ក្រុងប៉ារីសៈ នាយករដ្ឋមន្ត្រី​បារាំង​កាលពី​ថ្ងៃ​អង្គារ បាន​ប្រកាស​ពន្យារ​ពេល​ការ​ដំឡើង​ពន្ធ​ប្រេង​យ៉ាង​តិច ៦ ខែ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​តវ៉ា​ដោយ​ហិង្សា ដែល​ជា​ការ​បត់ ៩០ ដឺក្រេ​របស់​រដ្ឋការ​ប្រធានា​ធិបតី​ម៉ាក្រុង នៅ​ក្នុង​អំឡុង​ការ​កាន់​តំណែង​រយៈពេល ១៨ ខែ​របស់​លោក​នោះ។

នៅក្នុង​ការប្រកាស​សេចក្តី​សម្រេច​នោះ លោកនាយក​រដ្ឋមន្ត្រី Edouard Philippe បាន​ថ្លែង​ថា គ្មាន​នរណា​ម្នាក់​នឹង​ធ្វើ​ថ្លង់ ឬ ខ្វាក់ មិន​មើល ឬ​មិន​ឮ​អំពើ​ហិង្សា ដែល​កំពុង​កើន​ឡើង​នៅ​តាម​ដង​ផ្លូវ​នានា ជុំវិញ​គោល​នយោបាយ ដែល​លោក​ម៉ាក្រុង បាន​ការពារ​ថា​មាន​សារៈ​សំខាន់​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែ​បម្រួល អាកាស​ធាតុ។

លោក Philippe បាន​ថ្លែងថា៖ «ពលរដ្ឋ​បារាំង ដែល​ពាក់អាវកាក់​ពណ៌​លឿង ចង់​ឲ្យ​ពន្ធ​ថយ​ចុះ និង​ការងារ​ទទួល​បាន​ប្រាក់​ខែ​ច្រើន។ នោះ គឺជា​អ្វី​ដែល​យើង​ត្រូវការ»។

អ្នក​តវ៉ា​​ម្នាក់​គប់ដបដែលមាន​ទឹក​ថ្នាំ​ពណ៌លឿងទៅលើប៉ូលិស​។ AFP

ប្រសិនបើ​ខ្ញុំ​មិន​ព្យាយាម​ពន្យល់​ទេ ហើយ​ប្រសិនបើ​បក្ស​កាន់អំណាច​មិន​ប្រឹង​ប្រែង​បញ្ចុះ​បញ្ចូល​ពលរដ្ឋ​បារាំង​ទេ​នោះ នៅ​ពេល​នោះ តើ​មាន​អ្វី​ខ្លះ​ត្រូវ​ផ្លាស់ប្តូរ?

គ្មាន​ការយកពន្ធ​ណា​មានតម្លៃ​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បង្រួម​បង្រួម​ជាតិ​បារាំង​នោះ​ទេ។ ដោយ​មាន​ការ​ពន្យារ​ពេល​ដល់​ការ​ដំឡើង​ពន្ធ ដែល​ត្រូវ​បាន​គ្រោង​សម្រាប់​ខែ​មករា​នោះ លោក Philippe បាន​ថ្លែង​ថា ពេលវេលា​នេះ នឹង​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​ពិភាក្សា​អំពី​វិធានការ​ដទៃ​ទៀត​ក្នុង​គោល​បំណង​ជួយ​អ្នកក្រ និង​វណ្ណៈ​កណ្តាល​ដែល​ពឹង​ផ្អែក​លើ​យាន​ជំនិះ​ទៅ​ធ្វើការ និង​ឡើង​ផ្សារ។

មុននេះ ក្រុមមន្ត្រី បាន​បង្ហើប​ពី​លទ្ធភាព​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ប៉ុន្តែ​លោក Edouard Philippe មិន​បាន​ធ្វើការ​សន្យា​បែប​នេះ​ទេ៕