ក្រុងរ៉ាម៉ាល់ឡាហ៍៖ មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនម្នាក់កាលពីថ្ងៃចន្ទ បានចោទប្រកាន់អ៊ីស្រាអែលពីបទរារាំងមិនឲ្យសាងសង់តំបន់ឧស្សាហកម្មនៅក្នុងតំបន់វ៉េសប៊ែង តាមរយៈការរឹបអូសយកដី ដោយមានបំណងចង់ធ្វើការពង្រីកសាងសង់លំនៅឋាននៅទីនោះ។
រដ្ឋមន្ត្រីសេដ្ឋកិច្ចប៉ាឡេស្ទីនលោក ហ្គាលីដ អាល់-អូសៃលី បានថ្លែងប្រាប់កាសែតស៊ីនហួថា អាជ្ញាធរអ៊ីស្រាអែលកំពុងបង្កឧបសគ្គនៅក្នុងមធ្យោបាយ នៃការបង្កើត «តំបន់ឧស្សាហកម្មតារហ្គូមៀ» នៅក្នុងតំបន់វ៉េសប៊ែងភាគខាងត្បូង។
រដ្ឋាភិបាលប៉ាឡេស្ទីន កំពុងជំរុញឲ្យបានមុនជាមួយនឹងគម្រោងរបស់ខ្លួន ជុំវិញការដកសេដ្ឋកិច្ចចេញពីអ៊ីស្រាអែលតាមរយៈការសាងសង់តំបន់ឧស្សាហកម្មខ្លះនៅពាសពេញតំបន់វ៉េសប៊ែង។
អាជ្ញាធរប៉ាឡេស្ទីនបច្ចុប្បន្នកំពុងផ្តួចផ្តើមគំនិតបង់ពន្ធ រួមមានការមិនជាប់កាតព្វកិច្ចពន្ធវីអេធី (VAT) និងការអនុម័តច្បាប់ស្វាគមន៍អ្នកវិនិយោគសម្រាប់ក្រុមអ្នកវិនិយោគ ដើម្បីលើកទឹកចិត្តគម្រោងមួយចំនួននៅក្នុងតំបន់ឧស្សាហកម្មនៅក្នុងតំបន់វ៉េសប៊ែង។
រដ្ឋមន្ត្រីប៉ាឡេស្ទីនបានរិះគន់គម្រោងរបស់អ៊ីស្រាអែល ដើម្បីសាងសង់តំបន់ឧស្សាហកម្មមួយកន្លែង នៅលើទឹកដីប៉ាឡេស្ទីននៅភូមិស្ស៊ូហ្វា នៅជិតទីក្រុងទូលការីម នៃតំបន់វ៉េសប៊ែងភាគខាងជើង។
លោកបានថ្លែងថា៖ «បញ្ហានេះ មិនអាចទទួលយកបានជាដាច់ខាត និងជារឿងខុសច្បាប់ហើយត្រូវបានធ្វើឡើងដោយបង្ខំ ដូច្នេះយើងនឹងមិនទទួលយកនោះទេ»។
លោក ហ្វូហ្សាត ដ្រូ ប៊ី ជាប្រធានក្រុមប្រឹក្សាភូមិស្ស៊ូហ្វាបានថ្លែងថា អាជ្ញាធរអ៊ីស្រាអែលបានជូនដំណឹងទៅក្រុមប្រឹក្សាភូមិ អំពីការសម្រេចចិត្តរបស់ខ្លួនដកហូតយកតំបន់ដីកសិកម្មមួយចំនួនធំ ដើម្បីសាងសង់តំបន់ឧស្សាហកម្មមួយនៅលើទឹកដីរបស់ខ្លួន។
លោក ហ្វូហ្សាតដ្រូប៊ី បានបន្ថែមថា ក្រុមម្ចាស់ដីមួយចំនួនត្រូវបានផ្តល់ពេល ៦០ ថ្ងៃ ដើម្បីប្រឆាំងជំទាស់ចំពោះការសម្រេចចិត្តនោះ។
លោក ហ្វូហ្សាត ដ្រូប៊ី បានបញ្ជាក់ថា ក្រុមអ្នកភូមិបានបង្ហាញអំពីឯកសារកម្មសិទ្ធិដីរបស់ពួកគេ តាមរយៈអាជ្ញាធរប៉ាឡេស្ទីន ហើយក្រុមអង្គការក្រៅរដ្ឋាភិបាលខ្លះបានផ្តល់ជំនួយស្របច្បាប់ជូនពួកគេ។
យោងតាមលោក ហ្វូហ្សាត ដ្រូ ប៊ី ដែលបានពន្យល់ថា ភូមិទាំងមូលបានធ្លាក់ចូលទៅក្នុងតំបន់ C (Area C) នៃតំបន់វ៉េសបែង ហើយលោកបានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនប្រហែល ៣ ០០០ នាក់រស់នៅក្នុងភូមិស្ស៊ូហ្វា ដែលនៅពាសពេញតំបន់មួយមានដីផ្ទៃក្រឡាចំនួន ១១ គីឡូម៉ែត្រការ៉េ ហើយប្រសិនបើការសម្រេចចិត្តរបស់ពួកគេប្រគល់ទៅឲ្យអ៊ីស្រាអែលមែននោះ ភូមិមួយនេះនឹងនៅសល់ផ្ទៃដីក្នុងតំបន់ចំនួន ០,៧ គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះ៕ Xinhua/SK