ក្រុងបាងកក៖ ប្រធានសភាលោក ឈួន លីកផៃ ត្រូវប្រជុំជាមួយក្រុមសមាជិកនៃគណៈកម្មាធិការអចិន្រ្តៃយ៍សភាទាំងអស់ ដើម្បីរំឭកពួកគេអំពីគោលការណ៍ចំណាយ ក្រោយពីពួកគេបានបដិសេធមិនព្រមបែងចែកថវិកាមិនទាន់ចំណាយនៅក្នុងចំណោមពួកគេនោះ។
លោក ឈួន លីកផៃ បានថ្លែងកាលពីថ្ងៃចន្ទថា លោកមានការរន្ធត់ដែលបានឮពាក្យចចាមអារ៉ាមថា សមាជិកគណៈកម្មាធិការសភាចំនួន ៣៥ នាក់ ថាបានចែកគ្នាម្នាក់ ១ សែនបាត ពីថវិកាចំនួន ៩០ លានបាត ដែលនៅសល់មិនទាន់ចំណាយ។
ថវិកាដែលនៅមិនទាន់ចំណាយ ត្រូវតម្រូវឲ្យបង្វិលទៅចូលកញ្ចប់ថវិការបស់រដ្ឋវិញ នៅចុងឆ្នាំសារពើពន្ធនៅថ្ងៃទី ៣០ ខែកញ្ញា។
បើយោងតាមពាក្យចចាមអារ៉ាមបានឲ្យដឹងថា ទោះបីជាយ៉ាងណាក៏ថវិកានៅមិនទាន់ចំណាយនោះ បានធ្លាក់ចូលហោប៉ៅរបស់សមាជិកនៃគណៈកម្មាធិការអចិន្រៃ្តយ៍។
លោក ឈួន លីកផៃ បានបដិសេធយ៉ាងដាច់អហង្កាអំពីពាក្យចចាមអារ៉ាម ហើយលោកបានថ្លែងថា រាល់មូលនិធិទាំងអស់ ទោះបីជាត្រូវបានចំណាយរួចហើយ ឬមិនទាន់ក្តី ក៏ត្រូវទូទាត់ឲ្យបានត្រឹមត្រូវដែរ។
ប្រធានសភារូបនោះបានថ្លែងថា៖ «រាល់ថវិកាណាមួយ ដែលនៅសល់ត្រូវតែប្រគល់ជូនទៅឲ្យកញ្ចប់ថវិកាកណ្តាលវិញ ពីព្រោះថវិកានោះ ជារបស់អ្នកបង់ពន្ធ ព្រោះថវិកានោះ មិនមែនសម្រាប់ការចែកគ្នានៅក្នុងចំណោមគណៈកម្មាធិការនោះទេ»។
លោកថា លោកស្នើឲ្យមន្ត្រីសភាធ្វើរបាយការណ៍ចំណាយ៕ BKP/SK