ក្រុង​ហុងកុងៈ ​ប៉ូលិស​ហុងកុង​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និង​ប្រើ​ដំបង​ឆក់​ទៅ​លើ​ក្រុម​បាតុករ​ចំណែក​ឯ​​​ក្រុម​បាតុករ​​បាន​ប្រើ​ដុំ​ថ្ម​ សម្បក​ដប​ និង​ដំបង​ឫស្សី​ ​តបត​ទៅ​លើ​ក្រុម​ប៉ូលិស​វិញ ជា​ការ​​សងសឹក​ដែល​បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ដោយ​ហិង្សា​ថ្មី​​មួយ​ទៀត​នៅ​ក្នុង​ក្រុង​​នេះ​​។​

ទីក្រុង​នេះ​ត្រូវ​បាន​រង្គោះរង្គើ​ដោយ​ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​រយៈពេល ​៣ ​ខែ ​ដែល​បាន​ចាប់​ផ្តើម​ប្រឆាំង​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ឲ្យ​ប្រទេស ​ចិន​ដី​គោក​ ប៉ុន្តែ​បាន​​ក្លាយ​​ទៅ​ជា​ចលនា​គាំទ្រ​ប្រជាធិបតេយ្យ​កាន់​តែ​ធំ​ឡើង​។​

សន្តិភាព​​​​គ្មាន​សុវត្ថិភាព​​​​​បាន​ថយ​ចុះ​បន្តិច​​កាល​ពី​ដើម​សប្តាហ៍​មុន ​ប៉ុន្តែ​​ស្ថានភាព​​បែប​នោះ​បាន​​ងើប​ឡើង​វិញ​ ​ខណៈ​បាតុករ​រាប់​ពាន់​នាក់​ ភាគ​ច្រើន​​បាន​ពាក់​មួក​​ និង​ម៉ាស់​ការពារ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ បាន​ដង្ហែ​ក្បួន​ឆ្លង​កាត់​តំបន់​ឧស្សាហកម្ម​ Kwun Tong ​ជា​ទី​ដែល​ពួក​គេ​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​ក្រុម​មន្ត្រី​ប៉ូលិស​រាប់​សិប​នាក់​ ដែល​ប្រដាប់​​ដោយ​​ខែល​ការពារ ​និង​ដំបង​នៅ​​ឆក់​ក្នុង​ដៃ ​នៅ​ខាង​ក្រៅ​ប៉ុស្តិ៍​ប៉ូលិស​មួយ​កន្លែង​។​

ក្រុម​អ្នក​តវ៉ា​នៅ​ជួរ​មុខ​បាន​នាំ​គ្នា​ដាក់​របាំង​​ចរាចរណ៍ ​និង​សាងសង់​រនាំង​ឫស្សី​ជា​ច្រើន​ ហើយ​បាន​បាញ់​ស្រៃ្បយ៍​ទៅ​លើ​ជញ្ជាំង​ការិយាល័យ​ ​ជាមួយ​នឹង​ពាក្យ​ជេរ​ប្រមាថ​​ចំៗ​ទៅ​កាន់​ប៉ូលិស​​។​

នៅ​ពេល​រសៀល​ក្រុម​បាតុករ​ បាន​បាញ់​គ្រាប់​ចម្ពាម​កៅ​ស៊ូ​ជា​ច្រើន​ ដោយ​បាន​បង្ក​ឲ្យ​មាន​ការ​ឆ្លើយ​តប​មួយ​ចេញ​ពី​ប៉ូលិស​ ​ដែល​បាន​ធ្វើ​ការ​បង្ក្រាប​ដោយ​ដំបង​ និង​បាញ់​ស្រៃ្បយ៍​ម្រេច​ ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​​។​

ប៉ូលិស​បាន​បាញ់​​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​នៅ​តាម​​ផ្លូវ​នោះ​ ខណៈ​ក្រុម​អ្នក​តវ៉ា​បាន​ដក​ថយ​ទៅ​វិញ​ ដោយ​បាន​បន្សល់ ទុក​​​អំបែង​ដប​នៅ​ពាស​ពេញ​ផ្លូវ​ ហើយ​យ៉ាង​ហោចណាស់​មាន​ការ​វាយ​ប្រហារ​គ្នា​តូច​មួយ បាន​កើត​ឡើង​​ នៅ​ក្នុង​ស្ថានការណ៍​ដ៏​ច្របូក​ច្របល់​នោះ​។​

