ក្រុងវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានចេញដំណើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីលទ្ធភាពសងសឹក ក្រោយពីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនមានភ័ស្តុតាងថា ការវាយប្រហារទៅលើរោងចក្រផលិតប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត ចេញពីប្រទេស អ៊ីរ៉ង់។
អនុប្រធានាធិបតីអាមេរិកលោក មៃក៍ ផែនស៍ បានប្រកាសថា លោក ប៉ុមប៉េអូ កំពុងធ្វើដំណើរទៅកាន់ព្រះរាជាណាចក្រនេះ ដើម្បីពិភាក្សាអំពីការឆ្លើយតបរបស់យើង។
នៅក្នុងសុន្ទរកថាមួយនៅក្រុងវ៉ាស៊ីនតោន លោក ផែនស៍ បានថ្លែងថា៖ «លោកប្រធានាធិបតីបានថ្លែងថា យើងមិនចង់ធ្វើសង្គ្រាមជាមួយនរណាម្នាក់ទេ ប៉ុន្តែអាមេរិកត្រៀមខ្លួន»។
លោកបានថ្លែងថា៖ «យើងបានបញ្ចប់ការចរចាជាមួយប្រទេសអ៊ីរ៉ង់ ហើយយើងបានត្រៀមការពារផលប្រយោជន៍ និងសម្ព័ន្ធមិត្តរបស់យើងនៅក្នុងតំបន់ មិនធ្វើឲ្យមានកំហុសចំពោះបញ្ហានេះទេ ដោយបានលើកបញ្ជាក់ពាក្យសម្តីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំជាថ្មីកាលពីថ្ងៃអាទិត្យ»។
មន្ត្រីអាមេរិកម្នាក់ ដែលបានថ្លែងក្នុងលក្ខខណ្ឌអនាមិកបានប្រាប់ AFP ថា រដ្ឋការរបស់លោក ត្រាំ បានសន្និដ្ឋានថា ការវាយប្រហារកាលពីចុងសប្តាហ៍មុនជាប់ពាក់ព័ន្ធមីស៊ីលបញ្ជាដោយប្រព័ន្ធកុំព្យូទ័រចេញពីអ៊ីរ៉ង់ និងថា ភ័ស្តុតាងនឹងត្រូវបានបង្ហាញនៅមហាសន្និបាត UN នៅសប្តាហ៍ក្រោយនេះ។
ការពង្រឹងគោលជំហររបស់អាមេរិកយ៉ាងច្បាស់នោះ បានកើតឡើង ខណៈមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ បានទាត់ចោលការចរចាជាមួយក្រុងវ៉ាស៊ីនតោន «កម្រិតណាមួយ» នោះ។
បញ្ហានេះ ទំនងជាបដិសេធចោលក្តីសង្ឃឹមចំពោះជំនួបរវាងលោក ត្រាំ និងលោក រូហានី នៅ UN៕ AFP/PSA