ប្រជាជនរុស្ស៊ីរាប់ពាន់នាក់ និងក្រុមអ្នកការទូតលោកខាងលិចបានចូលរួមរំឭកវិញ្ញាណក្ខន្ធនៅស្ពានមួយនៃទីក្រុងម៉ូស្គូ កាលពីថ្ងៃសៅរ៍ ជាទីដែលអ្នកនយាបាយគណបក្សប្រឆាំងលោក Boris Nemtsov ត្រូវបានគេបាញ់សម្លាប់កាលពី ៦ ឆ្នាំមុន ខណៈដែលអាមេរិកបាននិយាយថា វាកាន់តែបញ្ហាធ្ងន់ធ្ងរថែមទៀត ដោយសារវិមានក្រឹមឡាំងរឹតត្បិតសេរីភាពនៃការបញ្ចេញមតិយោបល់។
លោក Nemtsov គឺជាអ្នករិះគន់ម្នាក់នៃអ្នករិះគន់ខ្លាំងបំផុតរបស់លោក វ្ល៉ាឌីមៀរ ពូទីន រហូតដល់លោកត្រូវបានគេបាញ់សម្លាប់នៅលើស្ពានមួយនៅក្បែរវិមានក្រឹមឡាំងកាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៥។
ខួប ៦ ឆ្នាំនៃការស្លាប់របស់លោក Nemtsov បានកើតឡើងក្រោយពីអ្នករិះគន់ល្បីបំផុត គឺលោក Alexei Navalny ត្រូវបានគេបញ្ជូនទៅកាត់ទោស ហើយត្រូវជាប់ពន្ធនាគារជិត ៣ ឆ្នាំ ដែលលោកបានប្រកាសថា គឺជារឿងនយោបាយ។
វិធានការនេះ បានធ្វើឱ្យទំនាក់ទំនងតានតឹងស្រាប់ជាមួយនឹងលោកខាងលិចកាន់តែឡើងកម្តៅខ្លាំងដោយសហភាពអឺរ៉ុបបានស្វះស្វែងដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ។
ចាប់តាំងពីព្រឹកថ្ងៃសៅរ៍ ប្រជាជនរុស្ស៊ីជាច្រើននាក់ និងអ្នកការទូតលោកខាងលិចបានប្តូរវេនគ្នាដាក់ផ្កានៅកន្លែង គោរពវិញ្ញាណក្ខន្ធមួយជាទីដែលលោក Nemtsov ត្រូវបានបាញ់សម្លាប់ដោយគ្រាប់កាំភ្លើងចំនួន ៤ គ្រាប់។ អតីតនាយករដ្ឋមន្ត្រី និងអ្នកនយោបាយប្រឆាំងលោក Mikhail Kasyanov បានប្រាប់អ្នកសារព័ត៌មាននៅកន្លែងជួបជុំនោះថា៖ «យើងជួបជុំគ្នានៅត្រង់កន្លែងនេះ នៅថ្ងៃនេះ រៀងរាល់ឆ្នាំ ដើម្បីបង្ហាញអាជ្ញាធរថា យើងមិនបានភ្លេចទេ ហើយក៏នឹងមិនបំភ្លេចដែរ»។
លោកបាននិយាយថា៖ «ខ្ញុំជឿជាក់ថា អ្វីដែលលោក Nemtsov បានតស៊ូ ដើម្បីសេរីភាពសម្រាប់ប្រជាជនរុស្ស៊ីមនុស្សជាតិរបស់ពួកគេ និងជីវិតប្រកបដោយភាពថ្លៃថ្នូរ នឹងកើតឡើងនៅពេលឆាប់ៗនេះ»។
ពិធីរំឭកនេះ តាមធម្មតាត្រូវបានធ្វើឡើងដោយការហែក្បួនរហូតដល់កណ្តាលទីក្រុងម៉ូស្គូ។