អ្នក​តវ៉ា​​ខ្លះ​ក្នុង​សម្លៀក​បំពាក់​ពណ៌​ខ្មៅ ត្រូវ​បាន​ឃាត់​ខ្លួន​​ ខណៈ​ក្រុម​មន្ត្រី​ប៉ូលិស ​បាន​ធ្វើ​ការ​បោស​​សម្អាត​ទាំង​ស្រុង​នៅ​ទី​នោះ​​ ដោយ​ប៉ូលិស​បាន​​ចោទ​ប្រកាន់​​ ​«​អ្នក​តវ៉ា​បង្ក​ហិង្សា​​មួយ​ក្រុម​ធំ​»​ ដែល​បាន​ដុត​ភ្លើង​​ និង​គប់​ដុំ​ឥដ្ឋ​ទៅ​លើ​ប៉ូលិស​ និង​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​សាធារណៈ។​

ទីក្រុង​នេះ​ទំនង​ជា​ទាញ​​ស្ថានការណ៍​​​នេះ​មិន​​​ឲ្យ​ធ្លាក់​ចូល​ក្នុង​​អំពើ​ហិង្សា​​​​ដោយ​​ការ​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​​​បាន​កើត​ឡើង​អស់​រយៈពេល​មួយ​សប្តាហ៍​ ក្រោយ​ពី​ក្រុម​អ្នក​តវ៉ា ​បាន​បិទ​ព្រលាន​យន្តហោះ​របស់​​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​​នេះ​​។​

ភាព​តានតឹង​បាន​កើត​ឡើង​ដោយសារ​​ការ​ហែក្បួន​ពេញ​មួយ​ថ្ងៃ​សៅរ៍ ​ដែល​ក្រុម​បាតុករ​ដ៏​សកម្ម​​រាប់​សិប​នាក់​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ​«​ក្រុម​ក្លាហាន​» ​បាន​ប្រមូល​ផ្តុំ​គ្នា ​ដែល​រៀបចំ​ធ្វើ​យុទ្ធនាការ​ចេញ​តាម​ដង​ផ្លូវ​ទ្រង់ទ្រាយ​ធំ​អស់​រយៈពេល ៣ ​ខែ​មក​នោះ​។​

អ្នក​​តវ៉ា​​ជា​និសិ្សត​ឈ្មោះ ​រីអាន ​មាន​វ័យ​ ​១៩ ​ឆ្នាំ ​បាន​ប្រាប់​ AFP ​ថា​៖ «​ខ្ញុំ​យល់​​​ថា​ ការ​តវ៉ា​​ដោយ​សន្តិវិធី​មិន​អាច​​ដោះស្រាយ​បញ្ហា​​បាន​​ទេ​​។​ ​រដ្ឋាភិបាល​នឹង​មិន​ឆ្លើយតប​ទៅ​នឹង​​ការ​​តវ៉ា​ដោយ​សន្តិវិធី​នោះ​ទេ​។ ​ប្រសិន​បើ​ខ្ញុំ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នោះ គឺ​ដោយសារ​តែ​ខ្ញុំ​​ចេញ​មក​តវ៉ា​ទាមទារ​​យុត្តិធម៌​​»​។​

ក្រុម​អ្នក​តវ៉ា​រាប់​សែន​នាក់​បាន​នាំគ្នា​​ចេញ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន​ ខណៈ​ដែល​ក្រុម​អ្នក​តវ៉ា​សំខាន់​មួយ​បាន​ស្វះស្វែង​ ដើម្បី​បន្ត​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ឡើង​វិញ ​នៅ​ក្នុង​ទីក្រុង​មួយ​នេះ ​ដែល​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ឡើង​មួយ​កម្រិត​ទៀត។

ប៉ុន្តែ​ការ​ប្រឈម​មុខ​ដាក់​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍​រវាង​ប៉ូលិស​ និង​ក្រុម​អ្នក​តវ៉ា​បង្ហាញ​ឲ្យ​ឃើញ​ថា​ក្រុង​នេះ​ បាន​ធ្លាក់​ចូល​ក្នុង​ភាព​ជាប់​គាំង​ដ៏​​គ្រោះថ្នាក់​ដោយ​រដ្ឋាភិបាល​មិន​ធ្វើ​​តាម​ការ​ទាមទារ​របស់​អ្នក​តវ៉ា​ហើយ​ក្រុម​បាតុករ​មាន​ភាព​រឹងរូស​បដិសេធ​មិន​ចាកចេញ​ពី​ដង​ផ្លូវ​នានា​៕ AFP​/​​SK