ក្រុងម៉ិកស៊ីកូ៖ ប្រធានាធិបតីលោក អាន់ឌ្រែស ម៉ានុយអែល ឡូភីស អូប្រាឌឺរ បានថ្លែងកាលពីថ្ងៃអាទិត្យថា ការកាត់បន្ថយអត្រានៃឧក្រិដ្ឋកម្មហិង្សានៅប្រទេស ម៉ិកស៊ិក គឺជាឧបសគ្គដ៏ធំរបស់រដ្ឋាភិបាលនេះ។
លោក ឡូភីស អូប្រាឌឺរ បានថ្លែងប្រាប់ក្រុមអ្នកគាំទ្រយ៉ាងច្រើនដែល ប្រមូលផ្តុំគ្នានៅទីលានកណ្តាលទីក្រុងម៉ិកស៊ីកូ ដែលបានចូលរួមប្រារព្ធពិធីចូលកាន់តំណែងពេញ ១ ឆ្នាំដំបូងរបស់លោក។
លោកប្រធានាធិបតីរូបនោះ បានបន្ថែមថា៖ «ប៉ុន្តែយើងប្រាកដណាស់ថា យើងនឹងធ្វើឲ្យប្រទេស ម៉ិកស៊ិក មានសន្តិភាពជាមួយការគាំទ្ររបស់ប្រជាជន និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងមូលផងដែរ»។
លោកប្រធានាធិបតី ឡូភីស អូប្រាឌឺរ បានប្រើប្រាស់ការធ្វើពិធីប្រារព្ធបុណ្យខួប ដើម្បីបង្ហាញអំពីការរីកចម្រើននៅក្នុងរដ្ឋការរបស់លោក អំពីរណសិរ្សខុសៗគ្នា ជាពិសេសនៅក្នុងការធ្វើឲ្យសុខុមាលភាពរបស់ប្រជាជនក្រីក្រ និងវណ្ណៈកសិករ បានល្អប្រសើរឡើងវិញ ដែលជាតួអង្គដ៏សំខាន់មួយនៃយុទ្ធនាការប្រឆាំងអំពើឧក្រិដ្ឋកម្ម។
យោងតាមលោក ឡូភីស អូប្រាឌឺរ បានឲ្យដឹងថា មធ្យោបាយធ្វើឲ្យមានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងអំពើឧក្រិដ្ឋកម្ម គឺដើម្បីលើកកម្ពស់ស្តង់ដាជីវភាពរស់នៅរបស់ប្រជាជន ដូច្នេះយុវជនវ័យក្មេងរបស់ប្រទេស ម៉ិកស៊ិក ទំនងជាមិនងាយក្លាយទៅជាគោលដៅរបស់ក្រុមអង្គការឧក្រិដ្ឋជនទាំងនោះទេ។
លោកបានថ្លែងថា៖ «នៅតែមិនទាន់មានកំណើនសេដ្ឋកិច្ចដែលយើងចង់បាននៅឡើយទេ ប៉ុន្តែមានការបង់វិភាគទានទ្រព្យសម្បត្តិបានល្អប្រសើរជាងមុន»។
លោកបានបន្ថែមថា៖ «ថវិកាសាធារណជន មិនមែនកំពុងនៅក្នុងដៃតិចតួចដូចដែលខ្លួនបានប្រើប្រាស់នោះឡើយ ប៉ុន្តែថវិកានោះ កំពុងធ្លាក់ចូលទៅក្នុងដៃមនុស្សភាគច្រើន»។
រដ្ឋាភិបាលប្រើប្រាស់យុទ្ធនាការប្រឆាំងគ្រឿងញៀន មានបំណងដើម្បីការពារយុវជនឲ្យរួចផុតពីក្រុមអ្នកជួញដូរគ្រឿងញៀននៅក្នុងប្រទេស ម៉ិកស៊ិក។
លោកបានថ្លែងថា៖ «ប្រសិនបើយើងកាត់បន្ថយការប្រើប្រាស់គ្រឿងញៀនបាន យើងនឹងអាចដោះស្រាយបញ្ហាអសន្តិសុខបាន»៕ Xinhua/SK