ក្រុងសេអ៊ូលៈ កូរ៉េខាងជើងបានទាមទារឲ្យក្រុងសេអ៊ូលបញ្ជូនអ្នកបម្រើស្រីរាប់សិបនាក់ដែលបានភៀសខ្លួនទៅកូរ៉េខាងត្បូងកាលពីឆ្នាំមុន។ ការទាមទារនេះត្រូវបានធ្វើឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីការលុបចោលកិច្ចជំនួបអន្តរកូរ៉េនៅក្រោយពេលដែលការខិតចូលគ្នាបានរយៈពេលជាច្រើនសប្ដាហ៍កន្លងមក។
រឿងនេះគឺជាសំណុំរឿងដ៏ចម្រូងចម្រាសមួយ ដោយសារតែក្រុងព្យុងយ៉ាងបានអះអាងថា ស្ត្រីទាំងអស់ត្រូវបានចាប់ ជំរិតពីភោជនីយដ្ឋានរដ្ឋរបស់កូរ៉េខាងជើង ដែលស្ថិតនៅក្នុងប្រទេសចិន ខណៈខាងភាគីទីក្រុងសេអ៊ូលវិញ បានទទូចថាពួកគេបានរត់គេចមកទីនេះដោយខ្លួនគេផ្ទាល់ទេ។
ប៉ុន្តែអ្នកគ្រប់គ្រងភោជនីយដ្ឋានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះថា លោកបានភូតកុហក ស្ត្រីទាំងនោះ និងបាន គំរាមពួកគេឲ្យធ្វើតាមរូបលោកនៅក្រោមបញ្ជារបស់ភ្នាក់ងារចារកម្មរបស់ក្រុងសេអ៊ូល។
សេចក្តីថ្លែងការណ៍របស់ក្រុមកាកបាទក្រហមកូរ៉េខាងជើងដែលបានផ្សាយដោយភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា វាសនានៃអ្នកបម្រើស្ត្រីទាំងនោះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំង ២។
សេចក្ដីថ្លែងការណ៍នោះ បានឲ្យដឹងថា៖ «អាជ្ញាធរកូរ៉េខាងត្បូង គួរតែបញ្ជូនស្ត្រីទាំងនោះ មកឲ្យគ្រួសាររបស់ពួកគេវិញ ហើយការធ្វើនោះនឹងជួយទំនាក់ទំនងកូរ៉េទាំង ២»។
នៅឯកិច្ចប្រជុំកាលពីខែមុនដែលត្រូវបានធ្វើឡើងនៅក្នុងតំបន់គ្មានកងទ័ព ដែលខណ្ឌចែកឧបទ្វីបកូរ៉េនោះ លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងនិងលោកប្រធានាធិបតីកូរ៉េខាងត្បូងម៉ូន ជេអ៊ីន សន្យាថានឹងព្យាយាមលុបបំបាត់អាវុធនុយក្លែអ៊ែរ៕