគី​អ៊ីស្រាអែល​របស់​លោក​ គឺ​លោក ​អាវីវ​ កូហាវី​។​

សេចក្តី​ថ្លែងការណ៍​របស់​យោធា​នោះ​បាន​ឲ្យ​ដឹង​ថា ​លោក​​ឧត្តម​សេនីយ៍​ទាំង ​២ រូប​​ បាន​ពិភាក្សា​គ្នា ​«​អំពី​បញ្ហា​ប្រតិបត្តិការ ​និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​»​។​

ដោយ​ថ្លែង​អំពី​តំបន់​ហ្គូឡែន​ ហៃហ៍​ដែល​បាន​ដាក់​បញ្ចូល​ក្នុង​ឧបសម្ព័ន្ធ​អ៊ីស្រាអែល​នោះ​ លោក ​នេតានីយ៉ាហ៊ូ​ បាន​ថ្លែង​ថា​៖ «​យើង​កំពុង​ចាត់​វិធានការ​ចាំបាច់​ទាំង​អស់​ ដើម្បី​ទប់ស្កាត់​អ៊ីរ៉ង់​មិន​ឲ្យ​បង្កើត​កងកម្លាំង​នៅ​ទី​នេះ​ ​ក្នុង​តំបន់​របស់​យើង​ជា​ដាច់​ខាត​»​។​

«​បញ្ហា​នេះ​ បាន​រាប់​បញ្ចូល​សកម្មភាព​ចាំបាច់​នានា​​ ដើម្បី​រាំង​ខ្ទប់​ការ​ដឹក​ជញ្ជូន​សព្វាវុធ​ដ៏​គ្រោះ​ថ្នាក់​​ពី​ប្រទេស ​អ៊ីរ៉ង់ ​ចូល​ទៅ​កាន់​ទឹក​ដី​ស៊ីរី​ ទាំង​ផ្លូវ​អាកាស​ និង​ផ្លូវ​គោក​។​

លោក​បាន​បន្ថែម​ថា​៖ «​យើង​នឹង​ចាត់​វិធានការ ​ដើម្បី​រាំង​ខ្ទប់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ៊ីរ៉ង់​ មិន​ឲ្យ​វិល​ត្រឡប់​ទៅ​អ៊ីរ៉ាក់​ និង​យេម៉ែន​ចូល​ទៅ​ក្នុង​មូលដ្ឋាន​យោធា ​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​រ៉ុក្កែត​ និង​មីស៊ីល​» ​ទៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​តទៅ​ទៀត​។​

កាល​ពី​ថ្ងៃ​ពុធ​ អ៊ីស្រាអែល​​បាន​អះអាង​ថា​ យន្តហោះ​ចម្បាំង​របស់​ខ្លួន​បាន​វាយ​ប្រហារ ​«​យ៉ាង​ខ្លាំង​ក្លា​» ​ទៅ​លើ​​កងកម្លាំង​​អ៊ីរ៉ង់ និង​ស៊ីរី​៕​ AFP/SK