កាល​ពី​ថ្ងៃ​សៅរ៍ ទី ២០ មីនា នេះ រដ្ឋាភិបាល​តួកគី​បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ដែល​រៀបចំ​ឡើង ​ដើម្បី​ការពារ​ស្ត្រី។

ការ​សម្រេច​ចិត្ត​របស់​លោក Erdogan ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​បង្ហាញ​ពី​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​ខែ​មីនា។ លោក​បាន​និយាយ​ថា កំណែ​ទម្រង់​នេះ​ធ្វើ​ឡើង​ដោយ​ធានា​សិទ្ធិ និង​សេរីភាព​ហើយ​ជួយ​បំពេញ​តាម​បទដ្ឋាន​របស់​សហភាព​អឺរ៉ុប។

អនុសញ្ញា​ទីក្រុង​អ៊ីស្តង់ប៊ុល​លើក​ឡើង​ថា បុរស និង​ស្ត្រី​មាន​សិទ្ធិ​ស្មើ​គ្នា និង​កាតព្វកិច្ច​អាជ្ញាធរ​រដ្ឋ ដើម្បី​ចាត់​វិធានការ ​ដើម្បី​ទប់ស្កាត់​អំពើហិង្សា​ប្រឆាំង​នឹង​ភេទ ការពារ​ស្ត្រី ជន​រងគ្រោះ និង​កាត់​ទោស​ជនល្មើស។

មន្ត្រី​ខ្លះ​មក​ពី​គណបក្ស​របស់​លោក Erdogan បាន​ធ្វើ​ការ​តស៊ូ​មតិ ដើម្បី​ពិនិត្យ​មើល​កិច្ច​ព្រមព្រៀង​នេះ ដោយ​លើក​ហេតុផល​ថា កិច្ច​ព្រមព្រៀង​នេះ​គឺ​មិន​សមស្រប​នឹង​តម្លៃ​អភិរក្ស​របស់​ប្រទេស​តួកគី។

មន្ត្រី​នោះ​បាន​លើក​ឡើង​ថា កិច្ច​ព្រមព្រៀង​នេះ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​លែងលះ​គ្នា និង​ធ្វើ​ឱ្យ​ខូច​ដល់​ប្រពៃណី​គ្រួសារ។

អគ្គលេខាធិការ​ក្រុមប្រឹក្សា​អឺរ៉ុប​លោកស្រី Marija Pejcinovic Buric បាន​ហៅ​ការ​សម្រេច​នេះ​ថា ជា​ការ​បំផ្លិចបំផ្លាញ។

លោកស្រី​បាន​និយាយ​ថា៖ «សកម្មភាព​នេះ គឺ​ជា​ការ​បោះ​ជំហាន​ថយក្រោយ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​កន្លង​មក ពី​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ការពារ​ស្ត្រី​នៅ​ក្នុង​ប្រទេស​តួកគី ​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប និង​លើស​ពី​នេះ»។

បន្ថែម​​ពី​នេះ​ប្រទេស​អាល្លឺម៉ង់ ​ក៏​បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​របស់​តួកគី ជា​ការ​ដើរ​ទៅ​ផ្លូវ​មិន​សមស្រប​មួយ។ ក្រសួង​ការ​បរទេស​អាល្លឺម៉ង់​បាន​និយាយ​ថា៖ «ទាំង​វប្បធម៌ សាសនា និង​ប្រពៃណីជាតិ​ផ្សេង​ទៀត ​មិន​អាច​ធ្វើ​ជា​លេស​សម្រាប់​ការ​ព្រងើយ​កន្តើយ​នឹង​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី​នោះទេ​»៕