ក្រុងដាក្កា៖ តុលាការបង់ក្លាដែសបានកាត់ទោសប្រហារជីវិតក្រុមយុទ្ធជនសកម្មប្រយុទ្ធអ៊ិស្លាម ១០ នាក់ កាលពីថ្ងៃចន្ទ ពីបទវាយប្រហារទៅលើការប្រមូលផ្តុំរបស់គណបក្សកុម្មុយនីស្តកាលពី ២ ទសវត្សរ៍កន្លងទៅ ដែលបានបណ្តាលឲ្យមនុស្ស ៥ នាក់ស្លាប់។
នៅក្នុងការបំផ្ទុះគ្រាប់បែកអស់ជាច្រើនគ្រាប់ កាលពីខែមករា ឆ្នាំ ២០០១ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងដាក្កា នៅឯកន្លែងប្រមូលផ្តុំមួយរបស់គណបក្សកុម្មុយនីស្តបង់ក្លាដែស ហើយប៉ូលិសបានស្តីបន្ទោសទៅលើក្រុមអង្គការ Harkatul Jihad al Islami (HUJI) ត្រូវបានហាមមិនឲ្យមានវត្តមាននៅក្នុងប្រទេស បង់ក្លាដែស ក្រោយពីមានការស៊ើបអង្កេតមួយអស់រយៈពេលជាច្រើនឆ្នាំ ជុំវិញបញ្ហានេះ។
ការវាយប្រហារនោះ គឺជាប្រតិបត្តិការមួយក្នុងចំណោមប្រតិបត្តិការមួយចំនួន ត្រូវធ្វើឡើងដោយក្រុមយុទ្ធជនសកម្មប្រយុទ្ធ ដែលសមាជិករបស់ពួកគេកំពុងវិលត្រឡប់មកកាន់ប្រទេស បង់ក្លាដែស វិញ ចេញពីជម្លោះនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន កាលពីដើមទសវត្សរ៍ឆ្នាំ ២០០០។
កាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាក្រុងដាក្កាលោក អាប់ឌុលឡាហ៍ អាប៊ូ បានថ្លែងប្រាប់ AFP ថា សមាជិករបស់អង្គការ HUJI ១០ នាក់ ត្រូវបានកាត់ទោសប្រហារជីវិត។
លោក អាប់ឌុលឡាហ៍ អាប៊ូ បានថ្លែងថា៖ «ពួកគេបានបើកការវាយប្រហារជាផ្នែកក្រុមជីហាដរបស់ពួកគេ ដើម្បីបង្កើតរដ្ឋាភិបាលសកម្មប្រយុទ្ធមួយនៅក្នុងប្រទេស បង់ក្លាដែស។ ពួកគេចង់បង្កើតរដ្ឋាភិបាលគ្មានសាសនា និងបង្កឲ្យមានអនាធិបតេយ្យនៅក្នុងប្រទេសមួយនេះ»។
សមាជិក ២ រូប របស់បក្សកុម្មុយនីស្តបង់ក្លាដែស បានរងការចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនៅក្នុងបញ្ហានោះ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញហើយ។
ក្រុមអ៊ិស្លាមជ្រុលនិយមបានកំពុងកំណត់គោលដៅទៅលើក្រុមសកម្មជនមូស្លីមនិយមកណ្តាល និងក្រុមអ្នកកាន់សាសនាផ្សេងៗ នៅក្នុងប្រទេស បង់ក្លាដែស ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០។
ក្រុមអង្គការ HUJI និង Jamayetul Mujahideen Bangladesh (JMB) គឺជាក្រុម ២ ដែលមានឈ្មោះល្បីបំផុត ក្រុមទាំង ២ នេះត្រូវបានដឹកនាំដោយទាហានជើងចាស់នៅក្នុងជម្លោះនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ហើយត្រូវបានគេស្តីបន្ទោសជុំវិញការសម្លាប់មនុស្សអស់ជាច្រើន នៅក្នុងការបំផ្ទុះ និងការវាយប្រហារគ្រាប់បែកនៅប្រទេស បង់ក្លាដែស។
ក្រុមមេដឹកនាំកំពូល ៦ នាក់ផ្សេងទៀតរបស់អង្គការ JMB ត្រូវបានកាត់ទោសប្រហារជីវិតកាលពីឆ្នាំ ២០០៧ ក្រោយពីបានរកឃើញថា មានទោសពីបទវាយប្រហារគ្រាប់បែកជាបន្តបន្ទាប់កាលពីខែសីហា ឆ្នាំ ២០០៥។
ប្រធានអង្គការ HUJI លោក ម៉ូហ្វទី អាប់ឌុល ហាន់ណាន់ និងដៃគូ ២ នាក់ផ្សេងទៀត ត្រូវបានកាត់ទោសប្រហារជីវិតកាលពីខែមេសាឆ្នាំ ១០១៧ ពីបទរៀបចំវាយប្រហារកាលពីឆ្នាំ ២០០៤ ទៅលើវិហារមូស្លីមស៊ូហ្វី ដែលបានបណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់ និងឧត្តមស្នងការអង់គ្លេសម្នាក់ទៀតប្រចាំនៅក្រុងដាក្កា បានរងរបួស៕ AFP/SK