ក្រុង​ហ៊្សេរុយ​សាឡិមៈ​ យោ​ធា​អ៊ី​ស្រាអែល​បាន​ថ្លែង​ថា ​ក្រុម​ពល​រដ្ឋ​ប៉ាឡេ​ស្ទីន​នៅ​ក្នុង​តំបន់​ហ្គាហ្សា​បាន​បាញ់​រ៉ុក្កែត​ ៣ គ្រាប់ ​ចូល​ទៅ​ក្នុង​ទឹក​ដី​អ៊ី​ស្រាអែល​ភាគ​ខាង​ត្បូង​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ហើយ​ជា​ការ​វាយ​ប្រហារ​លើក​ទី​២​​ នៅ​ក្នុង​រយៈ​ពេល​ ២៤​ ម៉ោង​។​

​សេចក្តី​ថ្លែង​ការណ៍​នៅ​ក្នុង​ WhatsApp ​ជា​ភាសា​អង់​គ្លេសបាន​ថ្លែង​ថា​៖ «​រ៉ុក្កែត​ ៣ ​គ្រាប់​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​បាន​បាញ់​ចេញ​ពី​តំបន់​ហ្គាហ្សា​ចូល​ទៅ​ក្នុង​ទឹក​ដី​អ៊ី​ស្រាអែល​» ​«ហើយ​​រ៉ុក្កែត ​២​ គ្រាប់​ ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធ​ការ​ពារ​ជាតិ​ Iron ​Dome​»​។​

​មិន​មាន​របាយ​ការណ៍​និយាយ​អំពីចំនួន​​អ្នកស្លាប់​ និង​​​រង​បួស​​នោះ​ទេ​ ប៉ុន្តែ​ប៉ូលិស​បាន​ថ្លែង​ថា​ រ៉ុក្កែត​មួយ​គ្រាប់​បាន​ធ្លាក់​ទៅ​លើ​ផ្ទះ​មួយ​ខ្នង​នៅ​ក្រុង​ Sderot ​ភាគ​ខាង​ត្បូង​។​

​សេចក្តី​ថ្លែង​ការណ៍​របស់​កង​ទ័ព​អ៊ី​ស្រាអែល​ មិន​បាន​និយាយ​អ្វី​ដែល​បាន​កើត​ឡើង​អំពី​គ្រាប់​រ៉ុក្កែត​ទី​៣​ នោះ​ទេ​។​

​គ្រាប់​រ៉ុក្កែត​ ដែល​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​តំបន់​គ្មាន​មនុស្ស​រស់​នៅ​ ក្រោយ​ពេល​យប់​ងងឹត​​ជា​ញឹក​ញាប់​មិន​ត្រូវ​បាន​គេ​កំណត់​ទី​តាំង​វាយ​ប្រហារ​រហូត​ដល់​ពេល​ភ្លឺ​៕ SK​