ក្រុង​ហ្សាការតាៈ ​ប៉ូលិស​ឥណ្ឌូនេស៊ី​បាន​និយាយ​​កាល​ពី​ថ្ងៃ​ពុធ​ថា ​ពួក​គេ​កំពុង​ស៊ើប​អង្កេត​ទៅ​លើ​របាយការណ៍​ជា​ច្រើន​ដែល​ថា​ យ៉ាង​ហោច​ណាស់​បាតុករ​ម្នាក់ ​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ ដែល​បាន​ផ្ទុះ​ឡើង​នៅ​កណ្តាល​ក្រុង​ហ្សាការតា​នៅ​ពេល​យប់​ ក្រោយ​ពី​មាន​ការ​ប្រមូល​ផ្តុំ​មួយ​ប្រឆាំង​ទៅ​នឹង ​ជូកូ​ វី​ដូដូ ដែល​​បាន​ជាប់​ឆ្នោត​ ​ជា​​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ជា​ថ្មី​។​

ក្រុម​អាជ្ញាធរ​បង្ក្រាប​កុបកម្ម ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ដើម្បី​បំបែក​ហ្វូង​បាតុករ​ឲ្យ​ចេញ​ពី​ទីប្រជុំ​ជន​ក្រុង​ហ្សាការតា​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ខណៈ​បាតុករ​ខ្លះ ​មិន​ព្រម​ចាក​ចេញ​ពី​តំបន់​នោះ​ទេ​ ហើយ​បាន​ដុត​កាំ​ជ្រួច​ និង​គប់​ដុំ​ថ្ម​ទៅ​លើ​ប៉ូលិស។​

យោង​តាម​អ្នក​កាសែត​ AFP ​ម្នាក់​ បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​ក្រុម​បាតុករ​ខ្លះ​ បាន​ដុត​តូប​នៅ​ក្នុង​ផ្សារ​អស់​ជា​ច្រើន​ និង​រថយន្ត​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។​

ភ្លាមៗ​នោះ ​​នៅ​មិន​ទាន់​បាន​ដឹង​ច្បាស់​ថា​ តើ​មាន​ក្រុម​បាតុករ​ ឬ​ប៉ូលិស​ប៉ុន្មាន​នាក់​ បាន​រង​របួស​ទេ​។​

ប៉ុន្តែ​អ្នក​នាំពាក្យ​ប៉ូលិស​ជាតិ​ឥណ្ឌូនេស៊ី ​លោក ​Dedi Prasetyo ​បាន​ថ្លែង​ថា​ ក្រុម​អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​របាយការណ៍​ខ្លះ​ថា​ មាន​បាតុករ​ម្នាក់​បាន​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​ ទោះ​បី​ជា ​លោក​​បាន​បដិសេធ​ថា ​ប៉ូលិស​មិន​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិត​ទេ ហើយ​កង​កម្លាំង​ជាង​ ៣ ម៊ឺននាក់ ត្រូវ​បាន​ដាក់​ពង្រាយ។

លោក ​Dedi Prasetyo ​បាន​​បន្ថែម​ថា៖ «​មនុស្ស​ប្រហែល​ ២០ ​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​»​៕ AFP/SK