ក្រុងវ៉ាស៊ីនតោនៈ ខណៈលោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនបានឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ប្រទេស កូរ៉េខាងជើង ថានឹងព្យួរការចរចា និងបន្តសកម្មភាពបង្កហេតុនោះ ក្រុមទីប្រឹក្សាជាន់ខ្ពស់របស់លោកបានរិះគន់ប្រទេសកុម្មុយនីស្តមួយនេះជុំវិញវិធានការនេះ ឥតបានការទេ ដោយបានហៅថាជា «ការរំលោភសេចក្តីទុកចិត្ត»។
នៅក្នុងបទសម្ភាសតាមវិទ្យុមួយដែលត្រូវបានគេចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន បានថ្លែងថា៖ «ជាអកុសលណាស់ ប្រជាជនកូរ៉េខាងជើង មិនមានឆន្ទៈចង់ធ្វើអ្វី ដែលពួកគេចង់ធ្វើនោះទេ ដោយបាននិយាយយោងដល់ជំនួបនៅក្នុងក្រុងហាណូយនៃប្រទេស វៀតណាម រវាង លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
លោក បានពិពណ៌នាសេចក្តីថ្លែងការណ៍ថ្មីបំផុតរបស់ក្រុងព្យុងយ៉ាងថា គ្មានផលប្រយោជន៍ទាល់តែសោះ។
កាលពីថ្ងៃសុក្រ លោកស្រីអនុរដ្ឋមន្ត្រីការបរទេស Choe Son-hui បានប្រកាសថា របបរបស់លោកស្រី នឹងបញ្ចប់ការចរចាជាមួយក្រុងវ៉ាស៊ីនតោន ហើយបែរទៅរកការតេស្តសាកល្បងមីស៊ីល និងនុយក្លេអ៊ែរវិញ ប្រសិនបើអាមេរិក នៅតែប្រកាន់ខ្ជាប់នូវការទាមទារដែលមិនអាចទទួលបានអស់ទាំងនោះ។
កូរ៉េខាងជើង ចង់ឲ្យអាមេរិកដកទណ្ឌកម្មខ្លះនៅក្នុងចំណោមទណ្ឌកម្មសំខាន់ៗទៅលើខ្លួនជាថ្នូរនឹងការរុះរើទីតាំងបាញ់តេស្តសាកល្បងមីស៊ីលខ្លះនៅក្នុងក្រុងព្យុងយ៉ាង។ ប៉ុន្តែលោក ត្រាំ បានអំពាវនាវឲ្យមានវិធានការលុបបំបាត់នុយក្លេអ៊ែរជាក់ស្តែងថែមទៀតនៅក្នុងជំនួបកាលពីចុងខែកុម្ភៈកន្លងទៅនេះ។
លោក បូលតុន បានថ្លែងថា ប្រសិនបើកូរ៉េខាងជើង វិលត្រឡប់ទៅរកទង្វើបង្កហេតុវិញនោះ មិនមែនជាគំនិតល្អនៅខាងភាគីរបស់គេឡើយ។
លោកបានថ្លែងថា លោក ត្រាំ ចង់ឃើញការគំរាមកំហែងនោះ ត្រូវបានដោះស្រាយតាមរយៈការចរចា៕ Yonhap