ក្រុង​វ៉ាស៊ីនតោន៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ ដែល​បន្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ ២០២០ ​នេះ​ បាន​ទាមទារ​ឱ្យ​បញ្ឈប់​ការ​បោះ​ឆ្នោត​តាម​ប្រអប់​សំបុត្រ។ ការ​ទាមទារ​របស់​ប្រធានាធិបតី​រូប​នេះ​ធ្វើ​ឡើង​ក្រោម​ហេតុផល​ថា ​របៀប​បោះ​ឆ្នោត​នេះ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ក្លែង​សន្លឹក​ឆ្នោត។

អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា ​លោក ត្រាំ ធ្វើ​បែប​នេះ ​ដើម្បី​កាត់​បន្ថយ​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ឆ្នាំ ​២០២០ ​ដ្បិត​លោក​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ចាញ់​សន្លឹក​ឆ្នោត។

ការ​បោះឆ្នោត​តាម​ប្រអប់​សំបុត្រ​ប្រព្រឹត្ត​ទៅ​ដោយ​ចែក​ចាយ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍ ​ទៅ​ដល់​បុគ្គល​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ក្រោយ​ពី​បាន​គូស​សន្លឹក​ឆ្នោត​រួច អ្នក​បោះ​ឆ្នោត​ត្រូវ​ផ្ញើ​សន្លឹក​ឆ្នោត​នោះ​ឱ្យ​ទៅ​អាជ្ញាធរ​រៀបចំ​ការ​បោះ​ឆ្នោត​វិញ​។

កន្លង​មក​រដ្ឋ​ទាំង ​៥០ ​របស់​អាមេរិក​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​ប្រអប់​សំបុត្រ​នេះ ​ចំពោះ​បុគ្គល​ដែល​មាន​លក្ខខណ្ឌ​ពិសេស​ដូច​ជា​ទាហាន​ត្រូវ​ឈរ​ជើង​នៅ​បរទេស ​ឬ​ក៏​ពលរដ្ឋ​អាមេរិក​ណា​ដែល​មិន​អាច​វិល​ត្រឡប់​មក​បោះ​ឆ្នោត​វិញ​ បាន​ទាន់​ពេល​ឬ​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​ប្រែប្រួល​ទៅ​តាម​រដ្ឋ​នីមួយៗ។ ប៉ុន្តែ​ដោយសារ​ការ​រាល​ដាល​នៃ​ជំងឺ​​កូវីដ ១៩ រដ្ឋ​ភាគ​ច្រើន​បាន​ពង្រីក​សិទ្ធិ​ឱ្យ​ប្រជាជន​ទូទៅ​បោះឆ្នោត​តាម​របៀប​នេះ ​ដើម្បី​ការពារ​ការ​រីក​រាលដាល​ជំងឺ​កូវីដ។

នៅ​ថ្ងៃទី ២​ ខែកញ្ញា​ រដ្ឋ North Carolina ក្លាយ​ជា​រដ្ឋ​ដំបូង​គេ​ដែល​បាន​បញ្ជូន​សន្លឹក​ឆ្នោត​ទៅ​ពលរដ្ឋ​ក្នុង​រដូវ​កាល​បោះ​ឆ្នោត​ឆ្នាំ ២០២០ នេះ។ រដ្ឋ​ទាំងអស់​បើក​ទទួល​សន្លឹក​ឆ្នោត​វិញ ចាប់​ពី​ថ្ងៃ​ចែក​សន្លឹក​ឆ្នោត​រហូត​ដល់​ថ្ងៃ ៣ ​ខែ​វិច្ឆិកា​តែ​រដ្ឋ​មួយ​ចំនួន​ដូច​ជា Pennsylvania និង Michigan មាន​ច្បាប់​ហាម​មិន​ឱ្យ​រាប់​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រអប់​សំបុត្រ​មុន​ថ្ងៃ​បោះ​ឆ្នោត​ទេ។

