កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសរៀបចំជំនួយបន្ទាន់សម្រាប់ប្រទេសឥណ្ឌា ខណៈដែលប្រទេសនេះកំពុងដោះស្រាយជាមួយនឹងការកើនឡើងនៃករណីកូវីដ១៩។
កាលពីថ្ងៃទី ២៥ មេសា ក្រសួងការពារជាតិអាល្លឺម៉ង់បាននិយាយថា ខ្លួនកំពុងវាយតម្លៃលទ្ធភាពនៃការផ្តល់ម៉ាស៊ីនអុកស៊ីហ្ស៊ែនចល័ត និងឧបករណ៍វេជ្ជសាស្ត្រផ្សេងទៀតដើម្បីជាជំនួយទៅប្រទេសឥណ្ឌា។
រីឯសហរដ្ឋអាមេរិកវិញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ២៥ មេសាថា សហរដ្ឋអាមេរិកនឹងបញ្ជូនការផ្គត់ផ្គង់វត្ថុធាតុដើមដែលត្រូវការដើម្បីបង្កើតវ៉ាក់សាំង ក៏ដូចជាឧបករណ៍ការពារដល់ប្រទេសឥណ្ឌា។ សហរដ្ឋអាមេរិកបានកំណត់ប្រភពនៃវត្ថុធាតុដើមជាក់លាក់ដែលត្រូវការជាចាំបាច់សម្រាប់ការផលិតវ៉ាក់សាំង Covishield របស់ឥណ្ឌាដែលនឹងត្រូវផ្តល់ជូនសម្រាប់ប្រទេសឥណ្ឌានាពេលខាងមុខ។
ទន្ទឹមនឹងនេះចក្រភពអង់គ្លេសបាននិយាយថា ខ្លួនបានបញ្ជូនគ្រឿងបរិក្ខារពេទ្យជាង ៦០០ ទៅកាន់ប្រទេសឥណ្ឌាក្នុងនោះមានទាំងបំពង់ខ្យល់ និងម៉ាស៊ីនស្រូបយកអុកស៊ីហ្ស៊ែន។ ប្រទេសបារាំងបាននិយាយថា ខ្លួនគ្រោងនឹងគាំទ្រដល់ប្រទេសឥណ្ឌានារយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈដែលប្រទេសរុស្ស៊ីក៏បានសន្យាជួយដល់ប្រទេសឥណ្ឌាតាមរយៈការបញ្ជូនឧបករណ៍វេជ្ជសាស្ត្រ៕