អាជ្ញាធរទីក្រុងម៉ូស្គូបានបដិសេធសំណើសុំធ្វើការហែក្បួនរំឭកដោយសារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ប៉ុន្តែការជួបជុំកាលពីថ្ងៃសៅរ៍ ត្រូវបានអនុញ្ញាតឱ្យបន្តធ្វើ។
សេចក្តីថ្លែងការណ៍មួយដែលត្រូវបានចុះហត្ថលេខាដោយអ្នកនយោបាយប្រឆាំងជាច្រើន និងត្រូវបានបង្ហោះលើបណ្តាញសង្គមថា៖ «នេះគឺជាព្រឹត្តិការណ៍រំឭក មិនមែនការជួបជុំ ឬការហែក្បួនទេ»។
ក្រុមឃ្លាំមើល White Counter ដែលបានសរុបចំនួនអ្នកចូលរួមព្រឹត្តិការណ៍រំឭកនោះបាននិយាយថា មនុស្ស ៧ ៨០០ នាក់ បានជួបជុំគ្នាត្រឹមម៉ោង ៥ ល្ងាចទេ។
លោក Irina Drozdova ជាមេធាវីម្នាក់មានវ័យ ៤៤ ឆ្នាំ បានប្រាប់សារព័ត៌មាន AFP ថា «គាត់ (Nemtsov) និយាយការពិត ហើយដោយសារតែបញ្ហានេះនៅក្នុងប្រទេសយើងអ្នកត្រូវគេសម្លាប់»។
ប្រពន្ធរបស់លោក Navalny គឺអ្នកស្រី Yulia Navalnaya ក៏នៅទីនោះដែរហើយបានដាក់កម្រងផ្កាមួយដែរ។
ឯកអគ្គរដ្ឋទូតអាមេរិក អង់គ្លេស និង EU ប្រចាំនៅប្រទេសរុស្ស៊ី ស្ថិតនៅក្នុងចំណោមអ្នកតំណាងលោកខាងលិចដទៃទៀត ក៏បានដាក់ផ្កានៅកន្លែងរំឭកកាលពីថ្ងៃសៅរ៍នោះដែរ។
អ្នកនាំពាក្យស្ថានទូតអាមេរិកលោកស្រី Rebecca Ross បាននិយាយថា លោកឯកអគ្គរដ្ឋទូត John Sullivan បានរំឭកវិញ្ញាណក្ខន្ធបុរសម្នាក់ដែលបានប្តេជ្ញាស្វែងរកអនាគតល្អប្រសើរ ដើម្បីប្រទេសរបស់គាត់»។
លោកស្រីបាននិយាយតាមធ្វីធើរថា៖ «គាត់នៅតែជាកម្លាំងជំរុញទឹកចិត្តដល់មនុស្សជាច្រើន ដែលតស៊ូដើម្បីយុត្តិធម៌ តម្លាភាព និងសេរីភាព»។
នៅក្នុងឆ្នាំ ២០១៧ តុលាការមួយបានរកឃើញអតីតមន្ត្រីកងកម្លាំងសន្តិសុខម្នាក់មកពីប្រទេសឆេឆេនី មានទោសពីបទសម្លាប់លោក Nemtsov ហើយបានកាត់ទោសគាត់ឱ្យជាប់គុក ២០ ឆ្នាំ។ បុរស ៤ នាក់ផ្សេងទៀតត្រូវបានរកឃើញថា មានទោសជាប់ទាក់ទិនក្នុងការសម្លាប់នោះ។
ប៉ុន្តែក្រុមគ្រួសាររបស់អ្នកនយោបាយប្រឆាំងដែលត្រូវគេសម្លាប់នេះ និងក្រុមអ្នកគាំទ្របានបញ្ជាក់ថា អាជ្ញាធរខកខានមិនបាននាំយកក្រុមមេគំនិតនៃការសម្លាប់នោះមកកាត់ទោសទេ៕