អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ​លោក​ Tedros​Adhanom ​Ghebreyesus​ បាន​ព្រមាន​ថា​ ការ​ដែល​ប្រទេស​អ្នក​មាន​ទិញ​វ៉ាក់សាំង​ស្តុកទុក​អាច​នឹង​ពន្យារ​ការ​រាតត្បាត​នៃ​កូវីដ ១៩​ ហើយ​ការ​រឹតត្បិត​នៅ​តែ​បន្ត​ដែល​នឹង​បង្កើន​ការ​រងគ្រោះ​ដល់​មនុស្ស​ និង​សេដ្ឋកិច្ច​។​

កាល​ពី​ម្សិលមិញ​ លោក ​Tedros​ ​បាន​លើក​ឡើង​ទាក់ទង​នឹង​ការ​ចែកចាយ​វ៉ាក់សាំង​កូវីដ ១៩ ​មិន​ស្មើភាព​គ្នា​រវាង​ប្រទេស​​​អ្នក​មាន​ និង​ប្រទេស​ក្រីក្រ​។ ​លោក​បាន​ស្តី​បន្ទោស​ប្រទេស​អ្នក​មាន​ចំពោះ​ការ​ទិញ ​និង​ប្រើប្រាស់​វ៉ាក់សាំង​ដែល​មាន​ទាំង​អស់​នា​ពេល​បច្ចុប្បន្ន​។​

ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​បាន​ស្តីបន្ទោស​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ក្នុង​ការ​​ផ្តោត​ទៅ​លើ​ប្រាក់​ចំណេញ​ខ្ពស់​ជាជាង​ស្វែងរក​ការ​យល់ព្រម​ជា​សកល​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក​។​ លោក​បាន​និយាយ​ថា ​ប្រទេស​អ្នក​មាន​នឹង​ស្ថិត​នៅ​ក្នុង​ហានិភ័យ​ប្រសិន​បើ​ពួក​គេ​មិន​អើពើ​នឹង​តម្រូវ​ការ​របស់​ប្រជាជន​ក្រីក្រ​។ ​លោក​បាន​និយាយ​ថា​ សកម្មភាព​ទាំង​នេះ​នឹង​ធ្វើ​ឱ្យ​ការ​ឆ្លង​​វីរុស​នេះ​នៅ​តែ​បន្ត​។​

People''s​ Vaccine​ Alliance​ បាន​និយាយ​ថា ​មាន​ប្រទេស​ចំនួន ​៧០ ​ដែល​មាន​ប្រាក់​​ចំណូល​ទាប​ ហើយ​ក្នុង​ចំណោម ​១០ ​នាក់​ មាន​តែ​ ១ ​នាក់​​​តែ​ប៉ុណ្ណោះ ​ដែល​អាច​ទទួល​​​បាន​​វ៉ាក់សាំង​។ ​ទោះបី​ជា​មាន​ក្រុមហ៊ុន​ឱសថ​មួយ​ចំនួន​ដែល​​​នឹង​ផ្តល់​វ៉ាក់សាំង​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក៏​ដោយ​ ក៏​ប្រជាជន​ដែល​នៅ​ប្រទេស​ក្រីក្រ​អាច​មិន​ទទួល​បាន​វ៉ាក់សាំង​ ដោយសារ​ខ្វះ​វ៉ាក់សាំង​។​

មក​ដល់​ពេល​បច្ចុប្បន្ន ​៩៦ ​ភាគរយ ​នៃ​វ៉ាក់សាំង​របស់ ​Pfizer​/BioNTech ​ត្រូវ​បាន​ទិញ​ដោយ​ប្រទេស​អ្នក​មាន​។​ ក្រុមហ៊ុន​ Pfizer​ ក៏​បាន​បញ្ជាក់​ពី​គោល​បំណង​របស់​ពួក​គេ​ក្នុង​ការ​រក​ប្រាក់​ចំណេញ​ និង​ពង្រឹង​កម្មសិទ្ធិ​បញ្ញា​ផង​ដែរ​។ ​បើ​គ្មាន​រដ្ឋាភិបាល​ចាត់​វិធានការ​ទេ​​នោះ ​វ៉ាក់សាំង​ប្រភេទ​នេះ ​គឺ​សម្រាប់​តែ​ប្រទេស​ដែល​មាន​ប្រាក់​ច្រើន​តែ​ប៉ុណ្ណោះ​។​