ត្រឹម​ថ្ងៃ ​២៥​ ខែកញ្ញា​ រដ្ឋ​ចំនួន ​៩ និង​រដ្ឋធានី​វ៉ាស៊ីនតោន​(ខៀវ=៧ ក្រហម=១ ស=២) បាន​សម្រេច​ប្រើ​ការ​បោះ​ឆ្នោត​តាម​ប្រអប់​សំបុត្រ​ជា​សកល ដែល​មាន​ន័យ​ថា ពលរដ្ឋ​គ្រប់​រូប​ក្នុង​តំបន់​ទាំង​នេះ​នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍។ (រដ្ឋខៀវ=រដ្ឋ​ដែល​លម្អៀង​ទៅ​រក​បក្ស​ប្រជាធិបតេយ្យ។​ រដ្ឋ​ក្រហម=​រដ្ឋ​ដែល​លម្អៀង​ទៅ​រក​គណបក្ស​សាធារណរដ្ឋ។​ រដ្ឋស=រដ្ឋ​ដែល​ទទួល​ឥទ្ធិពល​ប្រហាក់​ប្រហែល​គ្នា​ពី​បក្ស​ទាំង ២​ ឬ​គេ​ហៅ​ថា ​Swing State)

រដ្ឋ​ចំនួន ២៤ ​(រដ្ឋខៀវ=៣ ​រដ្ឋក្រហម=១៥ រដ្ឋស=៦) បើក​សិទ្ធិ​ឱ្យ​ប្រជាជន​បោះ​ឆ្នោត​តាម​ប្រអប់​សំបុត្រ​ដោយ​មិន​ចាំបាច់​ដាក់​ពាក្យ​ស្នើ​សុំ។ ​រដ្ឋ​ចំនួន ១២ ​ផ្សេង​ទៀត (រដ្ឋ​ខៀវ=៦ រដ្ឋ​ក្រហម=៣ ​រដ្ឋស=៣) ​ទាមទារ​ឱ្យ​ពលរដ្ឋ​ដាក់​ពាក្យ​ស្នើ​សុំ ​ដើម្បី​ទទួល​បាន​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ។ ​មាន​តែ​រដ្ឋ​ចំនួន ៥ ​(រដ្ឋ​ក្រហម=៥) ប៉ុណ្ណោះ ដែល​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​បោះឆ្នោត​តាម​ប្រអប់​សំបុត្រ ដោយសារ​ជំងឺ COVID-19។

យ៉ាង​ណា​មិញ លោក ត្រាំ បាន​ខិតខំ​ប្រឹង​បន្ថយ​ល្បឿន​នៃ​ការ​ពង្រីក​ការ​បោះ​ឆ្នោត​តាម​ប្រអប់​សំបុត្រ​នេះ ​ចំពោះ​ពលរដ្ឋ​ទូទៅ ដោយ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​លើ​កម្មវិធី​បោះឆ្នោត​តាម​ប្រអប់​សំបុត្រ​ជា​សកល​របស់​រដ្ឋ Nevada និង​រដ្ឋ New Jersey ដោយ​បាន​លើក​ឡើង​ថា រដ្ឋ​ទាំង ២ ​បាន​រំលោភ​រដ្ឋ​ធម្មនុញ្ញ។

កាល​ពី​ខែសីហា​ សភារដ្ឋ Nevada បាន​អនុម័ត​ច្បាប់​លេខ ​AB-4 ដែល​តម្រូវ​ឱ្យ​ពលរដ្ឋ Nevada គ្រប់​រូប​ទទួល​សន្លឹក​ឆ្នោត​តាម​សំបុត្រ។ មេធាវី​លោក ត្រាំ បាន​ជំទាស់​ថា​ ច្បាប់​នេះ​រំលោភ​រដ្ឋ​ធម្មនុញ្ញ​សហរដ្ឋ​អាមេរិក។ ចៅក្រម​សាលា​ដំបូង​បាន​ឯកភាព​ជាមួយ​រដ្ឋ​អាជ្ញា​រដ្ឋ Nevada ថា ​ការ​តវ៉ា​របស់​លោក ត្រាំ គ្មាន​មូលដ្ឋាន និង​បាន​បិទ​បញ្ចប់​បណ្ដឹង​នៅ​តុលាការ​ដំបូង ប៉ុន្តែ​ទុក​ពេល ១០ ​ថ្ងៃ​សម្រាប់​ប្ដឹង​បន្ត​ទៅ​តុលាការ​ឧទ្ធរណ៍។

