ក្រុង​កូឡុំ​បូៈ ​ប្រធានាធិបតី​ស្រីលង្កា​បាន​ចូលរួម​ប្រារព្ធ​ពិធី​ខួប​លើក​ទី​១០ ​នៃ​ការ​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ​ជាមួយ​ក្រុម​ឧទ្ទាម​ខ្លាតាមិល ​កាល​ពី​ថ្ងៃ​អាទិត្យ ​ដោយ​ប្តេជ្ញា​ចិត្ត​កម្ទេច​ក្រុម​យុទ្ធជន​សកមុ្ម​ប្រយុទ្ធ​អ៊ិស្លាម​ ដែល​បាន​ទទួល​ខុស​ត្រូវ​ជុំវិញ​ការ​វាយ​ប្រហារ​គ្រាប់​បែក​ជា​ច្រើន​កន្លែង​ទៅ​លើ​ក្រុម​អ្នក​កាន់​សាសនា​គ្រិស្ត ​ដែល​បាន​បង្ក​ឲ្យ​មនុស្ស​ ២៥៨ ​នាក់​ស្លាប់​។​

លោក​ Maithripala Sirisena ​បាន​ថ្លែង​ថា ​កង​កម្លាំង​សន្តិសុខ​ និង​អង្គភាព​ចារកម្ម​ស្រីលង្កា​ អាច​ប្រើប្រាស់​បទ​ពិសោធ​របស់​ពួក​គេ​ នៅ​ក្នុង​ការ​កម្ទេច​ក្រុម​ឧទ្ទាម​បំបែក​ខ្លួន​ខ្លាតាមិល​អស់ ​១ ទសវត្សរ៍​ហើយ ​ដើម្បី​ដោះ​ស្រាយ​ទៅ​នឹង​ការ​ប្រកួត​ប្រជែង ​ចេញ​ពី​ក្រុម​ជ្រុល​និយម​ខាង​សាសនា​ទាំង​នោះ​។​

រដ្ឋាភិបាល​ បាន​ស្តី​បន្ទោស​ទៅ​លើ​ក្រុម​ជីហាដ​ជ្រុល​និយម​ប្រចាំ​តំបន់ ​ជុំវិញ​កា​រវាយ​ប្រហារ​កាល​ពី​ថ្ងៃទី ​២១ ​ខែ ​មេសា ​ប្រឆាំង​ព្រះវិហារ​គ្រិស្ត​ និង​សណ្ឋាគារ​ប្រណីត ​៣ ​កន្លែង​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ ៥០០ ​នាក់​រង​របួស​ ហើយ​បាន​បំផ្លាញ​សន្តិភាព​ដ៏​ផុយ​ស្រួយ​មួយ ​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ នៅ​លើ​កោះ​ ដែល​មាន​ប្រជាជន​ប្រមាណ​​ ២១ ​លាន​នាក់​ រស់​នៅ​។​

លោក​ Maithripala Sirisena ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រារព្ធ​រំឭក​ខួប​នោះ​ថា​៖ «​ដោយ​មាន​បទ​ពិសោធ​ពី​សង្គ្រាម​មួយ ​ដែល​មាន​រយៈពេល​ជាង ​៣ ​ទសវត្សរ៍ ​បច្ចុប្បន្ននេះ ​យើង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែង​ខុសៗ​គ្នា​យ៉ាង​ពេញ​ទំហឹង​​»​។​

លោក​ប្រធានាធិបតី​​​ Maithripala Sirisena ​បាន​ថ្លែង​៖ «​យើង​មាន​សមត្ថភាព​ចាប់​ខ្លួន​ក្រុម​អ្នក​ដែល​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​អ្នក​កាន់​សាសនា​គ្រិស្ត​ ហើយ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ​​ ​ត្រូវ​បាន​សម្លាប់ ​នៅ​ក្នុង​អំឡុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នោះ»​៕ AFP/SK​