Covax ​ទទួល​បាន​វ៉ាក់សាំង​កូវីដ ១៩ ​ចំនួន ​៧០០ ​លាន​ដូស ​ដើម្បី​ចែកចាយ​ទៅ​បណ្តា​ប្រទេស​ ដែល​មាន​ប្រាក់​ចំណូល​ទាប​ចំនួន ​៩២ ​ប្រទេស​។ ​ក្រុមហ៊ុន ​Oxford ​Astra ​Zeneca ​សន្យា​​នឹង​ផ្តល់​វ៉ាក់សាំង​កូវីដ ​១៩​ ទៅ​ប្រជាជន​ប្រមាណ ៦៤​ ភាគរយ ​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ COVAX ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពេល​​មាន​ការ​រីក​រាលដាល​រោគ​រាតត្បាត​កូវីដ ១៩​​ បាន​ចាប់​ផ្តើម​ដែល​កម្មវិធី​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង ​ដើម្បី​ធានា​បាន​នូវ​ការ​ទទួល​បាន​ការ​ចែកចាយ​វ៉ាក់សាំង​ដោយ​យុត្តិធម៌ ​និង​ស្មើភាព​គ្នា​សម្រាប់​បណ្តា​​ប្រទេស​នានា​។​

យោង​ទៅ​តាម​ការ​វិភាគ​មួយ​ចំនួន​​បណ្តា​ប្រទេស​មហាអំណាច​បាន​ស្តុក​វ៉ាក់សាំង​លើស​ពី​ចំនួន​ដែល​ប្រទេស​ខ្លួន​ត្រូវ​ការ​ដល់​ទៅ ៣ ​ដង​។​ ​ទោះបី​ជា​បណ្តា​ប្រទេស​ទាំង​នោះ ​មាន​ប្រជាជន​ប្រមាណ ​១៤ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ពិភព​លោក​ក៏​ដោយ​ពួក​គេ​បាន​ទិញ​វ៉ាក់សាំង​ប្រមាណ ​៥៣ ​ភាគរយ​នៃ​វ៉ាក់សាំង​កូវីដ​សរុប​ដែល​បាន​​ដាក់​សាកល្បង​នៅ​ដំណាក់​​កាល​ទី៣ នេះ​។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ BBC​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ ​២០២០​។​

អង្គការ ​The​ People''s​ Vaccine ​Alliance​ បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ឱសថ​ដែល​កំពុង​ផលិត​វ៉ាក់សាំង​នេះ​ចែក​រំលែក​បច្ចេកវិទ្យា និង​កម្មសិទ្ធិ​បញ្ញា​ក្នុង​ការ​ផលិត​ដើម្បី​ផលិត​វ៉ាក់សាំង​នេះ​គ្រប់គ្រាន់​។​ ដោយ​​កាល​ពី​​ខែ​ធ្នូ​ ឆ្នាំ ២០២០ ​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​បាន​ប្រជុំ​ពិភាក្សា​គ្នា​ពិភាក្សា​សំណើ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំង​អស់​មិន​ចាំបាច់​មាន​ប៉ាតង់​ទៅ​លើ​បច្ចេកវិទ្យា​ក៏​ដូច​ជា​ឧបករណ៍​វេជ្ជសាស្ត្រ​ដែល​ទាក់ទង​នឹង​កូវីដ ១៩​។​

ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​ប្រទេស​មួយ​ចំនួន​ ​ដែល​នៅ​ក្នុង​បញ្ជី​នោះ​ក៏​មាន​ប្រទេស​អង់គ្លេស ​ផង​ដែរ​។​ ជា​ការ​ឆ្លើយ​តប​ទៅ​ការ​បដិសេធ​នេះ​ អង់គ្លេស​បាន​និយាយ​ថា​ គឺ​ទាក់ទង​នឹង​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​ក្រុមហ៊ុន​ឱសថ​នីមួយៗ​៕