កាលពីល្ងាចថ្ងៃអាទិត្យ ទី ២៤ មករា ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បាននិយាយថា លោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩។
លោក Lopez Obrador បានបង្ហោះសារទៅកាន់បណ្ដាញសង្គមថា៖ «ខ្ញុំសោកស្តាយណាស់ ដែលបានប្រាប់អ្នកថា ខ្ញុំបានឆ្លងជំងឺកូវីដ ១៩។ រោគសញ្ញា គឺស្រាលទេ ប៉ុន្តែខ្ញុំគឺកំពុងទទួលការព្យាបាលរួចហើយ។ ដូចរាល់ដងខ្ញុំមានសុទិដ្ឋិនិយម។ យើងនឹងឆ្ពោះទៅមុខ»។
លោក Lopez Obrador បាននិយាយថា លោកនឹងបន្តភារកិច្ចរបស់លោកពីវិមានប្រធានាធិបតីដែលរួមមានទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អំពីវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ី។
យ៉ាងណាមិញ គេកម្រឃើញ Lopez Obrador ពាក់ម៉ាស់ ហើយបានធ្វើដំណើរយ៉ាងមមាញឹក ដែលរួមមានការធ្វើដំណើរតាមជើងហោះហើរផងដែរ៕