ក្រុង​ឌូ​បៃ: អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បាន​ប្រឈម​នឹង​ការ​មិន​ជឿ​ទុកចិត្ត​ដែល​កំពុង​កើន​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ជុំវិញ​ការ​យឺត​យ៉ាវ​ក្នុងការ​ពន្យល់​ពី​របៀប​ដែល​អ្នក​រិះគន់​ឈ្មោះ Jamal Khashoggi បាន​ស្លាប់​នៅ​ក្នុង​ស្ថាន​កុងស៊ុល​របស់​ខ្លួន​នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល ខណ​:ក្រុម​ប្រទេស​មហា​អំណាច​ពិភពលោក បាន​ទាម​ទារ​រក​ចម្លើយ និង​កន្លែង​លាក់​ទុក​សាកសព លោក Khashoggi។

បន្ទាប់ពី​ការបដិសេធ​រយៈពេល ២ សប្តាហ៍​នោះ អាជ្ញាធរ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បាន​សារភាព​កាល​ពី​ថ្ងៃ​សៅរ៍​ថា អ្នក​កាសែត​ដែល​សរសេរ​អត្ថបទ​អធិប្បាយ​ពី​នយោបាយ ត្រូវ​បាន​គេ​សម្លាប់ បន្ទាប់​ពី​ចូល​ទៅ​កាន់​ស្ថាន​កុងស៊ុល​កាល​ពី​ថ្ងៃ​ទី ២ ខែ​តុលា​នោះ ជា​ការ​បាត់​ខ្លួន​មួយ​ដែល​ធ្វើ​ឲ្យ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង និង​ធ្វើ​ឲ្យ​ព្រះរាជា​ណាចក្រ​ឈូង​សមុទ្រ​នេះ ធ្លាក់ ចូល​ទៅ​ក្នុង​វិបត្តិ​អន្តរជាតិ​កាន់​តែ​ខ្លាំង​ឡើង។

ក្រុមមន្ត្រី​តួ​ក​គី បាន​ចោទប្រកាន់​ក្រុង​រី​យ៉ា​ដ​ពីបទ​សម្លាប់​មនុស្ស​ដែល​គាំទ្រ​ដោយ​រដ្ឋ​និង​បំបែក​សាក​សព​ជា​ចំណែកៗ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​រដ្ឋាភិបាល​នៅ​តួកគី ធ្វើការ​រាយ​ការណ៍​ថា មាន​វីដេអូ និង​ភ័ស្តុតាង ដើម្បី​គាំទ្រ។

ដោយ​ពីដំបូង​និយាយថា លោក Khashoggi បាន​ចាក​ចេញពី​ស្ថាន​កុងស៊ុល​ដោយ​គ្មាន​របួស​ស្នាម​អី​ទេ ហើយ​ថា​ពួកគេ​បាន​ស៊ើប​អង្កេត​លើ​ករណី​បាត់​ខ្លួន​របស់​លោក ក្រុម​អាជ្ញាធរ អារ៉ាប៊ី សាអ៊ូឌីត បាន​សារភាព​ថា អ្នក​កាសែត​រូប​នេះ ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង «ជម្លោះ​ប្រតាយ​ប្រតប់​គ្នា» ជាមួយ​ក្រុម​មន្ត្រី​នៅ​ក្នុង​ស្ថាន​កុងស៊ុល​នោះ៕