កាលពីថ្ងៃទី ២១ ខែវិច្ឆិកា បាតុកររាប់ពាន់នាក់មកពីរដ្ឋធានីផ្សេងៗក្នុងប្រទេសបារាំង បានលើកគ្នាមកតវ៉ាប្រឆាំងនឹងសេចក្ដីព្រាងច្បាប់ថ្មីមួយរបស់រដ្ឋាភិបាល។ នោះគឺជាច្បាប់ដែលហាមប្រាមមិនឱ្យមានការផ្សព្វផ្សាយរូបភាព ឬវីដេអូ ដែលបង្ហាញអត្តសញ្ញាណមន្ត្រីប៉ូលិសពេលកំពុងចុះបំពេញភារកិច្ច។
យោងតាមសេចក្តីព្រាងច្បាប់ ដែលត្រូវបានយកមកពិភាក្សានៅរដ្ឋសភាដោយគណបក្ស La Republique En Marche របស់លោកប្រធានាធិបតី Emmanuel Macron ការបង្កើតច្បាប់នេះឡើងគឺ «ក្នុងគោលបំណងថែរក្សាសេចក្ដីថ្លៃថ្នូរ សុវត្ថិភាពផ្លូវកាយ ផ្លូវចិត្តរបស់មន្ត្រីប៉ូលីស»។ ជនដែលល្មើសនឹងត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ ១ ឆ្នាំ និងពិន័យជាប្រាក់អតិបរមាដល់ ៤៥ ០០០ អឺរ៉ូ (៥៣ ៣៦០ ដុល្លារ)។
សេចក្ដីព្រាងច្បាប់បានបញ្ចប់ការពិភាក្សាលើកទី១ រួចហើយកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ហើយនឹងត្រូវពិភាក្សាជាលើកទី២ ម្ដងទៀតនៅក្នុងសភានាថ្ងៃអង្គារ សប្ដាហ៍នេះ។
ក្រោយមកនឹងបញ្ចូនទៅវែកញែកបន្ថែមនៅព្រឹទ្ធសភាមុនអនុម័តឱ្យក្លាយជាច្បាប់ផ្លូវការ។ សេចក្ដីព្រាងច្បាប់នេះក៏ត្រូវបានគេលើកឡើងកាលពីខែតុលា កន្លងទៅដែរ ប៉ុន្តែត្រូវបានសភាបដិសេធ។
បើយោងតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Gerald Darmanin មានប្រសាសន៍ថា ការធ្វើវិសោធនកម្មថ្មី គឺចាំបាច់ណាស់ ដើម្បី «ការពារអ្នកដែលការពារយើង (ប៉ូលិស)» ខណៈមានរបាយការណ៍មកថា មន្រ្តីប៉ូលិសកំពុងត្រូវបានគេគំរាមកំហែង និងវាយប្រហារកាន់តែខ្លាំងឡើងៗ។
ប៉ុន្ដែក្រុមបាតុករដែលលើកគ្នាមកតវ៉ាមិនអាចទទួលយកបានជាដាច់ខាតនូវសេចក្ដីព្រាងច្បាប់នេះ។ អ្នកចូលរួមតវ៉ាមានសិស្សានុសិស្ស អ្នកសារព័ត៌មាន និងសមាជិកខ្លះនៃចលនាអាវកាក់ប្រឆាំងនឹងរដ្ឋាភិបាលក៏បានចូលរួមដែរ។
សម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅបារាំង មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហារំលោភសិទ្ធិ តាមរយៈការហាមប្រាមមិនឱ្យប្រើប្រាស់ដ្រូន ដើម្បីឃ្លាំមើលបាតុកម្ម និងឃ្លាំមើលសកម្មភាព ឬកត់សម្គាល់អត្តសញ្ញាណរបស់ប៉ូលិសតាមរយៈកាមេរ៉ា។
លោក Edwy Plenel សហស្ថាបនិក និងជានិពន្ធនាយកនៃគេហទំព័រព័ត៌មានស៊ើបអង្កេត Mediapart បាននិយាយថា៖ «យើងមិនមែនមកទីនេះ ដើម្បីទាមទារការការពារសិទ្ធិសេរីភាពរបស់ការងារយើង ឬសេរីភាពសារព័ត៌មាន ឬក៏សេរីភាពរបស់អ្នកសារព័ត៌មានទេ។ យើងមកទីនេះ ដើម្បីការពារសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនទាំងអស់»។
បន្ថែមពីនេះសហជីពអ្នកសារព័ត៌មានបាននិយាយថា សេចក្ដីព្រាងច្បាប់នេះ អាចជាការផ្តល់ភ្លើងខៀវដល់ប៉ូលិស ដោយពង្វាងពួកគេពីការបំពេញកាតព្វកិច្ច និងបំបាត់ភ័ស្ដុតាងនៃការរំលោភបំពានដោយប៉ូលិសមកកាន់ប្រជាជនទៀតផង។ កាលពីថ្ងៃអង្គារសប្ដាហ៍មុនមានអ្នកកាសែត ២ នាក់ ត្រូវបានឃុំខ្លួននៅក្នុងអំឡុងពេលមានការតវ៉ា ដែលឈានដល់ការប៉ះទង្គិចជាមួយប៉ូលិស ខណៈពេលសមាជិកសភាបានចាប់ផ្តើមជជែកវែកញែកលើសេចក្តីព្រាងច្បាប់នេះ។
រីឯក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏បានធ្វើអន្ដរាគមន៍យ៉ាងសកម្ម ដើម្បីរិះគន់ និងលើកឡើងពី «បញ្ហារាប់មិនអស់» ដែលអាចកើតមានឡើង បន្ទាប់ពីច្បាប់នេះត្រូវបានគេប្រើប្រាស់ ព្រមទាំងអំពាវនាវកុំឱ្យអ្នកនយោបាយបារាំងគាំទ្រឱ្យសោះ។
លោកស្រី Claire Hedon អ្នកការពារសិទ្ធិមនុស្សរបស់បារាំង ដែលជាអាជ្ញាធររដ្ឋបាលឯករាជ្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ច្បាប់នេះបង្កឱ្យមានហានិភ័យជាច្រើនដែលនឹងរំលោភសិទ្ធិមូលដ្ឋានដល់ប្រជាជនមួយចំនួន ជាពិសេសសិទ្ធិឯកជន និងសេរីភាពសារព័ត៌មាន»។
ជាការឆ្លើយតបទៅនឹងការរិះគន់ នាយករដ្ឋមន្ត្រីបារាំងលោក Jean Castex បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា ច្បាប់នេះធ្វើឡើងដោយធានាថា «នឹងមិនប៉ះពាល់ដល់សេរីភាពព័ត៌មានទេ» ហើយនឹងផ្តោតតែលើរូបភាពដែលផ្សព្វផ្សាយដោយចេតនា «ច្បាស់លាស់» ថាជាការរំលោភបំពានមន្ត្រីប៉ូលិសប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា «អាចនឹងលុបចោលនូវសិទ្ធិសេរីភាពក្នុងការបង្ហាញរូបភាពឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីធានាការគោរពសេរីភាពសាធារណៈ ដែលយើងគួរតែការពារ។ ទន្ទឹមនឹងនេះក៏ត្រូវការពារមន្ត្រីប៉ូលិស និងកងរាជអាវុធហត្ថដែលកំពុងតែការពារប្រជាជនដូចគ្នា»៕