ក្រុង​រ៉ាម៉ាល់ឡាហ៍៖ ​ប៉ាឡេស្ទីន​កំពុង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ ជួយ​ដោះស្រាយ​ជម្លោះ​របស់​ពួក​គេ​ ជាមួយ​អ៊ីស្រាអែល​​ ខណៈ​ពួក​គេ​បាន​ទាត់​ចោល​ផែនការ​សន្តិភាព​អាមេរិក​នៅ​មជ្ឈិមបូព៌ា​ ត្រូវ​បាន​គេ​ដឹង​គ្រប់​គ្នា​ថា​ជា​ «​កិច្ច​ព្រមព្រៀង​សតវត្សរ៍​របស់​​អាមេរិក​នោះ​»​។​

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​អង្គការ​រំដោះ​ប៉ាឡេស្ទីន ​(PLO) ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​អំពាវនាវ​ឲ្យ​បង្កើត​សភា​អន្តរជាតិ​មួយ​ ដោយ​បាន​ផ្អែក​ទៅ​លើ​សិទ្ធិ​ និង​យុត្តិធម៌​ ដើម្បី​បញ្ចប់​ការ​កាន់កាប់​របស់​អ៊ីស្រាអែល​ ទៅ​លើ​ទឹក​ដី​របស់​ប៉ាឡេស្ទីន​។​

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា​ លោកស្រី​ ហាណាន់​ អាស្រាវី​ ជា​សមាជិក​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​រំដោះ​ប៉ាឡេស្ទីន ​PLO ​បាន​ថ្លែង​ថា​៖ «សភា​អន្តរជាតិ​មួយ​អាច​មាន​សមត្ថភាព​ ដើម្បី​បង្ហាញ​អំពី​ជម្រើស​ និង​ការ​ប្រឈម​មុខ​ជាមួយ​គ្រោះ​ថ្នាក់​នានា​ ដែល​បាន​គំរាម​កំហែង​ដល់​ផែនការ​សន្តិភាព​នៅ​មជ្ឈិមបូព៌ា»​។​

លោកស្រី​ ហាណាន់​ អាស្រាវី ​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​គណៈប្រតិភូ​សភា​ប្រទេស អង់គ្លេស ​មួយ​ក្នុង​ទីក្រុង​រ៉ាម៉ាល់ឡាហ៍ ​ថា​៖ «​សភា​នេះ​អាច​បញ្ចប់​ការ​កាន់​កាប់​ទឹក​ដី​ប៉ាឡេស្ទីន​ របស់​អ៊ីស្រាអែល​ដោយ​ខុស​ច្បាប់​នោះ​»​។​

ចំណង​ទំនាក់ទំនង​នយោបាយ​រវាង​អាជ្ញាធរ​ប៉ាឡេស្ទីន ​និង​អាមេរិក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ​ បាន​ប្រកាស​ដាក់​​ទីក្រុង​ហ្ស៊េរុយ​សាឡិម​ថា ​ជា​រដ្ឋធានី​របស់​ប្រទេស ​អ៊ីស្រាអែល ​នៅ​ក្នុង​ឆ្នាំ ​២០១៧​។​

កាល​ពី​ថ្ងៃទី ​២៨​ ខែ​មករា​ លោក ​ដូណាល់​ ត្រាំ​ បាន​ប្រកាស​ផែនការ​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​របស់​អាមេរិក​នៅ​ចំពោះ​មុខ​នាយក​រដ្ឋ​អ៊ីស្រាអែល​លោក ​បេនចាមីន​ នេតានីយ៉ាហ៊ូ​ ដែល​ត្រូវ​បាន​ទាត់​ចោល​យ៉ាង​ដាច់​អហង្ការ​ដោយ​ប៉ាឡេស្ទីន​៕ Xinhua/SK