ក្រុងអាថែនៈ មន្ត្រី​បាន​ថ្លែងថា ប៉ូលិស​ប្រឆាំង​កុបកម្ម​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​កោះ​ឡេសប៊ូស និង​ជីអូ​របស់​ប្រទេស​ក្រិក​កាលពី​ថ្ងៃ​អង្គារ ខណៈ​ដែល​រដ្ឋាភិបាល​បាន​បន្ត​ការសាងសង់​ជំរំ​ជន​ចំណាកស្រុក​ថ្មី​ដ៏ចម្រូងចម្រាស​នៅ​ទីនោះ​។

ប្រភព​ប៉ូលិស​បាន​ថ្លែងប្រាប់​ AFP ​ថា​នៅ​កំពង់ផែ​កោះ​ទាំង​ ២ ជាទី​ដែល​ក្រុម​ពលរដ្ឋ​ប្រចាំ​តំបន់​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​បើកផ្លូវ​សម្រាប់​ពង្រឹងកម្លាំង​សន្តិសុខ​បន្ថែមទៀត និង​សាងសង់​ជំរំ​សម្រាប់​ជន​ចំណាកស្រុក​ទាំងនោះ​។

ទូរទស្សន៍​បាន​បង្ហាញ​រូបភាព​វីដេអូ​នៅឯ​កន្លែង​កំពង់ផែ​កោះ​ជីអូ​នៅ​ភូមិ​មីស្តា ហើយ​ក្រុមអ្នកតវ៉ា​មាន​កន្សែង​រុំ​ក្បាល​ខ្លះ​បាន​គប់​ដុំថ្ម នៅពេល​ប៉ូលិស​ប្រឆាំង​កុបកម្ម​មួយ​ចំនួន​បាន​ចូលទៅ​ជំរំ​នោះ​។

ក្រុម​ពលរដ្ឋ​បាន​ចត​រថយន្ត និង​រថយន្ត​ដឹកទំនិញ​នៅតាម​ដងផ្លូវ​ខ្លះ​រហូត​ដល់​កន្លែង​ជំរំ​ទាំងនោះ​ដែល​ជា​កន្លែង​ជំរំ​នីមួយៗ​អាច​ដាក់​មនុស្ស​បាន​រហូត​ដល់ ៧០០០ ​នាក់​នៅក្នុង​ការព្យាយាម ដើម្បី​រារាំង​ការសាងសង់​របស់​ពួកគេ​។

ប្រភព​ប៉ូលិស​បាន​ថ្លែងប្រាប់​ AFP ​ថា​៖ «​មានការ​បិទផ្លូវ​ជាច្រើន​កន្លែង ហើយ​យើង​នឹង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​ដែល​ចាំបាច់​ប៉ុណ្ណោះ​»​។

បន្ទាប់ពី​ការចរចា​មិន​ទទួល​បាន​ផ្លែផ្កា​អស់​ជាច្រើន​សប្តាហ៍​ជាមួយ​អាជ្ញាធរ​ក្នុង​តំបន់ នាយករដ្ឋមន្ត្រី​លោក គីរៀកូស មីតស៊ូតាគីស កាលពី​ចុង​សប្តាហ៍​មុន បាន​អះអាង​ថា ផែនការ​នោះ​អាច​ដំណើរការ​សាងសង់​បន្ត​ទៅទៀត ទោះបី​ជា​មាន​ការប្រឆាំង​ពី​ពួកគេ​ក្តី​។

លោក​បាន​ថ្លែងប្រាប់​កម្មាភិបាល​គណបក្ស​អភិរក្ស​កាលពី​ថ្ងៃអាទិត្យ​ថា​៖ «​ការងារ​សាងសង់​នឹង​ចាប់ផ្តើម​នៅពេល​ឆាប់ៗ​នេះ និង​ត្រូវ​បានបញ្ចប់​ទាំងស្រុង ហើយ​គ្មាន​ការផ្លាស់ប្តូរ​នោះទេ​»​។

គណបក្សប្រឆាំង​សំខាន់​ឆ្វេងនិយម​ស៊ីរីហ្សា​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ពី​បទ​មិន​គោរព​ប្រជាធិបតេយ្យ​។

អ្នកនាំពាក្យ​គណបក្ស​ស៊ីរីហ្សា​លោក អាលីស៊ីស ឆែរីតស៊ីស បាន​ថ្លែងថា​៖ «​យើង​នឹងមិន​អនុញ្ញាត​ឲ្យ​លោក មីតស៊ូតាគីស និង​រដ្ឋាភិបាល​របស់​លោក ប្រែក្លាយ​កោះ​នោះ​ឲ្យ​ទៅជា​សមរភូមិ​ប្រយុទ្ធ​មួយ​ទេ​»​។

ជន​ចំណាកស្រុក​ជាង​ ៣៨០០០ ​នាក់​បាន​ចូលទៅ​រស់នៅក្នុង​ជំរំ​ជាច្រើន​នៅលើ​កោះ​ឡេសប៊ូស សាមូស ជីអូ លីរូស និង​កោះ​កូស​របស់​ប្រទេស​ក្រិក ទោះបី​ជា​ជំរំ​ផ្លូវការ​មួយ​មាន​សមត្ថភាព​ដាក់​មនុស្ស​បានត្រឹមតែ​ ៦២០០ ​នាក់​ក្តី​។

មន្ត្រី​នៅ​កោះ​ទាំងនោះ​និង​ពលរដ្ឋ​ខ្លះ​បាន​ថ្លែងប្រាប់​រដ្ឋាភិបាល​ក្រិក​ថា ក្រោយពី​ ៥ ​ឆ្នាំ​នៅ​សមរភូមិ​ជួរមុខ​នៃ​វិបត្តិ​ជន​ចំណាកស្រុក​អឺរ៉ុប ពួកគេ​លែង​រៀបចំ​ទទួល​យក​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​រាប់ពាន់នាក់​ទៀត​។

រដ្ឋាភិបាល​អភិរក្សនិយម​ដែល​បាន​ចូលកាន់​តំណែង​កាលពី​ខែ​កក្កដា បាន​ប្រកាស​ថា ជំរំ​ជាច្រើន​នៅលើ​កោះ​ឡេសប៊ូស សាមូស និង​ជីអូ​នឹង​ត្រូវបាន​បិទទ្វារ​នៅ​ឆ្នាំនេះ ហើយ​ត្រូវបាន​ជំនួស​មកវិញ​ជាមួយ​ជំរំ​ថ្មី ជាកន្លែង​តូច​ជាង​មុន​ដែល​ត្រូវធ្វើ​ប្រតិបត្តិការ​សាងសង់​ចប់​នៅ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​ ២០២០ ​នេះ​។

ប៉ុន្តែ​ចំណែកឯ​រដ្ឋការ​របស់​លោក​ មីតស៊ូតាគីស បាន​ព្យាយាម​បន្ធូរបន្ថយ​បញ្ហា​តាមរយៈ​ការផ្លាស់ប្តូរ​ទីកន្លែង​របស់​ក្រុម​ជន​ចំណាកស្រុក​រាប់ពាន់នាក់​ឲ្យ​ពួកគេ​ទៅ​រស់នៅ​កន្លែង​ខ្លះ​ផ្សេង​ទៀត​របស់​ប្រទេស​ក្រិក និង​ឲ្យ​រស់នៅ​សហគមន៍​ជាច្រើន​ទៀត​នៅលើ​ដីគោក​៕ SK