លោក ​ត្រាំ ក៏​បាន​ប្ដឹង​ជំទាស់​បទ​បញ្ជា (Executive Order) របស់​អភិបាល​រដ្ឋ New Jersey លោក Phil Murphy ដោយ​បាន​លើក​ឡើង​ថា បទ​បញ្ជា​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ឡើយ។ កាល​ពី​ខែ​មុន​លោក Murphy បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​តម្រូវ​ឱ្យ​ពលរដ្ឋ​នៃ​រដ្ឋ New Jersey ភាគ​ច្រើន​បោះឆ្នោត​តាម​ប្រអប់​សំបុត្រ ហើយ​ក្រោយ​ពី​លោក ត្រាំ​ ​បាន​ដាក់​បណ្ដឹង​សភា​រដ្ឋ ​New Jersey ក៏​បាន​អនុម័ត​បទ​បញ្ជា​នេះ​ឱ្យ​ក្លាយ​ទៅជា​ច្បាប់​តែ​ម្តង។ បណ្ដឹង​របស់​លោក ត្រាំ មិន​ដំណើរ​ការ​ទៅ​មុខ​ដោយសារ​ការ​អនុម័ត​នេះ​តែ​ក្រុម​មេធាវី​របស់​លោក​បាន​កែ​សម្រួល​ពាក្យ​បណ្ដឹង​រង់ចាំ​ការ​សម្រេច​របស់​ចៅក្រម។

ក្រៅ​ពី​នេះ ​លោក ត្រាំ បាន​ប្ដឹង​កម្មវិធី​ប្រមូល​សន្លឹក​ឆ្នោត​តាម​ប្រអប់​សុវត្ថិភាព​ដាក់​នៅ​តាម​ស្រុក​របស់​រដ្ឋ Pennsylvania ដោយ​បាន​អះអាង​ថា ការ​ធ្វើ​បែប​នេះ​គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ការ​បោះ​ឆ្នោត និង​រំលោភ​សិទ្ធិ​អ្នក​បោះ​ឆ្នោត។ រឿង​ក្ដី​នេះ​ត្រូវ​បាន​ពន្យារ​ដល់​ថ្ងៃទី ៥ ខែ​តុលា ដោយសារ​ចៅក្រម​សាលា​ដំបូង ​US ​កំពុង​រង់ចាំ​ការ​សម្រេច​រឿង​ក្ដី​របស់​តុលាការ​រដ្ឋ Pennsylvania។

មក​ដល់​សព្វ​ថ្ងៃ​លោក ត្រាំ​ មិន​មាន​ភ័ស្តុតាង​ច្បាស់លាស់​ថា ​មាន​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ។ ​ការ​ប្ដឹង​របស់​លោក​នៅ​រដ្ឋ​មួយ​ចំនួន​មិន​មាន​ការ​ទៅ​មុខ ហើយ​បើ​សិន​លោក​ចង់​បញ្ឈប់​ការ​បោះឆ្នោត​របៀប​នេះ​​ លោក​នឹង​ត្រូវ​ទៅ​ប្ដឹង​តវ៉ា​នៅ​គ្រប់ ៥០ រដ្ឋ ខណៈ​មាន​តែ​រដ្ឋ​ចំនួន ៥ ទេ ​ដែល​មិនព្រម​ពង្រីក​ការ​បោះ​ឆ្នោត​តាម​ប្រអប់​សំបុត្រ ដោយសារ​ការ​រាល​ដាល​​ជំងឺ ​COVID-19 ធៀប​នឹង​រដ្ឋ​ចំនួន ​៤៥ ​ផ្សេង​ទៀត​ដែល​បាន​ពង្រីក​សិទ្ធិ​ឱ្យ​ប្រជាជន​បោះ​ឆ្នោត​តាម​របៀប​នេះ។ ដូច្នេះ​មាន​ភាគរយ​ទាប​ណាស់​ដែល​លោក ត្រាំ អាច​តវ៉ា​បញ្ឈប់​របៀប​បោះ​ឆ្នោត​នេះ​ដោយ​ជោគជ័យ​មុន​ថ្ងៃទី ​៣ ​វិច្ឆិកា។

តាក់ទិច​ដើម្បី​បន្ត​ធ្វើ​ជា​ប្រធានាធិបតី​

ក្នុង​អត្ថបទ​វិភាគ​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី ​Newsweek អតីត​សមាជិក​ព្រឹទ្ធសភា​លោក Timothy E. Wirth និង​អ្នក​វិភាគ​នៅ Newsweek លោក Tom Rogers បាន​លើក​ឡើង​អំពី​សេណារីយ៉ូ​មួយ​ថា​ លោក Joe Biden នឹង​ឈ្នះ​ឆ្នោត​នៅ​រដ្ឋ​សំខាន់ៗ​ចំនួន ​៤ Arizna Wisconsin Michigan និង Pennsylvania ​ដែល​មាន​សភា​គ្រប់គ្រង​ដោយ​បក្ស​សាធារណ​រដ្ឋ។ ប៉ុន្តែ លោក ត្រាំ អាច​នឹង​ប្រើ​តាក់ទិច​មួយ​ដែល​ធ្វើ​ឲ្យ​លទ្ធផល​ដែល​គាត់​ចាញ់​ឆ្នោត​នៅ​ក្នុង​រដ្ឋ​ទាំង ៤ ​ខាង​លើ​នេះ ​ក្លាយ​ជា​ចំណុច​ដែល​ជួយ​គាត់​ឲ្យ​បន្ត​ធ្វើ​ជា​ប្រធានាធិបតី​វិញ​បាន។

