រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសសមាជិកសហភាពអឺរ៉ុប បានផ្តល់ការឯកភាពកាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឱ្យសហភាពអឺរ៉ុបបង្កើតអង្គភាពត្រួតពិនិត្យការលាងលុយកខ្វក់កម្រិតសហភាពអឺរ៉ុបមួយ ដែលមានសិទ្ធិអំណាចជ្រៀតជ្រែកចូលក្នុងយុត្តាធិការថ្នាក់ជាតិរបស់ប្រទេសសមាជិកប្រសិនបើអង្គភាពនេះរកឃើញថា ប្រទេសណាមួយខកខានក្នុងការប្រឆាំងការលាងលុយ។
វិធានការដែលបានព្រមព្រៀងគ្នានេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់លម្អិតបន្ថែមទៀត ដែលនឹងចូលជាធរមាននៅត្រីមាសទី១ ឆ្នាំ ២០២១។ វិធានការទាំងនេះត្រូវបានគេលើកសរសើរថា ជាជំហានដំបូងដ៏សំខាន់ ដើម្បីទប់ស្កាត់រឿងអាស្រូវនៃការលាងលុយក្នុងសហភាពអឺរ៉ុបនាពេលអនាគត។
ទីប្រឹក្សាផ្នែកគោលនយោបាយនៃគណៈកម្មាធិការ Helsinki ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន លោក Paul Massaro បានពិពណ៌នាអំពីគំនិតផ្តួចផ្តើមនេះនៅលើ Twitter កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ថា ជានគរបាលប្រឆាំងការលាងលុយ និងថាការគាំទ្ររបស់រដ្ឋមន្ត្រីសហភាពអឺរ៉ុបគឺជាជំហាន ១ ឆ្ពោះទៅមុខប្រកបដោយសក្តានុពលមុននឹងមានច្បាប់ប្រឆាំងការលាងលុយ។
អនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុបលោក Valdis Drombrovskis បានលើកឡើងថា៖ «លុយកខ្វក់ងាយចរាចរណាស់ និងជារឿងស្មុគស្មាញពិបាកដោះស្រាយ»។ លោកបានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ យើងត្រូវមានការឯកភាពគ្នាមួយកម្រិតសហភាពអឺរ៉ុបតែម្តង។
អធិការបតីរង និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់លោក Olaf Scholz បានឯកភាពជាមួយការលើកឡើងនេះ ដោយបានសង្កត់ធ្ងន់ថា បទប្បញ្ញត្តិរួមគ្នា និងការត្រួតពិនិត្យកម្រិតសហភាពអឺរ៉ុបទាំងមូលនឹងមានប្រសិទ្ធភាពជាង ហើយជួយពង្រឹងយន្តការលាងលុយកខ្វក់របស់សហភាពអឺរ៉ុប។ លោកបានបន្ថែមថា ករណីសង្ស័យលាងលុយកខ្វក់កាលពីពេលថ្មីៗនេះនៅក្នុងសហភាពអឺរ៉ុបគឺជាសញ្ញាប្រាប់ថានេះគឺជារឿងបន្ទាន់ និងថាវាគឺជាការចាំបាច់ដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសជាសមាជិកទាំងអស់ប្រកាន់យកជំហរតែមួយ ដើម្បីចាត់វិធានការតឹងតែងប្រឆាំងការលាងលុយ។
សេចក្តីព្រាងច្បាប់ថ្មីនេះនឹងផ្តល់ឱ្យសហភាពអឺរ៉ុបនូវសិទ្ធិអំណាចកម្រិតខ្ពស់ជាងប្រទេសសមាជិកក្នុងការដោះស្រាយរឿងអាស្រូវធំៗ ក្នុងករណីដែលប្រទេសសមាជិកខកខានម្តងហើយម្តងទៀតក្នុងការអនុវត្តតាមវិធានលាងលុយកខ្វក់របស់សហភាពអឺរ៉ុប។ ក្រុមប្រឹក្សាអឺរ៉ុបបានលើកឡើងថា ការធ្វើបែបនេះ គឺដើម្បីគាំទ្រដល់យន្តការត្រួតពិនិត្យរបស់សហភាពអឺរ៉ុបក៏ដូចជាអាជ្ញាធរត្រួតពិនិត្យនៃប្រទេសសមាជិកផងដែរ។
