ក្រុងកូឡុំបូ៖ បេក្ខជនប្រធានាធិបតីបក្សប្រឆាំងស្រីលង្កា [Sri Lanka Podujana Peramuna (SLPP)] លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាកសា បានប្តេជ្ញាកាលពីថ្ងៃអង្គារថា នឹងរក្សាគោលនយោបាយការបរទេស និងទំនាក់ទំនងមិត្តភាពជាមួយប្រទេសទាំងអស់ ប្រសិនបើលោកឈ្នះការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ១៦ វិច្ឆិកាខាងមុខនេះ។
នៅក្នុងការទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់លោកជាលើកដំបូង ចាប់តាំងពីរៀបចំដាក់ឯកសារបេក្ខភាពរបស់លោកមកនោះ លោក រ៉ាចាប៉ាកសា ដែលជាប្អូនប្រុសរបស់អតីតប្រធានាធិបតីលោក ម៉ាហ៊ីនដា រ៉ាចាប៉ាកសា បានថ្លែងថា លោកនឹងធានាថា ប្រទេស ស្រីលង្កា មិនធ្លាក់ចូលក្នុងអំណាចរបស់ប្រទេសខ្លះនៅក្នុងតំបន់ទេ ហើយលោកនឹងរក្សាគោលនយោបាយមិនចូលបក្សសម្ព័ន្ធ។
លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងក្រុងកូឡុំបូថា៖ «ស្រីលង្កា គឺជាប្រទេសមិត្តភាព ហើយយើងត្រូវជាប្រទេសអព្យាក្រឹត។ យើងត្រូវតែមានភាពប្រាកដនិយម ដូច្នេះសន្មតថា យើងនឹងរក្សាឥរិយាបថមិត្តភាពចំពោះប្រទេសទាំងអស់»។
លោកក៏បានសន្យាថា នឹងជំរុញឲ្យមានការអភិវឌ្ឍទ្រង់ទ្រាយធំ និងទាក់ទាញការវិនិយោគបរទេសផ្ទាល់ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតី៕ Xinhua/PSA