កាលពី​ថ្ងៃសៅរ៍​ ទី ៣​ មេសា​ ប្រទេស​អាហ្សង់ទីន​ បាន​ប្រកាសថា ​ប្រធានា​ធិបតី​របស់ខ្លួន​លោក ​Alberto Fernandez​ បានទទួល​លទ្ធផល​វិជ្ជមាន​លើ​តេស្តកូវីដ ១៩​ របស់​ខ្លួន​ បើទោះបី​ជា​លោក Alberto Fernandez​ បាន​ចាក់វ៉ាក់​សាំង​Sputnik V ​របស់​រុស្ស៊ី​កាលពី​ដើម​ឆ្នាំនេះ​រួច​ហើយ​ក្ដី។

សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញដោយ​វេជ្ជបណ្ឌិត​របស់​ប្រធានា​ធិបតី​លោក ​Federico Saavedra ​បាន​សរសេរ​ថា៖ «ការ​ធ្វើរោគ​វិនិច្ឆ័យ​កូវីដ ១៩​ បាន​បង្ហាញ​ថា​ លោក​ប្រធានា​ធិបតី​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ករណី​កូវីដ ១៩។ ​អាការៈលោក​បច្ចុប្បន្ន​មាន​លក្ខណៈ​ធូរស្រាល​ដោយសារ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ដែល​លោក​បាន​ចាក់»។ នេះ​បើយោងតាម​ការរាយការណ៍​របស់​សារព័ត៌មាន ​Reuters ។

វិទ្យាស្ថាន​ហ្គាម៉ាឡាយ៉ា​នៃ​ប្រទេស​រុស្ស៊ី​ ដែល​ផលិត​វ៉ាក់សាំង​ Sputnik V​ បានចេញ​សេចក្តីថ្លែង​ការណ៍​ដល់​លោក ​Fernandez ថា​ វ៉ាក់សាំង​ Sputnik V មាន​ប្រសិទ្ធ​ភាព​ ៩១,៦ ភាគរយ ​ប្រឆាំងនឹង​ការឆ្លង​ និង​មាន​ប្រសិទ្ធភាព ​១០០​ ភាគរយ​ ប្រឆាំងនឹង​អាការៈ​ធ្ងន់ធ្ងរ៕