តាក់ទិច​នេះ​ គឺ​ថា​លោក ត្រាំ ដែល​នៅ​ជា​ប្រធានាធិបតី​ក្នុង​តំណែង​នៅ​ឡើយ​នឹង​ប្រកាស​ការ​ស៊ើប​អង្កេត​ទាក់ទង​សន្តិសុខ​ជាតិ​ទៅ​លើ​ការ​លូក​ដៃ​របស់​តួ​អង្គ​បរទេស​ចូល​ក្នុង​ការ​បោះឆ្នោត​តាម​ប្រអប់​សំបុត្រ។ សភា​សាធារណរដ្ឋ​ក្នុង​រដ្ឋ​ទាំង ៤ ប្រកាស​ផ្អាក​ការ​បញ្ជូន​អ្នក​តំណាង​សន្លឹក​ឆ្នោត​ទៅ ​Electoral College លុះត្រា​តែ​ការ​ស៊ើប​អង្កេត​ត្រូវ​បាន​បញ្ចប់។ បក្ស​ប្រជាធិបតេយ្យ​នឹង​ប្ដឹង​តវ៉ា​ឱ្យ​រដ្ឋ​ទាំង ​៤ ឈប់​ការ​ផ្អាក​បញ្ជូន​អ្នក​តំណាង​សន្លឹក​ឆ្នោត។ ​បណ្ដឹង​នឹង​ទៅ​ដល់​តុលាការ​កំពូល​ដែល​អាច​នឹង​បន្ត​ការ​ផ្អាក​របស់​រដ្ឋ​ទាំង ​៤ រហូត​ដល់​ការ​បញ្ចប់​ការ​ស៊ើប​អង្កេត​អាច​នឹង​ហួស​ថ្ងៃ​ជំនួប Electoral College ធ្វើ​ឱ្យ​សំឡេង​ឆ្នោត​ពី​រដ្ឋ​ទាំង ​៤​ត្រូវ​បាន​ទុក​ជា​មោឃៈ។ ដោយសារ​បាត់បង់​សំឡេង​ពី​រដ្ឋ​ទាំង ​៤ ​គ្មាន​បេក្ខជន​ណា​មួយ​ទទួល​បាន​សំឡេង​គ្រប់ ២៧០។

តាម​រដ្ឋ​ធម្មនុញ្ញ​អាមេរិក​បើ​សិន​ជា​បេក្ខជន​ណា​មួយ​មិន​ទទួល​បាន ២៧០ សំឡេង ពី Electoral College ទេ នោះ​សភា​តំណាងរាស្រ្ត​នឹង​បោះឆ្នោត​ជ្រើស​តាំង​ប្រធានាធិបតី​ហើយ​ព្រឹទ្ធសភា​បោះឆ្នោត​ជ្រើស​តាំង​អនុប្រធានាធិបតី​ តែ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រធានាធិបតី​នៅ​សភា​តំណាង​រាស្រ្ត​ គឺ​ប្រព្រឹត្ត​ទៅ​ដោយ​បែង​ចែក​សមាជិក​ទៅ​តាម​រដ្ឋ​ដែល​ពួក​គេ​តំណាង​ហើយ​ក្រុម​នីមួយៗ​មាន​សំឡេង​បោះឆ្នោត​តែ ​១ ​គត់ ដែល​សរុប​មាន​តែ ​៥០ ​សំឡេង​ប៉ុណ្ណោះ។ ​រីឯ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​អនុប្រធានាធិបតី​នៅ​ព្រឹទ្ធសភា​វិញ​សមាជិក​ទាំង​អស់​មាន​សំឡេង​ក្នុង​ការ​បោះឆ្នោត​សរុប ​១០០ សំឡេង។

