កាល​ពី​ថ្ងៃ​ចន្ទ ទី ១ ខែកុម្ភៈ ចក្រភព​អង់គ្លេស​បាន​ស្នើ​សុំចូល​ជា​សមាជិក​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ដើម្បី​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បន្ទាប់ពី​ចាកចេញពី​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំមុន។

ប្រសិនបើ​ចក្រភព​អង់គ្លេស​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ជា​សមាជិក​ក្នុង​កតិកាសញ្ញា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​នេះ​ ចក្រភពអង់គ្លេស​អាច​ក្លាយជា​ប្រទេស​ដំបូង​ដែល​បាន​ចូល TPP-11 បន្ទាប់ពី​អតីត​ប្រធានាធិបតី​អាមេរិក លោក ​ដូ​ណា​ល់ ត្រាំ បាន​ដក​សហរដ្ឋអាមេរិក​ចេញពីកតិកាសញ្ញា​ក្នុង​ឆ្នាំ ២០១៧។

គួរបញ្ជាក់​ផងដែរ​ថា ភាពជា​ដៃគូ​អន្តរ-ប៉ាស៊ីហ្វិក​ គឺជា​កិច្ចព្រមព្រៀង​រវាង​បណ្តា​ប្រទេស​ចំនួន ១១ នៅ​តំបន់​ប៉ាស៊ីហ្វិក។ បណ្តា​ប្រទេស​ទាំងនោះ​រួមមាន ប្រទេស​អូស្ត្រាលី ប្រ៊ុយណេ កាណាដា ស៊ី​លី ជប៉ុន ម៉ាឡេស៊ី ម៉ិ​ក​ស៊ិ​ក នូ​វែ​ល​សេ​ឡង់ ប៉េ​រូ សិង្ហ​បុរី និង​វៀតណាម។

កតិកាសញ្ញា​នេះ​ អាចជួយ​អនុគ្រោះ​ពន្ធ​ទៅលើ​ផលិតផល​មួយចំនួន​នៅពេលដែល​បណ្តា​ប្រទេស​ទាំងនោះ​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ទីផ្សារ​បណ្តា​ប្រទេស​នានា ដែលជា​សមាជិក។

នៅក្នុង​សេចក្តីប្រកាស​មួយ​កាលពី​ថ្ងៃទី ៣០ មករា នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​ចក្រភព​អង់គ្លេស​បាន​និយាយថា នឹងមាន​ការពិភាក្សា​ការដាក់សំណើ​សុំចូល​កតិកា​សញ្ញា​នេះ។ ការពិភាក្សា​នេះ​នឹង​ធ្វើឡើង​ដោយមាន​វត្តមាន​លោក​ Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ TPP-11 របស់​ប្រទេស​ជប៉ុន និង​លោក​ Damien O''Connor រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច។

បន្ទាប់​មកពី​ការដាក់សំណើ​រួច គណៈកម្មការនឹង​ជា​អ្នកសម្រេច​ក្នុង​ការចូល​ជា​សមាជិក​នៃ​កតិកាសញ្ញា​ដៃគូ​អន្តរ-ប៉ាស៊ីហ្វិក។

ប្រសិនបើ​ទទួលបាន​ជោគជ័យ​ ចក្រភព​អង់គ្លេស​នឹង​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី២ បន្ទាប់ពី​ប្រទេស​ជប៉ុន។

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​និយាយថា៖ “ការដាក់សំណើ​ធ្វើជា​ប្រទេស​ថ្មី​ដំបូង​គេ​ដែល​ចូលរួម​ជាមួយ CPTPP បង្ហាញ​ពី​ម​ហិ​ច្ឆតា​របស់​អង់គ្លេស​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​តាម​លក្ខខណ្ឌ​ល្អ​បំផុត​ជាមួយនឹង​ដៃគូ​នៅ​ទូទាំង​ពិភពលោក​នឹង​ក្លាយជា​ម្ចាស់​ជើងឯក​នៃ​ពាណិជ្ជកម្ម​សេរី​សកល។

បណ្តា​ប្រទេស​ដែល​នៅក្នុង កតិកាសញ្ញា​នេះ គឺអាច​ធ្វើ​ពាណិជ្ជកម្ម​ទៅកាន់​ទីផ្សារ​របស់​ប្រទេស​នានា​ទៅវិញទៅមក​ហើយ​ពន្ធ​ទំនិញ​ទាំងនោះ​ទទួល បានការ​កាត់បន្ថយពន្ធ​ប្រមាណ ៩៥ ភាគរយ។

លើសពីនេះ​ទៀត ក្រុមហ៊ុន​ផលិតផល​ដែល​យក​សារធាតុ​ដើមពី​តំបន់​ផ្សេង​គ្នាច្រើន​អាចមាន​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ​ផងដែរ។ ទោះយ៉ាងណា​ CPTPP មិន​ដូច​សហភាព​អឺរ៉ុប​ទេ​មិនមែន​ជាទីផ្សារ​តែមួយ​ទេ។ ដូច្នេះ​ប្រទេស​នានា​មិន​តម្រូវឱ្យមាន​បទបញ្ជា និង​ស្តង់ដា​ដូចគ្នា​ទេ​ហើយ​បណ្តា​ប្រទេស​អាចធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្ទាល់ ខ្លួន​ជាមួយ​ប្រទេស​ដទៃ​បាន​ផងដែរ។

ប្រទេស​អង់គ្លេស ចង់​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត បន្ទាប់ពី​ប្រទេស​នេះ​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប ជាការដែល​ប្រទេស​អង់គ្លេស ​សម្រេចចិត្ត​ស្នើសុំ​ចូលទៅកតិកាសញ្ញា​ភាពជា​ដែ​គូ​អន្តរ​ប៉ាស៊ីហ្វិក​នេះ​ធ្វើឱ្យ​ទំនាក់ទំនងជាមួយ​ប្រទេស​ជប៉ុន និង​អង់គ្លេស កាន់​តែមាន​សារៈសំខាន់​បំផុត។

វិធីសាស្ត្រ​ទ្វេភាគី​របស់​អង់គ្លេស​ចំពោះ​ពាណិជ្ជកម្ម​គឺមាន​លក្ខណៈ​សម​ហេតុ​សម​ផល ​ខណៈពេលដែល​ចូលរួម​ជាមួយ​ CPTPP ដោយសារ​ប្រទេស​អង់គ្លេស​ ដើរតួ​ប្រមាណ ១៣ ភាគរយ ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក។

ប្រទេស​អង់គ្លេស នឹងមាន​ភាពល្អប្រសើរ​ជាមួយ​ប្រទេស​ជប៉ុន ​ដោយ​បច្ចុប្បន្ន​ប្រទេស​ជប៉ុន ​ដើរតួ​ប្រមាណ ៥០ ភាគរយ ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ដកខ្លួន​ចេញពី​កតិកាសញ្ញា​នេះ​កាលពី​ឆ្នាំ ២០១៧។ ការឈានចូល​របស់​ប្រទេស​អង់គ្លេស​ អាច​នឹង​ក្លាយជា​ការអភិវឌ្ឍ​ព្រមទាំង​អាច​នឹងមាន​លទ្ធភាព​ពង្រីក​ប្លុក​បន្ថែមទៀត​និង​អាចធ្វើឱ្យ​មានតែ​ការចូល​ជាស​មាជិ​ក​បន្ថែម​នាពេល​អនាគត៕