ក្រៅពីបង្កើតឱ្យមានបទប្បញ្ញត្តិរួមគ្នាប្រឆាំងការលាងលុយ ដើម្បីជំរុញការអនុវត្ត «បទប្បញ្ញត្តិផ្ទាល់ដែលអាចអនុវត្តបាន» ឱ្យបានល្អប្រសើរជាងមុន ក្រុមប្រឹក្សាអឺរ៉ុប គាំទ្រការបង្កើតអង្គភាពត្រួតពិនិត្យកម្រិតសហភាពអឺរ៉ុបមួយ ដែលមានសិទ្ធិអំណាចត្រួតពិនិត្យផ្ទាល់លើអង្គភាពជាប់កាតព្វកិច្ចមួយចំនួនដែលមានហានិភ័យខ្ពស់ ក៏ដូចជាសិទ្ធិអំណាចត្រួតពិនិត្យបន្តពីអាជ្ញាធរត្រួតពិនិត្យរបស់ប្រទេសសមាជិកក្នុងករណីជាក់លាក់ និងពិសេសនានា។
អង្គភាពនេះអាចត្រួតពិនិត្យជាទូទៅ រួមទាំងការត្រួតពិនិត្យនៅនឹងកន្លែងដោយសហការជាមួយអាជ្ញាធរត្រួតពិនិត្យនៃប្រទេសសមាជិកក៏ដូចជាចេញសេចក្តីណែនាំផ្ទាល់ ឬដាក់ទោសលើស្ថាប័នដែលជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់។ យុត្តាធិការរបស់អង្គភាពនេះអាចគ្របដណ្តប់ទៅលើស្ថាប័នឥណទានការិយាល័យប្តូរប្រាក់ ប្រព័ន្ធផ្ទេរលុយអេឡិចត្រូនិក និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។
សហភាពអឺរ៉ុបត្រូវបានញាំញីដោយករណីលាងលុយកខ្វក់ធំៗជាច្រើនដែលហួសផុតពីកម្រិតយុត្តាធិការនៃប្រទេសជាសមាជិកតែមួយ ដូចជាករណីរឿងអាស្រូវធនាគារ Danske នៃប្រទេសដាណឺម៉ាក ដែលត្រូវបានរកឃើញថាមានប្រតិបត្តិការគួរឱ្យសង្ស័យកាលពីឆ្នាំ ២០១៨ ជាមួយទឹកប្រាក់ចំនួន ២៣០ ពាន់លានអឺរ៉ូ (ប្រហែល ២៧១,៥០ ពាន់លានដុល្លារអាមេរិក) ឆ្លងកាត់សាខារបស់ខ្លួនក្នុងប្រទេសអេស្តូនី ទៅកាន់ប្រទេសជាច្រើនទាំងក្នុង និងក្រៅសហភាពអឺរ៉ុប។
រឿងអាស្រូវនេះ បានបង្ហាញពីគុណវិបត្តិនៃចន្លោះប្រហោងផ្នែកច្បាប់របស់សហភាពអឺរ៉ុប និងកង្វះអង្គភាពត្រួតពិនិត្យរួមមួយ។ រឿងអាស្រូវនេះ បានធ្វើឱ្យធនាគារ Danske ដែលជាអ្នកផ្តល់ប្រាក់កម្ចីច្រើនជាងគេបង្អស់នៃប្រទេសដាណឺម៉ាក ប្រឈមមុខនឹងការសង្ស័យ ការស៊ើបអង្កេត និងការចោទប្រកាន់នៅក្នុងប្រទេសជាច្រើន ចំពោះការត្រួតពិនិត្យ ការរាយការណ៍ និងការដោះស្រាយរបស់ធនាគារនេះលើទឹកប្រាក់ប្រមាណ ២០០ ពាន់លានអឺរ៉ូ ឬជាង ២២៤ ពាន់លានដុល្លារ ក្នុងប្រតិបត្តិការផ្ទេរប្រាក់ដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី ចន្លោះឆ្នាំ ២០០៧ និងឆ្នាំ ២០១៥។ រឿងអាស្រូវនេះបាននាំឱ្យមានការបណ្តេញប្រធានធនាគារកំពូលៗមួយចំនួនចេញពីតំណែងក្នុងប្រទេសដាណឺម៉ាក និងស៊ុយអែត បានបង្ហាញឱ្យឃើញពីការជាប់ពាក់ព័ន្ធរបស់ធនាគារ Deutsche Bank និងបានធ្វើឱ្យក្រុមនិយតករក្នុងតំបន់ប្រឈមនឹងការត្រួតពិនិត្យដ៏តឹងតែងផងដែរ។