សម្រាប់​អាណត្តិ​បច្ចុប្បន្ន​បក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគ​ច្រើន ​២៣២ ​ធៀប​នឹង ​សំឡេង ១៩៨ របស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​សភា​តំណាងរាស្ត្រ ​តែ​បើ​សិន​បែងចែក​សមាជិក​ទៅ​តាម​រដ្ឋ​ដែល​ពួក​គេ​តំណាង​គណបក្ស​សាធារណរដ្ឋ​មាន​ក្រុម​ចំនួន ​២៦ ​ហើយ​បក្ស​ប្រជាធិបតេយ្យ​មាន ​២៤ ​ក្រុម។ រី​ឯ​នៅ​ព្រឹទ្ធសភា​វិញ​បក្ស​សាធារណរដ្ឋ​មាន​សំឡេង​ភាគ​ច្រើន ​៥៣ ​ធៀប​នឹង ​៤៧ សំឡេង​របស់​គណបក្ស​ប្រជាធិបតេយ្យ​។ សេណារីយ៉ូ​ត្រូវ​បាន​បញ្ចប់​ដោយ​លោក ត្រាំ ត្រូវ​បាន​សភា​តំណាងរាស្រ្ត​បោះ​ឆ្នោត​ឱ្យ​បន្ត​តំណែង​ជា​ប្រធានាធិបតី។

ដើម្បី​ឱ្យ​សេណារីយ៉ូ​នេះ​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ជោគជ័យ​លោក ដូណាល់ ត្រាំ ត្រូវ​ការ​ការ​គាំទ្រ​ពី​តុលាការ​កំពូល​អាមេរិក។ ជា​ហេតុ​គេ​សង្កេត​ឃើញ​ថា ​លោក ត្រាំ និង​ព្រឹទ្ធសភា​ប្រញាប់​ប្រញាល់​ជ្រើស​តាំង​ចៅក្រម​ថ្មី​ក្រោយ​ពី​មរណភាព​របស់​លោក​ស្រី Ruth Bader Ginsberg។ បេក្ខជន​ចៅ​ក្រម​តុលាការ​កំពូល​របស់​លោក ដូណាល់ ត្រាំ ​គឺ​លោកស្រី Amy Coney Barret ដែល​ជា​ចៅក្រម​អភិរក្ស​និយម​ដែល​លោក ត្រាំ បាន​ជ្រើស​តាំង​ទៅ​តុលាការ​ឧទ្ធរណ៍​កាល​ពី​ឆ្នាំ ២០១៧។

គួរ​បញ្ជាក់​ថា ​ការ​រៀបចំ​ការ​បោះឆ្នោត ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋ​នីមួយៗ និង​តែងតែ​មាន​វិធី​បោះ​ឆ្នោត ​និង​ច្បាប់​បោះ​ឆ្នោត​ខុសៗ​គ្នា។ ចំពោះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​វិញ ​គេ​ប្រើ​ប្រព័ន្ធ Electoral College ដែល​រដ្ឋ​នីមួយៗ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​សំឡេង​ឆ្នោត​សមាមាត្រ​នឹង​ចំនួន​ប្រជាជន​ដែល​សំឡេង​សរុប​មាន ​៥៣៨។ ក្រោយ​ពី​ការ​បោះឆ្នោត​​ខែ​វិច្ឆិកា ​គេ​នឹង​មាន​ការ​ជួប​ប្រជុំ Electoral College នៅ​ខែ​ធ្នូ ​ដែល​រដ្ឋ​នីមួយៗ​ត្រូវ​បញ្ជូន​តំណាង​សន្លឹក​ឆ្នោត​ស្មើ​នឹង​ចំនួន​សំឡេង​របស់​រដ្ឋ។ ​ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​បេក្ខជន​ត្រូវ​តែ​ទទួល​សំឡេង​ភាគ​ច្រើន ២៧០​ ក្រោយ​កិច្ច​ប្រជុំ Electoral College។

រដ្ឋ​ចំនួន ​៣៨ ​មាន​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ការ​បោះ​ឆ្នោត ​(Secretary of State) ១ ​រូបៗ សម្រាប់​ដឹកនាំ​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​រដ្ឋ​ចំនួន​ ១២ ​ផ្សេង​ទៀត ​មាន​គណ:​កម្មការ​រៀបចំ​ការ​បោះឆ្នោត​ប្រចាំ​រដ្ឋ​នីមួយៗ។ ប៉ុន្តែ​អភិបាល និង​សភា​រដ្ឋ​នៅ​តែ​មាន​ឥទ្ធិពល​លើ​ស្ថាប័ន​ទាំង​នេះ៕