ក្រុង​កា​រ៉ា​កាសៈ​ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​លោក ​Juan Guaido​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ប្តេជ្ញា​​ដណ្តើម​យក​កន្លែង​របស់​លោក​ នីកូឡាស​ ម៉ាឌូរ៉ូ​នៅ​ក្នុង​វិមាន​ប្រធានាធិបតី ​នៅ​ពេល​ឆាប់ៗ​នេះ ​ខណៈ​មនុស្ស​រាប់​ពាន់​នាក់​បាន​ឡើង​ទៅ​តាម​ដង​ផ្លូវ​នានា​នៅ​ក្នុង​ក្រុង​ការ៉ាកាស ​ដើម្បី​ធ្វើ​ការ​តវ៉ា​។​​​

លោក ​Juan Guaido ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ដែល​ស្រែក​គាំទ្រៈ​ «Yes, you can!» ​ថា​៖ «​យើង​ត្រូវ​ការ​ការិយាល័យ​មួយ​សម្រាប់​ធ្វើ​ការ​នៅ​ពេល​ឆាប់ៗ​នេះ​ និង​នៅ​ពេល​ដែល​យើង​មាន​កង​កម្លាំង​​ប្រដាប់​អាវុធ​ទាំង​អស់​នៅ​ខាង​យើង​យើង​នឹង​ទៅ​រក​​ការិយាល័យ​របស់​យើង​នៅ​ទីនោះ​ នៅ​ក្នុង​ក្រុង​ Miraflores​»។

ក្រុម​អ្នក​តវ៉ា​បាន​គោះ​ឆ្នាំង​ និង​ចុច​ស៊ីភ្លេ​រថយន្ត​ នៅ​ពេល​ធ្វើ​ការ​តវ៉ា​នៅ​ក្នុង​ទីលាន​មួយ​នៅ​ភាគ​ខាង​កើត​នៃ​រដ្ឋធានី​។ ​ភាគ​ច្រើន​គ្រវី​បដា​ផ្ទាំង​ធំៗ​ដោយ​បាន​អំពាវនាវ​ឲ្យ​លោក ​ម៉ាឌូរ៉ូ​ ចុះ​ពី​តំណែង​។

អ្នក​តវ៉ា​ម្នាក់​ឈ្មោះ​ Miguel Gonzalez ​បាន​និយាយ​ថា៖ ​«​ស្ថានភាព​នេះ​ ពិបាក​ណាស់ ​យើង​សង្ឃឹម​ថា ​រដ្ឋាភិបាល​នេះ​ នឹង​ផ្លាស់​ប្តូរ​។ យើង​មាន​ការ​បះបោរ​គ្រប់គ្រាន់​ហើយ​»។

លោក​ Juan Guaido​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​ដោយ​ប្រទេស​ជាង ​៥០ ​បាន​ថ្លែង​ថា​៖ ​«​​​ដោយ​មាន​ភាព​អង់អាច​ក្លាហាន និង​កម្លាំង​ខ្លាំងក្លា ​ខ្ញុំ​សុំ​ឲ្យ​អ្នក​ជឿ​លើ​ខ្លួន​អ្នក​ថា ​វ៉េណេស៊ុយអេឡា​ នឹង​រួច​ផុត​ពី​ភាព​ងងឹត​ឈឹង​បែប​នេះ ​ហើយ​ការ​ដណ្តើម​យក​អំណាច​ជិត​ឈាន​ដល់​ទី​បញ្ចប់​​ដែរ​»។ ​

​លោក Guaido (កណ្តាល​ ក្រោម ) ថ្លែង​នៅ​ក្នុង​អំឡុង​ការតវ៉ា​កាលពីថ្ងៃទី ​១២​ ខែ មីនា។ AFP

លោក​រដ្ឋអាជ្ញា ​Tarek William Saab ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ​លោក​នឹង​ដាក់​លោក​ Guaido ក្រោម ការ​ស៊ើប​អង្កេត​ពី​បទ​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​បំផ្លាញ​ប្រព័ន្ធ​អគ្គិសនី​របស់​វ៉េណេស៊ុយអេឡា​។ ​

នេះ​ គឺ​ជា​កិច្ច​ប្រឹងប្រែង​​ដំបូង​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹង​មេ​ដឹកនាំ​បក្ស​ប្រឆាំង លោក​ Guaido គាំទ្រ​ដោយ​អាមេរិក ចាប់​តាំង​ពី​លោក​វិល​ត្រឡប់​ចូល​វ៉េណេស៊ុយអេឡា​កាល​ពី​សប្តាហ៍​មុន​ ក្រោយ​ពី​ផ្គើន​នឹង​បម្រាម​ធ្វើ​ដំណើរ​ទៅ​ជួប​មេ​ដឹកនាំ​ជា​ច្រើន​នៅ​អាមេរិក​​ខាង​ត្បូង​ជា​សម្ព័ន្ធ​មិត្ត។

លោក ​ម៉ាឌូរ៉ូ​ បាន​ស្តីបន្ទោស​ការ​ដាច់​អគ្គិសនី​ជា​ច្រើន​ថ្ងៃ​ដែល​ញាំញី​វ៉េណេស៊ុយអេឡា​ ទៅ​លើ​ក្រុង​វ៉ាស៊ីនតោន ​និង​បាន​ប្រកាស​ជ័យជម្នះ​ទៅ​លើ​អ្វី​ដែល​លោក​​ហៅ​ថា​ សង្គ្រាម​អគ្គិសនី​បង្ក​ឡើង​ដោយ​មន្ទីរ​បញ្ចកោណ​៕ AFP/PSA ​