ប្រទេស​ចំនួន ៤៦ កាលពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​ឱ្យ​បណ្តា​រដ្ឋ​សមាជិក​នៃ​អង្គការ​ឃ្លាំមើល​អាវុធ​គីមី​សកល (OPCW) ស្តីបន្ទោស​ប្រទេស​ស៊ីរី​តាមផ្លូវ​ការទូត​ចំពោះ​ការប្រើប្រាស់​ឧស្ម័ន​ពុល និង​ទីភ្នាក់​ប្រព័ន្ធ​ប្រសាទ​នៅក្នុង​សង្គ្រាម​ជាច្រើន​ទសវត្សរ៍​នៅក្នុង​ប្រទេស​នេះ។

លោក​ឯកអគ្គរដ្ឋទូត​បារាំង Luis Vassy បាន​ស្នើឱ្យ​ដកសិទ្ធិ​បោះឆ្នោត​ពី​ប្រទេស​ស៊ីរី​នៅ​ជំនួប​ប្រចាំឆ្នាំ​នៃ​ក្រុម​សមាជិក​នៃ​អង្គការ​ហាមឃាត់​ការប្រើប្រាស់​អាវុធ​គីមី។

លោក Vassy បាន​និយាយថា៖ «យើង​មាន​កាតព្វកិច្ច​ទទួលខុស​ត្រូវ​ចំពោះ​ប្រជាជន​ស៊ីរី»។

សំណើ​ដែលមាន​ការគាំទ្រ​ពី​បណ្តា​ប្រទេស​ដែល​រួមមាន​អាមេរិក ចក្រភព​អង់គ្លេស កាណាដា និង​អូស្ត្រាលី ត្រូវ​បាន​ដាក់ឱ្យ​បោះឆ្នោត​កាលពី​ព្រឹក​ថ្ងៃ​ពុធ។

លោក Vassy បាន​និយាយថា ការប្រើប្រាស់​អាវុធ​គីមី​ហាមឃាត់​របស់​ប្រទេស​ស៊ីរី «មិនអាច​ប្រកែក​បានទេ» លោក​បាន​ស្នើឱ្យ​បណ្តា​រដ្ឋ​សមាជិក​ OPCW ទាំងអស់​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​ក្នុង​ការដកសិទ្ធិ​ពី​ទីក្រុង​ដាម៉ាស ដោយ​និយាយ​ថា «យើង​មិនអាច​អនុញ្ញាត​ឱ្យមាន​ការខ្វែង​គំនិត​គ្នា​ទេ»។

ប្រទេស​ស៊ីរី​ដែល​បាន​ចូលរួម​ជាមួយ​អង្គការ​នេះ​នៅក្នុង​ឆ្នាំ ២០១៣ ក្រោយពី​ត្រូវ​រង​ការគំរាមកំហែង​ពី​ការវាយប្រហារ​ផ្លូវអាកាស​ជា​ការឆ្លើយតប​នឹង​ការវាយប្រហារ​គីមី​ទៅលើ​ជាយក្រុង​ជាច្រើន​នៃ​រដ្ឋធានី​របស់​ប្រទេស​នេះ បានចាត់ទុក​វិធានការ​នេះ​ជា​ឧបករណ៍​ឃោសនា​ និង​បាន​បដិសេធថា​មិនបាន​ប្រើប្រាស់​អាវុធ​គីមី​ទេ។

សម្ព័ន្ធមិត្ត​ស្មោះត្រង់​របស់​ទីក្រុង​ដាម៉ាស​គឺ​រុស្ស៊ី ក៏​បាន​ជំទាស់​នឹង​សំណើ​នេះដែរ ដោយ​លោក​ឯកអគ្គរដ្ឋទូត Alexander Shulgin និយាយថា​សំណើ​នេះ​បាន​រំលោភ​សន្ធិសញ្ញា​អាវុធ​គីមី​ហើយ​ប្រែក្លាយ​ OPCW ឱ្យ​ទៅជា​ឧបករណ៍​នៃ​ការដាក់​សម្ពាធ​នយោបាយ​ក្នុង​នាម​ជា​អាមេរិក​ និង​ក្រុម​សម្ព័ន្ធ​របស់​ពួកគេ​ប្រឆាំង​នឹង​រដ្ឋ​ទាំងឡាយ​ណា​ដែល​មិន​យល់​ស្របតាម​ពួកគេ​នោះ។

លោក Joseph Manso តំណាង​អចិន្ត្រៃយ៍​អាមេរិក​ប្រចាំ​នៅ OPCW បាន​បដិសេធ​ការអះអាង​នោះ ដោយ​បាន​និយាយថា​ទីក្រុង​ដាម៉ាស​កំពុង​ប្រឈម​នឹង​ការទទួល​ខុសត្រូវ​ដោយសារ​ប្រទេស​ស៊ីរី​បាន​រំលោភ​កាតព្វកិច្ច​របស់ខ្លួន​យ៉ាងច្បាស់ និង​ម្តង​ហើយ​ម្តងទៀត នៅ​ក្រោម​សន្ធិសញ្ញា​នេះ។

ក្រោយពី​ចូលរួម​ជាមួយ OPCW ប្រទេស​ស៊ីរី​បាន​ប្រកាស​កន្លែង​ស្តុក​អាវុធ​គីមី​របស់ខ្លួន និង​សារ​ធាតុគីមី​ដែល​សល់​ពីមុន​របស់​ខ្លួន ដែល​ត្រូវបាន​គេ​យក​ចេញពី​ប្រទេស​នេះ។ ទោះបីជា​យ៉ាងណាក៏ដោយ ក៏​នៅ​មាន​ចម្ងល់​ជាច្រើន​អំពី​សារធាតុ​គីមី និង​កន្លែង​ផលិត​នានា ដែល​មិនអាច​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​បាន។

យន្តការ​ស៊ើបអង្កេត​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ OPCW បាន​ស្តីបន្ទោស​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី​ទ្វេដង​ចំពោះ​ការវាយប្រហារ​គីមី៕