ក្រុងពុត្រាចាយ៉ាៈ ប្រពន្ធ​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ាហ្សាក់ កាល​ពី​ថ្ងៃ​អង្គារ ត្រូវ​បាន​ទីភ្នាក់ងារ​ប្រឆាំង​អំពើ​ពុក​រលួយ កោះ​ហៅ​មក​សាក​សួរ​រយៈពេល​ជាង ៣ ម៉ោង​ជុំវិញ​រឿង​អាស្រូវ​ហិរញ្ញវត្ថុ​ដ៏​ធំ​ពាក់​ព័ន្ធ​នឹង​មូលនិធិ​របស់​រដ្ឋ។

ឥឡូវនេះ គឺជា​ពេលវេលា​សម្រាប់​លោកស្រី Rosmah Mansor ក្រោយ​ពី​ប៉ូលិស​កាល​ពី​ខែ​មុន បាន​វាយ​ឆ្មក់​ទៅ​លើ​ខុនដូ ២ ដែល​ទាក់ទង​ជាមួយ​លោក​ណាជីប និង​គ្រួសារ​របស់​លោក ជា​ផ្នែក​នៃ​ការ​ស៊ើប​អង្កេត​លើ​តួនាទី​របស់​លោក នៅ​ក្នុង​រឿង​អាស្រូវ​របស់​មូលនិធិ 1MDB ដោយ​បាន​រឹប​អូស​យក​កាបូប​មាន​លុយ​ច្រើន គ្រឿង​អលង្ការ និង​កាបូប​ដៃ​រាប់រយ​ថែម​ទៀត។

លោកស្រី Rosmah មាន​វ័យ ៦៦ ឆ្នាំ ត្រូវបាន​គេ​ជេរប្រមាថ​ជាទូទៅ​នៅ​ម៉ាឡាស៊ី​ចំពោះ​ការ​ចូលចិត្ត​របស់​របរ ប្រណីតៗ និង​ចរិត​ក្រអើត​ក្រទម​របស់​លោកស្រី​នោះ។ កាល​ពី​ខែ​មុន លោក​ស្រី បាន​ចេញ​របាយ​ការណ៍ ដែល​បាន​រិះគន់​ចំពោះ​ការ​ផ្សព្វផ្សាយ​អំពី​ការ​វាយ​ឆ្មក់​របស់​ប៉ូលិស ដោយ​បាន​ហៅ​ការ​ឆ្មក់​នោះ​ថា​ជាការ​កាត់​ទោស​ជា​សាធារណៈ មិន​គ្រប់​ទឹក។

ភាពល្បីល្បាញ​ដោយសារ​សម្លៀក​បំពាក់​និង​កាបូបដៃ​ប្រណីតៗ​នោះ​លោកស្រី Rosmah បាន​ចូល​មក​បំភ្លឺ​នៅ​ស្នាក់ការ​របស់​ទីភ្នាក់ងារ​នេះ ដោយ​មាន​ក្បួន​រថយន្ត​អម​ដំណើរ។

បន្ទាប់ពី​ចាកចេញ​ពី​ទីស្នាក់ការ​របស់​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​នោះ ក្រុម​មេធាវី​របស់​លោក​ស្រី បាន​ថ្លែង​ថា ក្រុម​អ្នកស៊ើប​អង្កេត​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បញ្ចប់​ការ​កត់ត្រា​ចម្លើយ​របស់​លោកស្រី ក្រោយ​ពី​ការ​សាក​សួរ​អស់​រយៈពេល​ជាង ៣ ម៉ោង​ដែល​លោកស្រី បាន​ផ្តល់​ការ​សហការ​ល្អ​បំផុត។ ស្ថានភាព​នៃ​ការ​សាក​សួរ មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ទេ។

ប៉ុន្តែ​លោក Abdul Razak Idris អតីត​ប្រធាន​ព័ត៌មាន​និង​ស៊ើបអង្កេត នៅ​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ម៉ាឡេស៊ី (MACC) បាន​ថ្លែង​ប្រាប់ AFP ថា លោកស្រី Rosmah ទំនង​ជា​នឹង​ត្រូវ​ស្នើ​ឲ្យ​បង្ហាញ​គណនី​ធនាគារ​របស់​លោក​ស្រី និង​ពន្យល់​អំពី​ប្រភព​នៃ​លុយ និង​គ្រឿង​អលង្ការ​ដែល​ប៉ូលិស បាន​រក​ឃើញ​នៅ​ក្នុង​ខុន​ដូ ២ នាពេល​ថ្មីៗ​នេះ។

តាម​ការចោទប្រកាន់ លុយរាប់​ពាន់​លាន​ដុល្លារ ត្រូវបាន​លួច​ចេញពី​មូលនិធិ 1MDB ដែល​ត្រូវបាន​បង្កើត​ដោយ​ណាជីប ជាការ​លួច​តាម​បច្ចេកទេស​ទំនើប ដែល​ចេញ​ពី​សិង្ហបុរី​ទៅ​ស្វ៊ីស​ដោយ​លុយ​ទាំង​នោះ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ទិញ​សម្ភារ​ផ្សេងៗ ចាប់​ពី​គ្រឿង​ចម្លាក់ រហូត​ដល់​អចលទ្រព្យ​មាន​តម្លៃ​កប់​ពពក​នោះ។ ទាំង​លោក​ណា​ជីប និង​មូលនិធិ​នោះ បាន​បដិសេធថា គ្មាន​កំហុស​ណាមួយ​នោះ​ទេ។

លោកស្រី Rosmah បាន​ចំណាយពេល​ជិត ៥ ម៉ោង​នៅក្នុង​អគារ​នោះ​មុននឹង​ចាក​ចេញ​ទៅវិញ​ដោយ​ជិះ​រថយន្ត Mercedes Benz។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​លោក​មេធាវី K. Kumarendran បាន​ថ្លែងប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា៖ «កូន​ក្តី​របស់​យើង នឹង​បន្ត​កិច្ច​សហការ​ត​ទៅ​ទៀត នៅ​ពេល​ណា​ទីភ្នាក់ងារ​នេះ​ត្រូវ​ការ»៕