ក្រុងវ៉ាស៊ីនតោនៈ រដ្ឋមន្ត្រីបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានថ្លែងកាលពីថ្ងៃអាទិត្យថា លោកត្រូវទៅធ្វើ ទស្សនកិច្ចប្រទេស អារ៉ាប៊ី សាអ៊ូឌីត និងអារ៉ាប់រួម ដើម្បីចរចាអំពីវិបត្តិ ដែលបានបង្កឡើងដោយអ៊ីរ៉ង់ដែលបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អាមេរិក។
លោក ម៉ៃក៍ ប៉ុមប៉េអូ បានថ្លែងថា៖ «យើងនឹងពិភាក្សាជាមួយពួកគេអំពីថា តើនឹងធានាថាយើងជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រហើយយើងអាចពង្រឹងក្រុមចម្រុះពិភពលោករបស់យើងដោយរបៀបណា» អំពីប្រទេស អ៊ីរ៉ង់ នោះ។
អ៊ីរ៉ង់ បានបាញ់ទម្លាក់យន្តហោះដ្រូន Global Hawk អាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា អាមេរិក បានរំលោភលើដែនអាកាសរបស់ខ្លួននៅក្បែរតំបន់ច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ជាការអះអាងដែលអាមេរិក បានបដិសេធទាំងស្រុង។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអំពាវនាវឲ្យផ្អាកវាយប្រហារបកវិញកាលពីថ្ងៃសុក្រ ដោយថ្លែងថា ការ-ឆ្លើយតបនោះ នឹងមិនមានតុល្យភាពគ្នាទេ ចំណែកក្រុងតេអេរ៉ង់បានព្រមានថា ការវាយប្រហារណាមួយនឹងត្រូវ បានមើលឃើញថា ផលប្រយោជន៍របស់ក្រុងវ៉ាស៊ីនតោន នៅទូទាំងមជ្ឈិមបូព៌ានោះ នឹងត្រូវឆាបឆេះដោយសារភ្លើងសង្គ្រាមជាក់ជាមិនខាន។
លោក ប៉ុមប៉េអូ បានថ្លែងថា លោកនឹងឈប់នៅក្នុងប្រទេសទាំង ២ រួចហើយនឹងបន្តការធ្វើដំណើររបស់លោកទៅកាន់ប្រទេស ឥណ្ឌា ជាទីដែលលោកចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចកាលពីថ្ងៃអង្គារ។
ដោយថ្លែងទៅកាន់ក្រុមអ្នកកាសែត ខណៈដែលលោកបានចាកចេញពីក្រុងវ៉ាស៊ីនតោន លោក ប៉ុមប៉េអូ បានហៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត និងប្រទេស អារ៉ាប់រួម ថាជា «ក្រុមសម្ព័ន្ធមិត្តដ៏អស្ចារ្យនៅក្នុងការប្រកួតប្រជែងជាមួយអ៊ីរ៉ង់នាពេលបច្ចុប្បន្ន»។
លោក ប៉ុមប៉េអូ បានបដិសេធមិនទទួលស្គាល់ផែនទីមួយ ដែលចេញផ្សាយដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif ដែលបានអះអាងបង្ហាញយន្តហោះដ្រូនស៊ើបការណ៍មួយគ្រឿង បានរំលោភដែនអាកាសរបស់ខ្លួនកាលពីចុងខែឧសភា ហើយបានជំរុញប្រព័ន្ធផ្សព្វផ្សាយមិនឲ្យយល់ថា រឿងនោះគួរឲ្យជឿទុកចិត្តបាន។
លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានថ្លែងថា៖ «អ្នកត្រូវបានគេមើលឃើញថាផែនទីដូចក្មេងគូរលេងដែលលោក Zarif បានបង្ហាញនោះវាផ្ទុយទៅនឹងឧត្តមភាព និងវិជ្ជាជីវៈនិយមរបស់ចារកម្ម និងយោធាអាមេរិក»៕ AFP/SK