
លោក Recep Tayyip Erdogan ធ្វើសន្និសីទកាសែត ក្រោយជំនួបនៅគណៈរដ្ឋមន្ត្រី៕ AFP
កាលពីថ្ងៃចន្ទកន្លងទៅ អាជ្ញាធរតួកគីបានសម្រេចឃុំខ្លួនអតីតឧត្តមនាវីចំនួន ១០ នាក់ ក្រោយមានក្រុមនាយទាហានជើងទឹកចូលនិវត្តន៍ជាង ១០០ នាក់នេះ បានចេញសេចក្តីថ្លែងការណ៍មួយចោទប្រកាន់ថា មន្ត្រីរដ្ឋាភិបាលតួកគីមានជាប់ពាក់ព័ន្ធនឹងប្រវត្តិរដ្ឋប្រហារនៅតួកគី។
ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋបានឱ្យដឹងថា អតីតឧត្តមនាវីទាំង ១០ នាក់ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន ខណៈរដ្ឋាភិបាលកំពុងស៊ើបអង្កេតលើសេចក្តីប្រកាស ដែលចេញដោយអគ្គព្រះរាជអាជ្ញានៅទីក្រុងអង់ការ៉ា។
នាយទាហានជើងទឹកចូលនិវត្តន៍សរុប ១០៣ នាក់ បានចុះហត្ថលេខាលើសេចក្តីប្រកាសនេះ ដោយបង្ហាញពីក្ដីព្រួយបារម្ភចំពោះសន្ធិសញ្ញាអន្តរជាតិស្ដីអំពីការគ្រប់គ្រងការដឹកជញ្ជូនតាមច្រកសមុទ្រ Bosporus និង Dardanelles ដែលភ្ជាប់សមុទ្រមេឌីទែរ៉ាណេ ទៅសមុទ្រខ្មៅ។ ជនសង្ស័យប្រមាណ ១៤ នាក់ ត្រូវបានគេជឿជាក់ថា ជាអ្នករៀបចំសេចក្ដីប្រកាសនេះ។
សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលមានការជជែកដេញដោលគ្នាថា តើប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ដែលទើបដកតួកគីចេញពីអនុសញ្ញាអន្តរជាតិការពារស្ត្រីកាលពីខែមុន អាចនឹងដកប្រទេសតួកគី ចេញពីសន្ធិសញ្ញាម៉ុងត្រឺ (Treaty of Montreux) ឆ្នាំ ១៩៣៦ ស្ដីអំពីការធ្វើនិយតកម្មច្រកឆ្លងកាត់ព្រំដែនសមុទ្រ និងសន្ធិសញ្ញាអន្តរជាតិផ្សេងៗទៀត ដែរឬយ៉ាងណា?
ជាមួយគ្នានេះដែរ គម្រោងរបស់លោក Erdogan ក្នុងការកសាងផ្លូវទឹកជំនួសនៅភាគខាងជើងនៃទីក្រុងអ៊ីស្តង់ប៊ុល ដែលនឹងឆ្លងកាត់ដែនសមុទ្រ Bosporus ក៏បានបង្កឱ្យមានការជជែកវែកញែកអំពីសន្ធិសញ្ញាម៉ុងត្រឺនេះផងដែរ។
សេចក្តីប្រកាសរបស់ក្រុមមន្ត្រីចូលនិវត្តន៍បានឱ្យដឹងថា៖ «ការដែលរដ្ឋាភិបាលលើកយករឿងតួកគីពិចារណាដកខ្លួនចេញពីអនុសញ្ញាម៉ុងត្រឺ និងសិទ្ធិក្នុងការចាកចេញពីសន្ធិសញ្ញាអន្តរជាតិមកពិភាក្សាក្នុងកិច្ចពិភាក្សាស្តីពីការសាងសង់ព្រែកជីកអ៊ីស្ដង់ប៊ុល គឺជាអ្វីដែលយើងព្រួយបារម្ភ»។
គួររំឭកផងដែរថា អនុសញ្ញាម៉ុងត្រឺត្រូវបានធ្វើឡើងក្នុងគោលបំណងធានាការឆ្លងកាត់ដោយសេរីតាមរយៈច្រកសមុទ្រ Bosphorus និង Dardanelles ទាំងពេលមានសន្តិភាព និងសង្គ្រាម។ សន្តិសញ្ញានេះ ក៏ជាការកំណត់ឱ្យមានការប្រើច្រកសមុទ្រដោយនាវាយោធាមកពីរដ្ឋដែលមិនមែននៅក្នុងតំបន់សមុទ្រខ្មៅផងដែរ។
ផ្លូវទឹករវាងអឺរ៉ុប និងអាស៊ីកាត់តាមច្រកទាំង ២ នៅតួកគី ត្រូវបានរាំងស្ទះ តាមផ្លូវសមុទ្រ ហើយគេសង្កេតឃើញមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
អ្នកនាំពាក្យប្រធានាធិបតីលោក Ibrahim Kalin បាននិយាយនៅលើបណ្តាញសង្គម Twitter ថា៖ «ក្រុមឧត្តមនាវី គួរតែដឹងហើយថា រដ្ឋាភិបាលប្រាកដជាមិនអនុញ្ញាតឱ្យមានបញ្ហាបែបទាំងនេះកើតឡើងចំពោះប្រជាជនរបស់ខ្លួនទេ»។
ក្រសួងការពារជាតិតួកគីក៏បាននិយាយថា «សេចក្ដីប្រកាសនេះ គ្មានគោលបំណងអ្វីក្រៅពីធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យរបស់យើងនោះទេ។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឱ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់គណបក្សកាន់អំណាច និងមន្ត្រីរដ្ឋាភិបាល ដែលមិនពេញចិត្តនឹងសេចក្ដីថ្លែងការណ៍ចោទប្រកាន់ថា មន្ត្រីរដ្ឋាភិបាលតួកគីមានជាប់ពាក់ព័ន្ធនឹងប្រវត្តិរដ្ឋប្រហារនៅតួកគី។
យ៉ាងណាមិញ ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋបានឱ្យដឹងថា អតីតឧត្តមនាវីត្រូវបានគេឃាត់ខ្លួនសិន ក្នុងដំណាក់កាលស៊ើបអង្កេតពីបទ «កិច្ចព្រមព្រៀងដែលមានគោលបំណងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខរបស់រដ្ឋ និងបទបញ្ជារដ្ឋធម្មនុញ្ញ»។
គួរបញ្ជាក់ផងដែរថា ប្រទេសតួកគី ធ្លាប់បានជួបប្រទះរដ្ឋប្រហារនៅឆ្នាំ ១៩៦០, ១៩៧១ និង ១៩៨០ និងអន្តរាគមន៍យោធាឆ្នាំ ១៩៩៧ ដែលបណ្តាលឱ្យរដ្ឋាភិបាលចម្រុះដឹកនាំអ៊ិស្លាមលាលែងពីតំណែង។ នៅឆ្នាំ ២០១៦ រដ្ឋប្រហារបណ្តាលឱ្យមនុស្សជាង ២៥០ នាក់បានស្លាប់៕