ក្រុង​តេ​អេ​រ៉ង់ៈ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​កាល​ពី​ថ្ងៃ​អង្គារ បាន​ព្រមាន​ពិភពលោក​ជុំវិញ​ការ​ធ្វើ​ជំនួញ​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់ ខណៈ​ដែល​ក្រុង​វ៉ាស៊ីនតោន បាន​ដាក់ «ទណ្ឌកម្ម​ដ៏​ធ្ងន់​ជាង​គេ​បង្អស់​ដែល​មិន​ធ្លាប់​មាន» លើ​ប្រទេស​អ៊ីរ៉ង់ ដែល​នោះ​បង្ក​ឲ្យ​មាន​ល្បាយ​នៃ​កំហឹង ភាព​ភ័យ​ខ្លាច និង​ការ​ប្រឆាំង​ជា​ចំហ​នៅ​ក្នុង​ក្រុង​តេអេរ៉ង់។

ការដកខ្លួន​ចេញពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឆ្នាំ ២០១៥ បាន​បង្ក​ភាព​ភ័យខ្លាច​ដល់​អ្នក​វិនិយោគ និង​បាន​ធ្វើ​ឲ្យ​រូបិយ​ប័ណ្ណ​អ៊ីរ៉ង់​ឈ្មោះ​ថា​រីអាល់ ធ្លាក់​តម្លៃ តាំង​ពី​មុន​ពេល​ទណ្ឌកម្ម ត្រូវ​បាន​ដាក់​ចេញ​ជា​ធរមាន​ឡើង​វិញ។

ទណ្ឌកម្ម​ដែល​ទើបតែ​ត្រូវ​បានដាក់​ជាថ្មី​នេះ​មាន​គោលដៅ​លើ​ការប្រើប្រាស់​រូបិយប័ណ្ណ​របស់​អាមេរិក និង​ឧស្សាហកម្ម​សំខាន់ៗ មាន​ដូចជា​ឡាន និង​កម្រាល​ព្រំ ដូចជា មិន​អាច​បណ្តាល​មាន​បញ្ហា​សេដ្ឋកិច្ច​ភ្លាមៗ​នោះ​ទេ។

ទីផ្សារ​របស់​អ៊ីរ៉ង់​ពិតជា​មានដំណើរ​ការល្អ​ជាមួយ​ការពង្រឹង​រូបិយប័ណ្ណ​អ៊ីរ៉ង់​ប្រមាណ​ជា ២០ ភាគរយ តាំង​ពី​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​រដ្ឋាភិបាល បាន​បន្ធូរ​បន្ថយ​លើ​ច្បាប់​នៃ​អត្រា​ប្តូរប្រាក់ និង​អនុញ្ញាត​ឲ្យ​មាន​ការ​នាំចូល​មាស និង​រូបិយប័ណ្ណ​ដោយ​មិន​កំណត់ និង​មិន បង់ពន្ធ។

លោក​រូហានី​ ផ្តល់​បទសម្ភា​​ស​ឲ្យទូរទស្ស​ន៍​អុីរ៉ង់នៅក្នុង​ក្រុង​តេអេ​រ៉ង់។ AFP

ប៉ុន្តែ​កញ្ចប់​ទណ្ឌកម្ម​ទី ២ ដែល​ត្រូវ​បានដាក់​កាលពី​ថ្ងៃទី ៥ ខែ​វិច្ឆិកា និង​បាន​ផ្ដោត​ទៅ​លើ​វិស័យ​ប្រេង​ឆៅ​របស់​អ៊ីរ៉ង់​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ខូចខាត​ច្រើន​ជាង​នេះ ទោះបី​ជា​អតិថិជន​សំខាន់ៗ ដូចជា​ប្រទេស​ចិន ឥណ្ឌា និង​តួកគី​បាន​បដិសេធ​ក្នុង​ការ​កាត់​បន្ថយ​ការ​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​ក្តី។

លោក​ត្រាំ បាន​សរសេរ​សារ​លើ​ប្រព័ន្ធ​ធ្វី​ធើ​រថា៖ «ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ។​នេះ គឺជា​ទណ្ឌកម្ម​ដ៏​ខ្លាំង​ដែល​មិន​ដែល​ធ្លាប់​ដាក់​ចេញ​ពី​មុន​មក​ហើយ​នៅ​ខែ​វិច្ឆិកា ទណ្ឌកម្ម​ទាំង​អស់​នោះ​នឹង​ត្រូវ​ដំឡើង​កម្រិត​ខ្ពស់៕