បុរីញូវយ៉កៈ ទឹកប្រាក់ជាង ១១០ លានដុល្លារ ត្រូវបានរៃអង្គាសកាលពីថ្ងៃអង្គារ នៅសន្និសីទស្តីពីជំនួប ដើម្បីគាំទ្រទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ប៉ាឡេស្ទីន (UNRWA) ដែលបានតស៊ូយ៉ាងស្វិតស្វាញ ចាប់តាំងពីអាមេរិកបានកាត់បន្ថយជំនួយពីទីភ្នាក់ងារនេះ។
ប្រមុខ UNRWA លោក Pierre Kraehenbuehl បានថ្លែងថា មូលនិធិនេះ នឹងអនុញ្ញាតឲ្យទីភ្នាក់ងារ ដែលផ្តល់សេវាអប់រំ និងសុខាភិបាលដល់ពលរដ្ឋប៉ាឡេស្ទីន ដើម្បីចំណាយនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ និងបញ្ចៀសវិបត្តិថវិកា។
ប្រទេសប្រហែល ៣៥ បានចូលរួមនៅក្នុងសន្និសីទនោះ ភាគច្រើនមកពីប្រទេសអឺរ៉ុប និងអារ៉ាប់ ដែលបានបរិច្ចាគថវិកាច្រើនជាងគេបំផុតមកពីអ៊ឺរ៉ុប ដូចជា ប្រទេស អាល្លឺម៉ង់ និងអង់គ្លេស។
សន្និសីទនេះ ត្រូវបានរៀបចំឡើងនៅក្នុងថ្ងៃតែមួយ ខណៈរដ្ឋការរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបើកចំហសមាសភាគសេដ្ឋកិច្ចនៃផែនការសន្តិភាពនៅមជ្ឈិមបូព៌ា ដែលបានរង់ចាំអស់ពេលជាយូរ នៅឯសិក្ខាសាលាមួយនៅប្រទេស បារ៉ែន ដែលបានធ្វើពហិការដោយអាជ្ញាធរប៉ាឡេស្ទីន។
ផែនការរបស់អាមេរិក បានកាត់បន្ថយទឹកប្រាក់បម្រុងវិនិយោគចំនួន ៥០ ពាន់លានដុល្លារ នៅក្នុងទឹកដីប៉ាឡេស្ទីន និងបណ្តាប្រទេស អារ៉ាប់ ក្បែរខាងរយៈពេលជាង ១០ ឆ្នាំ។
កាលពីឆាំ្ន ២០១៨ រដ្ឋការរបស់លោក ត្រាំ បានកាត់ផ្តាច់មូលនិធិទាំងអស់ពីUNRWA ដោយអះអាងថា ទីភ្នាក់ងារ UNRWA មានកំហុស ខណៈដែលក្រុងវ៉ាស៊ីនតោន បានដាក់សម្ពាធ មុននឹងធ្វើការងារលើស្នើសុំឲ្យមានដោះស្រាយអ៊ីស្រាអែល-ប៉ាឡេស្ទីន។
ទីប្រឹក្សាអាមេរិកប្រចាំនៅមជ្ឈិមបូព៌ាលោក Jason-Greenblatt កាលពីខែឧសភាបានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ទីភ្នាក់ងារនេះ គួរត្រូវបានរំលាយចោល និងការងាររបស់ខ្លួន ត្រូវប្រគល់ទៅឲ្យបណ្តាប្រទេសដែលបានទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន និងអង្គការក្រៅរដ្ឋាភិបាល។
លោក Kraehenbuehl បានស្វាគមន៍អំណោយទឹកប្រាក់ចំនួន ១១០ លានដុល្លារ ដោយបានថ្លែងថា វាជាទឹកប្រាក់ «ដ៏មានសារៈសំខាន់បំផុត» ប៉ុន្តែលោកបានថ្លែងថា ទីភ្នាក់ងារ UNRWA នឹងកំពុងស្វែងរកមូលនិធិឲ្យបានច្រើនជាងនេះ ដើម្បីប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់ខ្លួន ដែលមានចំនួន ១,២ ពាន់លានដុល្លារ នៅក្នុងខែកញ្ញាខាងមុខនេះ។
លោក Kraehenbuehl បានថ្លែងប្រាប់ក្រុមអ្នកកាសែត ទាំងនោះថា៖ «យើងសង្ឃឹមថា បញ្ហាទាំងនេះ នឹងអនុញ្ញាតឲ្យយើងបានបំពេញសេចក្តីត្រូវការដ៏ចាំបាច់ ដែលយើងមាននៅក្នុងរយៈពេល ៣ ទៅ ៤ ខែខាងមុខនេះ»។
មិនមានការប្រកាសអំពីវិភាគទានថ្មីៗពីក្រុមប្រទេស ឈូងសមុទ្រទេ ប៉ុន្តែប្រមុខទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ប៉ាឡេស្ទីនបានថ្លែងថា ពិតជាមានការគាំទ្រខ្លាំងដល់ទីភ្នាក់ងារនេះ៕ AFP/SK