កាលពី​ថ្ងៃ​សៅរ៍ ទី ៣០ មករា​ជនភៀសខ្លួន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ត្រូវបាន​ផ្លាស់​ទៅ​រស់នៅ​កោះដាច់ស្រយាល​មួយ​នៅ​ឈូង​សមុទ្រ​បេង​ហ្គា​ល់។ ចាប់តាំងពី​ខែធ្នូ ឆ្នាំ ២០២០ ក្រុមរ៉ូ​ហ៊ីងយ៉ា​ប្រមាណ​ជាង ៦ ៧០០ នាក់ ​ត្រូវបាន​ប្រទេស​បង់​ក្លា​ដែ​ស ​ផ្លាស់​ឱ្យទៅ​រស់នៅ​កោះ​Bhasan Char ប្រទេស​បង់​ក្លាដែ​ស។ ក្រុម​សិទ្ធិមនុស្ស​មួយចំនួន​បានធ្វើ​ការរិះគន់​ទៅ​ប្រទេស​បង់​ក្លា ​ដែ​ស​ពាក់ព័ន្ធ​នឹង​ការធ្វើ​បំ​ផ្លាស់​ទីនេះ ដោយសារ​បង់​ក្លា​ដែ​ស​មិនទាន់​ទទួលបាន​ការអនុញ្ញាត​ពី​អង្គការ​សហប្រជាជាតិ​នៅឡើយ​ទេ។

ប្រទេស​បង់​ក្លា​ដែ​ស បាន​បំ​ផ្លាស់​ទី​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ទៅ​កោះដាច់​ស្រយាល​ទោះបីជា​មានការ​រិះគន់​ពី​សំណាក់​ក្រុម​សិទ្ធិមនុស្ស​ក៏ដោយ។ បង់​ក្លា​ដែ​សបាន​លើកឡើងថា ការ​បំ​ផ្លាស់​ទី​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​នេះ​គឺ ធ្វើ​ដោយការស្ម័គ្រចិត្ត​ប៉ុណ្ណោះ​មិនមាន​ការបង្ខំ​ឡើយ។ ការ​បំ​ផ្លាស់​ទី​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដែល​រដ្ឋាភិបាល​បង់​ក្លាដែ​ស​និយាយថា មាន​គោល​បំណង​ដើម្បី​សម្រួល​ដល់​ការ​ប្រមូល​ផ្តុំគ្នា​នៅ​ជំរំ​ជនភៀសខ្លួន​ដែលមាន​ប្រជាជន​ច្រើន។

គួរបញ្ជាក់​ផងដែរ​ថា ក្រុម​រ៉ូហ៊ីង​យ៉ា​គឺជា​ជនជាតិភាគតិចមូស្លីម​ដែល​ពុំមាន​សញ្ជាតិ​ជាក់លាក់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា។ ការជម្លៀស​ក្រុម​ជនជាតិភាគតិច ពី​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ បានចាប់ផ្តើម​នៅ​ឆ្នាំ ២០១៧ នៅពេល​អំពើហិង្សា​បាន​ផ្ទុះឡើង​នៅ​រដ្ឋរ៉ា​ក់​ឃី​ន (Rakhine) ប្រទេស​មីយ៉ាន់​ម៉ា ​ដោយបាន​ជំរុញ​ឱ្យ​មនុស្ស​ជាង ៧៤២ ០០០ នាក់ ​ភៀសខ្លួន​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស។

ក្រុម​អង្គការ​សិ​ទិ្ធ​មនុស្ស​មានការ​ព្រួយបារម្ភ​ពី​ស្ថានភាព និង​បរិយាកាស​រស់នៅ​របស់​ក្រុមរ៉ូ​ហ៊ីង​យ៉ា​នៅ​តំបន់​កោះ​នោះ។ អង្គការសិទ្ធិមនុស្ស​បាន​លើកឡើងថា ការ​បំ​ផ្លាស់​ទី​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​នេះ​ប្រហែលជា​អាចមាន​ការបង្ខំ​ឱ្យ​ផ្លាស់​ទៅ​រស់នៅ​កោះ​ដែល​អាច​ងាយ​នឹងរង​គ្រោះ​ដោយសារ​ទឹកជំនន់។

នៅពេល​ប្រទេស​បង់​ក្លា​ដែ​ស ចាប់ផ្តើម​កម្មវិធី​នេះ​នៅ​ដើមខែ​ធ្នូ ឆ្នាំ ២០២០ អង្គការ​សហ​ប្រជាជាតិបាន​និយាយ​នៅពេលនោះ​ថា ខ្លួន​មិនបាន​ចូលរួម​ក្នុងការរៀបចំ​ការផ្លាស់ប្តូ​រលំ​នៅ​របស់​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​នោះទេ ហើយ​ព័ត៌មាន​ដែល​ទទួលបាន​ទាក់ទង​នឹង​ផែនការ​នេះ គឺ​នៅមានកម្រិត​នៅឡើយ។

