កាល​ថ្ងៃ​អាទិត្យ ទី ​១៣ ធ្នូ ​ប្រទេស​បារ៉ែន ​ដែល​ស្ថិត​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​ឈូង​សមុទ្រ​ពែរ្ស ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជាទូ​ទៅ​នូវ​វ៉ាក់សាំង ​BBIBP-CorV ដែល​វ៉ាក់សាំង​នេះ ​គឺ​ផលិត​ដោយ​ក្រុមហ៊ុន​របស់​រដ្ឋ​ចិន ​Sinopharm/Beijing ​Institute of Biological Products។

សេចក្ដី​ថ្លែងការណ៍​របស់​អាជ្ញាធរ​និយតកម្ម​សុខាភិបាល​ជាតិ​បារ៉ែន​វ៉ាក់សាំង​នេះ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ដោយ​ផ្អែក​លើ​ទិន្នន័យ​ការ​សាកល្បង​ដំណាក់​កាល​ទី៣ របស់​ប្រទេស​អារ៉ាប់រួម​ ដែល​បង្ហាញ​ថា​ប្រសិទ្ធភាព​ ៨៦% ​និង​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ។

រី​ឯ​ក្រសួង​សុខាភិបាល​បារ៉ែន​វិញ​ បាន​ប្រកាស​ថា​ ពួក​គេ​បាន​បង្កើត​ការ​ចុះ​ឈ្មោះ​តាម​អ៊ីនធឺណិត​សម្រាប់​ពលរដ្ឋ​ និង​ជន​មាន​សិទ្ធិ​រស់នៅ ដែល​មាន​អាយុ​លើស​ពី ​១៨ ឆ្នាំ​ ដើម្បី​ទទួល​​បាន​វ៉ាក់សាំង​។

កាល​ពី​ខែ​កក្កដា​ អារ៉ាប់​រួម​បាន​ពង្រីក​ការ​ធ្វើ​ការ​សាកល្បង​ដំណាក់កាលទី៣ ​របស់​ពួក​គេ​ទៅ​កាន់​បារ៉ែន ​ហ្ស៊កដានី ​និង​អេហ្ស៊ីប។ ​អារ៉ាប់រួម​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​​ក្នុង​គ្រាអាសន្ន​កាល​ពី​ខែកញ្ញា ហើយ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ពេញ​​លេញ​នៅ​ថ្ងៃទី ៩ ​ខែ​ធ្នូ ​ក្រោយ​ពី​បាន​រក​ឃើញ​ថា​ មាន​ប្រសិទ្ធ​ភាព ​៨៦%។

មក​​ដល់​ពេល​នេះ​មាន​តែ​បារ៉ែន​ និង​អារ៉ាប់​រួម​ទេ ​ដែល​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ពេញ​លេញ។ ប្រទេស​ចិន​ បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​​​ក្នុង​គ្រាអាសន្ន​ប៉ុណ្ណោះ ហើយ​មិន​ទាន់​​បាន​អនុញ្ញាត​ពេញ​លេញ​នៅ​ឡើយ​។

ការ​ប្រកាស​ឱ្យ​ប្រើប្រាស់​នៅ​បារ៉ែន​ គឺ​កើត​ឡើង​ស្រប​ពេល​នឹង​ការ​ប្រកាស​​របស់​រដ្ឋាភិបាល​ប៉េរូ​ថា ​នឹង​ផ្អាក​ការ​សាកល្បង​វ៉ាក់សាំង ​Sinopharm ក្រោយ​ពី​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​បាន​ប្រតិកម្ម​មិន​ល្អ​នឹង​វ៉ាក់សាំង​នេះ ​ដោយ​មាន​រោគសញ្ញា​បាត់បង់​កម្លាំង​នៅ​ជើង ​​និង​រោគសញ្ញា​ជា​ច្រើន​ទៀត។ ​ដោយសារ​ Sinopharm ​មាន​ការ​សាកល្បង​វ៉ាក់សាំង​ចំនួន ​២ នៅ​ពេល​តែ​មួយ ដែល​វ៉ាក់សាំង​ ១ ទៀត​ផលិត​ជាមួយ​ Wuhan Institute of Biological Products ​ហើយ​រួម​ជាមួយ​រដ្ឋាភិបាល​ប៉េរូ មិន​បាន​ធ្វើ​ការ​បញ្ជាក់​ធ្វើ​ឱ្យ​គេ​មិន​ទាន់​ដឹង​ថា ​ជន​ស្ម័គ្រចិត្ត ១ ​រូប​នេះ​ទទួល​វ៉ាក់សាំង​​មួយ​ណា​ទេ។

ក្រសួង​សុខាភិបាល​ប៉េរូ​ បាន​សរសេរ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ ​«ការ​សម្រេច​ចិត្ត​ផ្អាក​ការ​សាកល្បង​ជា​បណ្ដោះអាសន្ន ​គឺ​ជា​វិធានការ​សុវត្ថិភាព​ដែល​បាន​ចែង​នៅ​ក្នុង​បទប្បញ្ញត្តិ​សម្រាប់​ការ​សាកល្បង​ និង​ពិធីសារ​ដែល​បាន​បង្កើត​ឡើង ​ដើម្បី​ការពារ​សុខភាព​របស់​ជន​ស្ម័គ្រ​ចិត្ត​ស្រាវជ្រាវ​»។

ក្រសួង​សុខាភិបាល​ប៉េរូ​ក៏​បាន​ប្រកាស​ថា​ ព្រឹត្តិការណ៍​នេះ​គឺ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ដើម្បី​កំណត់​ថា ​តើ​មាន​​ទាក់ទង​នឹង​វ៉ាក់សាំង ​ឬ​មាន​ហេតុផល​អ្វី​ផ្សេង​ទៀត។

យ៉ាងណា​មិញ​ក្រៅ​ពី​វ៉ាក់សាំង ​Sinopharm ​បារ៉ែន​ក៏​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់ Pfizer/BioNTech ​ពេញ​លេញ​ផង​ដែរ។​ ប្រទេស​ជិត​ខាង​របស់​បារ៉ែន អារ៉ាប៊ី សាអ៊ូឌីត ​ក៏​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ពេញលេញ។ ​

នៅពេល​បច្ចុប្បន្ន​វ៉ាក់សាំង ​Pfizer ​គឺ​ជា​វ៉ាក់សាំង​​​ពេញ​និយម​ជាង​គេ​ដែល​រួម​មាន​​ទាំង​ប្រទេស​ខាង​លើ ​អាមេរិក​ កាណាដា​ ម៉ិកស៊ិក ចក្រភព​អង់គ្លេស ​គុយវ៉ែត​ និង​ថ្មីៗ​នេះ​សិង្ហបុរី។​ នៅ​សហរដ្ឋ​អាមេរិក​ការ​ចាក់​វ៉ាក់សាំង​ដំបូង​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ចន្ទ​ទី ១៤ ​ធ្នូ ដោយ​ផ្ដល់​អាទិភាព​ដល់​វេជ្ជបណ្ឌិត ​និង​​បុគ្គលិក​សុខាភិបាល​ដែល​ប្រឈម​មុខ​នឹង​ហានិភ័យ​ឆ្លង​ខ្ពស់​៕