កាលពីថ្ងៃអាទិត្យ ទី ២៨ មីនានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិបានរិះគន់ប្រទេសអភិវឌ្ឍដែលទិញវ៉ាក់សាំងកូវីដ ១៩ ស្តុកទុក។ បន្ថែមពីនេះ លោកបានអំពាវនាវអោយប្រទេសទាំងនោះចែករំលែកវ៉ាក់សាំងទៅបណ្តាប្រទេសដទៃទៀត។
អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បាននិយាយថា៖ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងការចែកចាយវ៉ាក់សាំង ដែលអយុត្តិធម៌នៅក្នុងពិភពលោក»។ ប្រមុខអង្គការសហប្រជាជាតិបានរិះគន់បណ្តាប្រទេសអ្នកថា គិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយផ្គត់ផ្គង់វ៉ាក់សាំងលើសពីតម្រូវការរបស់ប្រជាជនរបស់ខ្លួន។
អគ្គលេខាធិការរូបនេះបានលើកឡើងថា កម្មវិធីជំនួយអន្តរជាតិ COVAX កំពុងជួបប្រទះការលំបាកពីព្រោះមានការស្តុកទុកវ៉ាក់សាំងនៅតាមបណ្តាប្រទេសមួយចំនួន៕