បន្ទាប់ពី​បញ្ជូន​ក្រុម​ភៀសខ្លួន​លើក​ទី២ តាម​នាវា​កងទ័ព​ជើងទឹក​នៅឯ​សមុទ្រ​ចិន​ក្រសួង​ការបរទេស​បាន​ប្រឆាំងនឹង​ការលើកឡើង​របស់​អង្គការ​សហ​ប្រជាជាតិ។ ក្រសួងការបរទេស​ប​ង់​ក្លាដែ​សបាន​និយាយថា ការលើកឡើង​របស់​អង្គការ​សហ​ប្រជាជាតិ​​ គឺជា​ព័ត៌មាន​មិន​ពិត និង​បាន​បដិសេធ​ពី​ការចោទប្រកាន់ថា​ជនភៀសខ្លួន​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​នេះ​ត្រូវបាន​បញ្ជូនទៅ​កោះ​នោះ ដោយមាន​ការបង្ខំ។

ជាការ​ឆ្លើយតប​ទៅ​ការលើកឡើង​របស់​អង្គការ​សហ​ប្រជាជាតិ​រដ្ឋមន្ត្រីការបរទេស​បង់​ក្លាដែ​សលោក​ Abdul Momen កាលពី​ខែធ្នូ ឆ្នាំ ២០២០ បាន​និយាយថា អង្គការ​សហ​ប្រជាជាតិ​គួរតែ​ធ្វើការ​វាយតម្លៃ និង​ផ្ទៀងផ្ទាត់​បរិយាកាស​ដែល​ក្រុមរ៉ូ​ហ៊ីង​យ៉ា​រស់នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​របស់​មី​យ៉ាន់​ម៉ា​សិន​មុនពេល​អនុវត្ត​ការវាយតម្លៃ​ការរស់នៅ​របស់​ពួកគេ​នៅ​ Bhasan Char។ នេះ​បើ​យោងតាម​ការរាយការណ៍​របស់​សារព័ត៌មាន Reuters។

ក្រុម​រ៉ូ​ហ៊ីង​យ៉ា​មួយចំនួន​បាន​និយាយថា ការធ្វើការ​បំ​ផ្លាស់​ទី​ទៅ​កោះ​នោះ គឺ​ពួកគាត់​ធ្វើ​ដោយ​បង្ខំចិត្ត​ដោយសារ​នៅ​ជំរំ​ភៀសខ្លួន​ដែល​ពួកគាត់​រស់នៅ​ពីមុន​មាន​អំពើហិង្សា​កើតឡើង ជា​ញឹកញាប់​ដែល​បង្ខំ​ឱ្យមាន​ការសម្រេចចិត្ត​ផ្លាស់​លំនៅ​បែបនេះ។

ការប៉ុនប៉ង​ជាច្រើន​ក្នុងការធ្វើ​មាតុភូមិនិវត្តន៍​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ ប៉ុន្តែ​ទទួលបាន​បរាជ័យ​បន្ទាប់ពី​ជនភៀសខ្លួន​ទាំងនោះ​បាន​និយាយថា ពួកគេ​មានការ​ភ័យខ្លាច​ចំពោះ​ការវិលត្រឡប់​ទៅវិញ។

កាលពី​ខែធ្នូ ឆ្នាំ ២០១៩ អង្គការ​សហប្រជាជាតិក៏បាន​អំពាវនាវ​ឱ្យ​ប្រទេស​មី​យ៉ាន់​ម៉ា ​បញ្ឈប់​ការ​ញុះញង់​ឱ្យមាន​ការ​ស្អប់ខ្ពើម​ប្រឆាំងនឹង​ក្រុម​រ៉ូ​ហ៊ីង​យ៉ា និង​ជនជាតិភាគតិច​ដទៃទៀត។ ការអំពាវនាវ​នេះ​បានបញ្ជាក់​ពី​ការរំលោភ​សិទ្ធិមនុស្ស និង​ការរំលោភបំពាន​ធ្ងន់ធ្ងរ​ដែល​ក្រុមមូស្លីមរ៉ូ​ហ៊ីង​យ៉ា​ និង​ជនជាតិ​ភាគតិច​ដទៃទៀត​រងគ្រោះ​ដោយ​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា៕