កាលពីថ្ងៃចន្ទ ទី ៥ មេសា រដ្ឋមន្ត្រីក្រសួងបរិស្ថានប្រេស៊ីលប្រកាសស្វែងរកជំនួយបរទេស ១ ពាន់លានដុល្លារអាមេរិក ពីបណ្តាប្រទេសនានា ដើម្បីជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អាម៉ាហ្សូន។
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក Ricardo Salles បានផ្តល់កិច្ចសម្ភាសន៍ឱ្យសារព័ត៌មាន Estado de Sao Paulo ថា៖ «ផែនការនេះមានទឹកប្រាក់ ១ ពាន់លានដុល្លារអាមេរិក ដោយប្រើប្រាស់ក្នុងរយៈពេល ១២ ខែ។ ប្រសិនបើថវិកានោះប្រើ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើនៅព្រៃអាម៉ាហ្សូន យើងអាចកាត់បន្ថយការកាប់បំផ្លាញព្រៃឈើចន្លោះពី ៣០ ភាគរយ ទៅ ៤០ ភាគរយ ក្នុងរយៈពេល ១២ ខែ»។
លោក Salles បាននិយាយថា ថវិកាចំនួន ១ ភាគនឹងត្រូវប្រើដើម្បីចាត់វិធានការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើដោយផ្ទាល់។ លោកបានបន្ថែមទៀតថា លោកបានស្នើសុំថវិកាពីសហរដ្ឋអាមេរិក និងប្រទេសន័រវេស ផងដែរ៕