កាលពីថ្ងៃសៅរ៍ ទី ១៥ ឧសភាករណីវិជ្ជមានកូវីដ ១៩ នៅប្រទេសឥណ្ឌា មានចំនួនតិចបំផុត កំឡុងករណីឆ្លងក្នុងសហគមន៍លើកនេះ។ នៅថ្ងៃទី ១៥ ឧសភានេះ ឥណ្ឌាមានករណីអ្នកស្លាប់ត្រឹម ៤ ០០០ ករណី ដែលឥណ្ឌាសង្ឃឹមថា អាចនឹងធ្វើឱ្យស្ថាន ការណ៍នៅក្នុងប្រទេសមានលំនឹងឡើងវិញ។
លោក Vinod Paul ដែលជាសមាជិកវិទ្យាស្ថានជាតិសម្រាប់ការផ្លាស់ប្តូរ ប្រទេសឥណ្ឌា បាននិយាយថា ស្ថានភាពកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌា កំពុងមានសិ្ថរភាព ហើយរដ្ឋាភិបាលនឹងខិតខំរកវិធានការធ្វើយ៉ាងណាមានស្ថិរភាពបន្ថែមទៀត។ នេះបើយោងតាម ការដកស្រង់សម្តីរបស់ Business Today។
យោងតាមការដកស្រង់សម្តីរបស់សារព័ត៌មាន Strait Times នៅក្នុងសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលឥណ្ឌាបានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានប្រាប់មន្រ្តីរបស់ខ្លួនឱ្យផ្តោតការយកចិត្តទុកដាក់លើការចែកចាយធនធានរួមទាំង ការផ្គត់ផ្គង់អុកស៊ីហ្ស៊ែន នៅតំបន់ជនបទដែលរងផលប៉ះពាល់ខ្លាំង។
លោកក៏បានអំពាវនាវឱ្យមានការធ្វើតេស្តបន្ថែមទៀត នៅតាមទីជនបទរបស់ឥណ្ឌាដែលកំពុងមានការរីករាលដាលវីរុសនេះឆាប់រហ័ស។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ១៥ ឧសភា មន្ត្រីសុខាភិបាលកំពូលបាន និយាយថា រដ្ឋចំនួន ១០ មានករណីវិជ្ជមានកូវីដ ៨៥ ភាគរយ សរុបនៅក្នុងប្រទេស។
ក្រសួងសុខាភិបាល បាននិយាយថារដ្ឋចំនួន ១១ មានករណីអ្នកឆ្លងជាង ១០ ម៉ឺនករណី។ រដ្ឋ ៨ ទៀតមានករណីសកម្មចន្លោះពី ៥ ទៅ ១០ ម៉ឺនករណី។ ក្រសួងក៏បានបន្តនិយាយថា រដ្ឋ Maharashtra, Uttar Pradesh, Gujarat និង Chhattisgarh ដែលមានចំនួនករណីវិជ្ជមានច្រើនកំពុងមានការថយចុះនៃចំនួនករណីសកម្ម។
ការឆ្លងជាសហគមន៍នៅក្នុងប្រទេសឥណ្ឌានេះ កើនឡើងដោយការជឿលើជំនឿ ជំនួសវិធីសាស្រ្តការពារផ្អែកលើវិទ្យាសាស្ត្រក្នុងការទប់ទល់នឹងរោគរាតត្បាតនេះ។
រដ្ឋាភិបាលឥណ្ឌា ធ្លាប់បានអនុញ្ញាតឱ្យមានការជួបជុំពិធីបុណ្យបែបសាសនា និងការប្រមូលផ្តុំដើម្បីឃោសនានយោបាយបានជំរុញឱ្យមានករណីវិជ្ជមានកូវីដ ១៩ គួរឱ្យកតក់សម្គាល់។
បន្ថែមពីនេះ ការមិនអើពើនឹង ដំបូន្មានរបស់អង្គការសុខភាពពិភព លោកចាប់តាំងពី ការចាប់ផ្តើមនៃវិបត្តិនេះ។ អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍នូវយុទ្ធសាស្ត្រមួយចំនួន ដែលតម្រូវឱ្យមានការធ្វើតេស្តការទាក់ទងអ្នកជាប់ពាក់ព័ន្ធ ការរក្សាគម្លាតសង្គម និងការព្យាបាល៕