ក្រុង​ខារទុំៈ ​អគ្គ​រដ្ឋ​អាជ្ញា​ស្តីទី​របស់​ប្រទេស ​ស៊ូដង់ ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ មេ​ដឹកនាំ​ស៊ូដង់​ ដែល​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​អំណាច​គឺ​លោក ​អូមារ អាល់-​បាសៀរ​ នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​​តុលាការ​នៅ​សប្តាហ៍​នេះ ​ដែល​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​​ប្រកាន់​ពី​បទ​អំពើ​​ពុក​រលួយ ​និង​កាន់​កាប់​រូបិយវត្ថុ​បរទេស​ខុស​ច្បាប់​។​

សេចក្តី​ប្រកាស​នោះ ​បាន​កើត​ឡើង​ជាង ​២ ​ខែ​ ក្រោយ​ពី​យោធា​ បាន​ទម្លាក់​លោក​ អូមារ​ អាល់-​បាសៀរ ​ចេញ​ពី​អំណាច​ បន្ទាប់​ពី​មាន​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​ប្រឆាំង​ការ​គ្រប់គ្រង​កណ្តាប់​ដៃ​ដែក​របស់​លោក​នោះ​។​

លោក​ Al-Waleed Sayyed-Ahmed​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​​​៖ «​លោក​ បាសៀរ​ នឹង​បង្ហាញ​ខ្លួន​នៅ​​តុលាការ​នៅ​សប្តាហ៍​នេះ បន្ទាប់​ពី​រង​​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​​កាន់​កាប់​រូបិយវត្ថុ​បរទេស​ខុស​ច្បាប់​»​ ដោយ​មិន​បាន​បញ្ជាក់​ថ្ងៃ​​ណា​ឲ្យ​បាន​ច្បាស់​នោះ​ទេ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ មន្ត្រី​សូម​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ បាន​ដក​ស្រង់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​សាណា​ផ្លូវ​ការ​ថា​ លោក​បាសៀរ​ កំពុង​ប្រឈម​មុខ​ការ​ចោទ​ប្រកាន់​នានា​ នៅ​ក្នុង​នោះ​មាន ​«​ការ​កាន់​កាប់​​រូបិយវត្ថុ​បរទេស​​ខុស​ច្បាប់​ ដោយ​ទទួល​បាន​ទ្រព្យ​សម្បត្តិ​ដោយ​ខុស​ច្បាប់ និង​ត្រូវ​បាន​គេ​សង្ស័យ​​ និង​​​បាន​បញ្ជា​ឲ្យ​ប្រកាស​អាសន្ន​​នៅ​ក្នុង​ប្រទេស។

កាល​ពី​ខែ​មេសា​ មេ​ដឹកនាំ​កង​ទ័ព​ស៊ូដង់ ​លោក​ឧត្តមសេនីយ៍​ Abdel-Fattah al-Burhan ​បាន​ថ្លែង​ថា​ ប្រាក់​សុទ្ធ​ជាង ​១១៣ ​លាន​ដុល្លារ​ ជា​រូបិយវត្ថុ​បរទេស ​៣ ​ប្រភេទ​ដែល​ ត្រូវ​បាន​រឹប​អូស​ពី​លំនៅឋាន​របស់​លោក​ អូមារ ​អាល់-បាសៀរ​។​

លោក​ឧត្តមសេនីយ៍​ Abdel Fattah al-Burhan ​បាន​ថ្លែង​ថា​ ​ប៉ូលិស​មួយ​ក្រុម​ ក្រុម​ភ្នាក់ងារ​សន្តិសុខ ​និង​យោធា​ បាន​រក​ឃើញ​ប្រាក់​សុទ្ធ​ចំនួន ​៧ ​លាន​អឺរ៉ូ​ (៧,៨ លាន​ដុល្លារ) ​ប្រាក់ ​៣៥ ​ម៉ឺន​ដុល្លារ​ និង​ ​៥ ​ពាន់​លាន​ផោន ស៊ូដង់ (១០៥​ ​លាន​ដុល្លារ)។

លោក ​អូមារ​ អាល់-បាសៀរ​ បាន​ប្រកាស​អាសន្ន​នៅ​ក្នុង​ប្រទេស​​កាល​ពី​ថ្ងៃ​ទី ​២២ ខែ ​កុម្ភៈ ឆ្នាំ ២០១៩​​ ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ ​ដើម្បី​​បង្ក្រាប​ទៅ​លើ​ការ​តវ៉ា​នានា​ ដែល​បាន​ផ្ទុះ​ឡើង​នៅ​ទូទាំង​ប្រទេស ស៊ូដង់​​ កាល​ពី​ខែ​ធ្នូ​នោះ​៕ AFP/SK