ក្រុងប៉ារីសៈ ប៉ូលិសក្រុងប៉ារីស បាននិយាយថា ក្រុមអ្នកតវ៉ាអាវកាក់ពណ៌លឿង ដែលការធ្វើបាតុកម្មរបស់ពួកគេកាលពីសប្តាហ៍មុន បានបង្កឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងរំខានដល់សន្តិសុខ ត្រូវបានរារំាងមិនឲ្យចូលមហាវិថី Champs-Elyseesដ៏ល្បីនៅក្រុងប៉ារីសកាលពីថ្ងៃពុធ នៅក្នុងអំឡុងការប្រារព្ធពិធីរំឭកការបញ្ចប់សង្គ្រាមលោកលើកទី២។
នៅក្នុងសេចក្តីថ្លែងការណ៍មួយប៉ូលិសបាននិយាយថា ក្រុមអ្នកតវ៉ាត្រូវបានរារាំងមិនឲ្យរំខានដល់ពិធីនានាដែលបានកើតឡើងនៅវិមាន Arc de Triomphe ដែលនៅក្បែរវិមានប្រធានាធិបតីបារាំង។
ក្រុមអាជ្ញាធរបារាំង បានចាត់វិធានការយ៉ាងតឹងរ៊ឹងប្រឆាំងនឹងការតវ៉ារបស់ក្រុមអាវកាក់ពណ៌លឿង ចាប់តាំងពីប្រមុខប៉ូលិសក្រុងប៉ារីស ត្រូវបានបណ្តេញចេញពីការងារកាលពីថ្ងៃទី ១៨ ខែ មីនា ពីបទខកខានមិនបានទប់ទល់ប្រឆាំងនឹងការប្រព្រឹត្តដូចកំរោលចូលរបស់ក្រុមអ្នកតវ៉ា គឺការគប់ដុំថ្មនៅតាមបណ្តោយមហាវិថី Champs-Elysees។
ប្រមុខប៉ូលិស ដែលបានស្នងលោក គឺលោកDidier Lallement បានកត់សម្គាល់ឃើញថា ការតវ៉ាដែលបានចាប់ផ្តើមកាលពីខែវិចិ្ឆកាជុំវិញការដំឡើងពន្ធប្រេង និងបានរីកកាន់តែធំទៅជាចលនាប្រឆាំងរដ្ឋាភិបាល តាមធម្មតាក្រុមមន្ត្រីប៉ូលិស ត្រូវបានក្រុមអ្នកតវ៉ាយុវជន ពោល គឺក្រុមអ្នកតវ៉ាអាវកាក់ពណ៌លឿង យកជាគោលដៅ។
ការតវ៉ានោះតាមធម្មតាកើតឡើងនៅក្នុងក្រុងប៉ារីសនៅថ្ងៃសៅរ៍ ប៉ុន្តែក្រុមមន្ត្រីបានភ័យខ្លាចថា ការតវ៉ាទាំងនោះអាចកើតឡើងនៅថ្ងៃពុធក្នុងសប្តាហ៍នេះដែលជាថ្ងៃឈប់សម្រាកសាធារណៈនៅក្នុងប្រទេស បារាំង។
នៅក្នុងអំឡុងការរំឭកខួបជ័យជម្នះនៅអឺរ៉ុប ការចុះចូលសម្ព័ន្ធមិត្តរបស់អាល្លឺម៉ង់ណាហ្ស៊ី នៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ១៩២៥ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ត្រូវចាកចេញពីវិមានប្រធានាធិបតី និងធ្វើដំណើរទៅកាន់មហាវិថី Champs-Elysees ជាមួយកងកិត្តិយស ដើម្បីដាក់កម្រងផ្កានៅវិមាន Arc de Triomphe៕ AFP/PSA