ក្រុងដាក្កាៈ លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស Shei kh Hasina រិះគន់មីយ៉ាន់ម៉ាជុំវិញការពន្យារពេលការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានរត់គេចខ្លួនចេញពីអំពើហិង្សានៅក្នុងប្រទេសក្បែរខាងនោះ។
ជនរ៉ូហ៊ីងយ៉ាប្រហែល ៧៤ ម៉ឺននាក់ បានស្នាក់នៅក្នុងកន្លែងស្អុយកខ្វក់ ក្នុងជំរំពោរពេញទៅដោយមនុស្សណែនណាន់តាន់តាប់នៅបង់ក្លាដែស ក្រោយពីយោធាមីយ៉ាន់ម៉ាបានបណ្តេញពួកគេនៅតាមព្រំដែននៅក្នុងការបង្ក្រាបយ៉ាងឃោរឃៅកាលពីឆ្នាំ ២០១៧។
មានជនភៀសខ្លួនជាច្រើននៅតែភ័យខ្លាចអំពីសុវត្តិភាព របស់ពួកគេ ប្រសិនបើពួកគេបានវិលត្រឡប់ទៅមីយ៉ាន់ម៉ាវិញ ជាទីដែលជនមូស្លីមភាគតិច បានប្រឈមមុខនឹងការបង្រ្កាបយ៉ាងធ្ងន់ធ្ងរ ជាច្រើនទសវត្សរ៍។
ប៉ុន្តែការអត្ថាធិប្បាយរបស់លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែសកាលពីល្ងាចថ្ងៃអាទិត្យ គឺជាសញ្ញាបង្ហាញឲ្យឃើញថា ការអត់ធ្មត់របស់បង់ក្លាដែសនេះ មានដែនកំណត់។
រដ្ឋាភិបាលនៃប្រទេសទាំង ២ បានចុះកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍ជនរ៉ូហ៊ីងយ៉ា កាលពីខែវិច្ឆិកាឆ្នាំ ២០១៧ ប៉ុន្តែជាក់ស្តែងរហូតមកទល់ពេលនេះមិនមានជនរ៉ូហ៊ីងយ៉ាណាម្នាក់បានស្ម័គ្រចិត្តត្រឡប់ទៅមីយ៉ាន់ម៉ាទេ៕ AFP/SK