ក្រុងអាថែន៖ នាយករដ្ឋមន្ត្រីរបស់ប្រទេស ក្រិក លោក គីរីអាកូស មិតសូតាគីស បានថ្លែងកាលពីថ្ងៃអាទិត្យថា ប្រទេស ក្រិក នឹងស្វះស្វែងរកការគាំទ្រពីអង្គការណាតូ នៅឯជំនួបកំពូលសម្ព័ន្ធមិត្តមួយ នៅក្នុងទីក្រុងឡុងដ៍នៅសប្តាហ៍នេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងយោធាមួយ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេស តួកគី និងរដ្ឋាភិបាលដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិនៅលីប៊ីនោះ។
ប្រធានាធិបតីតួកគីលោក រ៉េសិបតៃយីប អេរដូហ្គែន បានជួបជាមួយប្រមុខរដ្ឋាភិបាលបង្រួបបង្រួមជាតិ (GNA) មានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី គឺលោកនាយករដ្ឋមន្ត្រី ហ្វាយីដ អាល់-សារ៉ាច កាលពីថ្ងៃពុធ ដើម្បីចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ និងយោធា និងសមត្ថកិច្ចយុត្ថាធិការដែនសមុទ្រផងដែរ។
យោងតាមប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិលោក ហ្គាសសាន់ សាឡាមី បានឲ្យដឹងថា កិច្ចព្រមព្រៀងទាំងនោះ ត្រូវបានធ្វើឡើងនៅក្នុងប្រទេស អេហ្ស៊ីប និងប្រទេស ស៊ីប។
លោក គីរីអាកូស មិតសូតាគីស បានថ្លែងនៅក្នុងសុន្ទរកថាមួយ ទៅកាន់គណបក្សប្រជាធិបតេយ្យថ្មីរបស់លោកកាលពីថ្ងៃអាទិត្យថា៖ «សម្ព័ន្ធមិត្តមួយ មិនអាចមិនអើពើនោះទេ នៅពេលសមាជិកមួយក្នុងចំណោមសមាជិករបស់ខ្លួន បានបំពានច្បាប់អន្តរជាតិ និងមានបំណងធ្វើឲ្យមានផលអាក្រក់ដល់សមាជិកផ្សេងទៀតនោះ»។
ប្រទេស ក្រិក កាលពីសប្តាហ៍មុន បានសម្តែងការមិនពេញចិត្តរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងនោះ ហើយបានកោះហៅក្រុមឯកអគ្គរដ្ឋទូតរបស់ប្រទេស តួកគី និងលីប៊ីប្រចាំនៅក្នុងប្រទេស ក្រិក ដើម្បីសួរព័ត៌មានជុំវិញកាតព្វកិច្ចរបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសក្រិកលោក នីកូស ឌែនឌៀស កាលពីថ្ងៃអាទិត្យបានជួបជាមួយសមភាគីអេហ្ស៊ីបរបស់លោក គឺលោក សាមីហ៍ ឈូគ្រី នៅក្នុងទីក្រុងគែរ ដើម្បីពិភាក្សាអំពីបញ្ហានោះដែរ។
កិច្ចព្រមព្រៀងនោះ បានធ្វើឡើង ទោះបីជាមានការកោះហៅពីសម្ព័ន្ធអារ៉ាប់ ដែលរួមមានលីប៊ី ដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយតួកគី នៅក្នុងការតវ៉ាយុទ្ធនាការយោធាទ្រង់ទ្រាយធំរបស់ខ្លួន ប្រឆាំងកងកម្លាំងឃើដនៅស៊ីរីក្តី៕ AFP/SK