នៅប្រទេសបែលហ្ស៊ិក ក្រោយបរាជ័យក្នុងការប្រឆាំងការលាងលុយកខ្វក់ ក្រុមធនាគារធំៗបំផុតរបស់ប្រទេសនេះ បានស្នើសុំឱ្យមានការបង្កើតយន្តការ ដើម្បីផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកជាមួយអាជ្ញាធរបែលហ្ស៊ិកអំពីការផ្ទេរប្រាក់ដែលសង្ស័យថា ជាការលាងលុយកខ្វក់ ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់លំហូរលុយកខ្វក់ទទួលបានការគាំទ្រនៅទូទាំងពិភពលោក។
ក្នុងសក្ខីកម្មចំពោះមុខគណៈកម្មាធិការហិរញ្ញវត្ថុរបស់សភាបែលហ្ស៊ិក កាលពីសប្តាហ៍មុន ក្រុមធនាគារបែលហ្ស៊ិក រួមមានធនាគារ ING Belgium ធនាគារ KBC ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង Belfius និងធនាគារ BNP Paribas Fortis បានរួមគ្នាស្នើសុំបង្កើតច្បាប់ដែលផ្តល់សិទ្ធិឱ្យពួកគេបង្កើតប្រព័ន្ធសុវត្ថិភាពមួយ ដើម្បីចែករំលែកព័ត៌មានអំពីករណីសង្ស័យការលាងលុយកខ្វក់ និងអំពីស្ថាប័ននានាដែលនៅពីក្រោយប្រតិបត្តិការផ្ទេរប្រាក់ទាំងនេះ។
សំណើ និងការផ្តល់សក្ខីកម្មរបស់ក្រុមធនាគារនេះ គឺជាលទ្ធផលនៃការបញ្ចេញសំណុំឯកសាររបស់បណ្តាញត្រួតពិនិត្យឧក្រិដ្ឋកម្មហិរញ្ញវត្ថុ (FinCEN Files) ដែលបានមកពីការស៊ើបអង្កេតនៅទូទាំងពិភពលោករបស់អ្នកសារព័ត៌មានអន្តរជាតិជាង ៤០០ នាក់។
សំណុំឯកសារនេះបានបង្ហាញឱ្យដឹងថា ធនាគារជាច្រើនបានបន្តផ្ទេរលុយកខ្វក់ដែលមានប្រភពមកពីក្រុមជួញដូរគ្រឿងញៀន របបពុករលួយ ក្រុមជួញដូរអាវុធខុសច្បាប់ និងឧក្រិដ្ឋជនអន្តរជាតិ និងឱ្យដឹងពីវិធីសាស្ត្រដែលប្រព័ន្ធត្រួតពិនិត្យដឹកនាំដោយសហរដ្ឋអាមេរិកបើកដៃឱ្យសកម្មភាពបែបនេះប្រព្រឹត្តទៅបាន។ ការស៊ើបអង្កេតនេះផ្អែកលើរបាយការណ៍សម្ងាត់អំពីសកម្មភាពគួរឱ្យសង្ស័យចំនួន ២ ១០០ ឯកសារ ដែលសារព័ត៌មាន BuzzFeed បានទទួល និងបានចែកចាយជាមួយសមាគមអ្នកសារព័ត៌មានផ្នែកស៊ើបអង្កេតអន្តរជាតិ និងដៃគូសារព័ត៌មានរបស់ខ្លួន។
របាយការណ៍ទាំងនេះ ត្រូវបានធនាគារនៅទូទាំងពិភពលោកផ្ញើទៅកាន់បណ្តាញត្រួតពិនិត្យឧក្រិដ្ឋកម្មហិរញ្ញវត្ថុ FinCEN (Financial Crimes Enforcement Network) ដែលជាអង្គភាពស៊ើបអង្កេតមួយនៅក្រោមក្រសួងរតនាគារសហរដ្ឋអាមេរិក។
ការស៊ើបអង្កេតរបស់ក្រុមអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិទៅលើសំណុំឯកសាររបស់បណ្តាញត្រួតពិនិត្យឧក្រិដ្ឋកម្មហិរញ្ញវត្ថុបានរកឃើញថា ធនាគារពិភពលោកជាច្រើនដែលមានប្រតិបត្តិការនៅសហរដ្ឋអាមេរិកបានប្រើប្រាស់សិទ្ធិដែលខ្លួនទទួលបានក្នុងប្រព័ន្ធរតនាគារជាតិអាមេរិក ដើម្បីផ្ទេរប្រាក់ជាង ២ ពាន់ពាន់លានដុល្លារនៅចន្លោះឆ្នាំ ១៩៩៩ និងឆ្នាំ ២០១៧ ដែលគេជឿថា មានការសង្ស័យជាប់ពាក់ព័ន្ធនឹងការលាងលុយរបស់អតិថិជនធនាគារនៅក្នុងប្រទេសចំនួនជាង ១៧០៕