មន្ត្រីបាននិយាយថា សមាជិក និងអ្នកគាំទ្ររាប់រយនាក់នៃក្រុមអ៊ិស្លាមនិយម ក្នុងនោះមានមេដឹកនាំដ៏មានឥទ្ធិពលរបស់ខ្លួន ត្រូវបានគេចាប់ខ្លួននៅក្នុងប្រទេសបង់ក្លាដែសកាលពីសប្តាហ៍មុនជុំវិញការតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី កាលពីខែមុន។
ការតវ៉ានៅតាមស្រុកជាច្រើននៅក្នុងប្រទេសបង់ក្លាដែស ភាគច្រើនត្រូវបានដឹកនាំដោយក្រុម Hefazat-e-Islam group ដែលសមាជិករបស់ខ្លួន បានចោទប្រកាន់មេដឹកនាំជាតិនិយមហិណ្ឌូរបស់ឥណ្ឌានេះថា បានបង្កឱ្យមានការបែកបាក់ផ្នែកសាសនា និងរើសអើងប្រឆាំងក្រុមជនភាគតិច ជាពិសេសក្រុមអ្នកកាន់សាសនាមូស្លីម នៅក្នុងប្រទេសរបស់លោក។
អ្នកគាំទ្រ Hefazat យ៉ាងតិច ១៣ នាក់បានស្លាប់ដោយសារប៉ូលិសបាញ់នៅក្នុងអំឡុងបាតុកម្មជាច្រើនថ្ងៃប្រឆាំងនឹងដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃរបស់លោកម៉ូឌី ខណៈដែលពួកគេបានវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិស ១ និងអគាររដ្ឋាភិបាលជាច្រើនទៀត និងបិទផ្លូវហាយវ៉េនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសបង់ក្លាដែស។
នៅក្នុងរដ្ឋធានីដាក្កា ពួកគេ បានប៉ះទង្គិចជាមួយប៉ូលិសនៅខាងក្រៅព្រះវិហារជាតិ Baitul Mukarram របស់ប្រទេសនេះ នៅក្នុងអំឡុងទស្សនកិច្ចនោះ។
លោក Harunur Rashid ជាមន្ត្រីប៉ូលិសជាន់ខ្ពស់ទីក្រុងដាក្កាម្នាក់បាននិយាយថា កាលពីថ្ងៃអាទិត្យលេខារបស់ក្រុមនេះឈ្មោះ Mamunul Haque ត្រូវបានចាប់ខ្លួននៅសាលារៀនមួយ (សាលារៀនអ៊ិស្លាម) នៅក្នុងសង្កាត់ Mohammadpur នៃទីក្រុងដាក្កា។
លោក Haque មានវ័យ ៤៧ ឆ្នាំប្រឈមនឹងការចោទប្រកាន់ពីបទបង្កហិង្សា ប៉ុន្តែប៉ូលិសមិនបានផ្តល់ព័ត៌មានលម្អិតអំពីករណីជាក់លាក់ទេ ឬថាតើការចោទប្រកាន់ទាំងនោះ បានកើតចេញពីដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ឬយ៉ាងណា?
លោក Rashid បានប្រាប់អ្នកកាសែតថា៖ «យើងនឹងធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងគាត់ ចាប់តាំងពីលោក Haque ត្រូវបានគេចោទប្រកាន់ក្នុងករណីជាច្រើនទាក់ទងនឹងការបង្កអំពើហិង្សា»។
ប៉ូលិសបាននិយាយកាលពីថ្ងៃអាទិត្យថា សមាជិក Hefazatចំនួន ២៩៨ នាក់ និងអ្នកគាំទ្រជាច្រើនត្រូវបានគេចាប់ខ្លួននៅក្នុងស្រុក Brahmanbaria ជាទីដែលការបាតុកម្មប្រឆាំងលោក ម៉ូឌី ត្រូវបានធ្វើឡើង។
អធិការរងប៉ូលិសស្រុក Brahmanbaria លោក Mohammad Roish Uddin បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «យើងបានចាប់ខ្លួនពួកគេ ដោយកំណត់អត្តសញ្ញាណពួកគេ តាមរយៈរូបភាពវីដេអូ»។
អ្នកនាំពាក្យ Hefazat លោក Jakaria Noman Foyezi បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាមេដឹកនាំ ២៣ រូបរបស់អង្គការលោកនេះត្រូវបានប៉ូលិសចាប់ឃុំខ្លួន ដោយបានហៅការអះអាងរបស់ប៉ូលិសប្រឆាំងពួកគេថា «មិនពិត និងប្រឌិត»។
នៅក្នុងសុន្ទរកថាមួយនៅកាន់សភាបងក្លាដែសកាលពីដើមខែនេះ លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina បានព្រមានក្រុមនេះ និងក្រុមមេដឹកនាំរបស់ខ្លួនថា ពួកគេនឹងប្រឈមផលវិបាកនានា ប្រសិនបើពួកគេនៅបន្តបង្កអំពើហិង្សាតទៅទៀតនោះ៕