ក្រុង​អ៊ីស្តង់​ប៊ុលៈ កាលពី​ថ្ងៃ​ចន្ទ ប្រទេស​តួ​ក​គី បាន​វាយ​ប្រហារ​ចំពោះ​ពាក្យ​សម្តី​ទ្រ​គោះ​បោះ​បោក និង​មិន​អាច​ទទួល​យក​បាន​របស់​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង ដែល​បាន​ចោទ​ប្រកាន់​ប្រធានា​ធិបតី លោក រ៉េសិប តៃយីប អេរដូហ្គែន ពី​បទ​លេង​ល្បែង​នយោបាយ​មួយ​ជុំវិញ​ឃាតកម្ម​លើ​អ្នក​កាសែត​ឈ្មោះ Jamal Khashoggi។

លោក​អេ​រ​ដូ​ហ្គែ​ន បាន​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍​ថា តួ​ក​គី បាន​ចែករំលែក​ការកត់ត្រា​ជាច្រើន​ទាក់​ទង​ទៅ​នឹង​ឃាតកម្ម​លើ​អ្នក​កាសែត​អារ៉ាប៊ី សាអ៊ូឌីត កាល​ពី​ខែ​មុន​ជាមួយ​ក្រុង​រីយ៉ាដ អាមេរិក បារាំង អង់គ្លេស និង​សម្ព័ន្ធ​មិត្ត​ដទៃ​ទៀត ដោយ​មិន​មាន​ការ​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ឃាតកម្ម ដែល​មាន​នៅ​ក្នុង​ខ្សែ​អាត់​នោះ​ឡើយ។

នៅក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ទូរទស្សន៍​បារាំង France 2 កាលពី​ថ្ងៃ​ចន្ទ លោក​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង Jean-Yves Le Drian បាន​ថ្លែង​ថា សម្រាប់​ពេល​បច្ចុប្បន្ន​នេះ លោក មិន​បាន​ដឹង​អំពី​ព័ត៌មាន​ណាមួយ​ដែល​ក្រុង​អង់ការ៉ា​បាន​ផ្តល់​ឲ្យ​នោះ​ទេ។

ដោយ​ត្រូវបាន​សួរថា តើ​លោក​ប្រធានាធិបតី​តួ​ក​គី កំពុង​ភូតកុហក​ឬ? លោក បាន​ឆ្លើយថា លោក​អេរដូហ្គែន មាន​ល្បែង​នយោបាយ​ដើម្បី​លេង​នៅ​ក្នុង​កាលៈ​ទេសៈ​នេះ។

សម្តី​របស់លោក បាន​បង្ក​ឲ្យ​មាន​រឿងរ៉ាវ​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង ក្រុង​អង់កា​រ៉ា៕