ក្រុងអ៊ីស្តង់ប៊ុលៈ ប្រទេស តួកគី បានទទួលប្រព័ន្ធការពារដែនអាកាសមីស៊ីល S-400 ក្រុមទី១ ពីរុស្ស៊ីកាលពីថ្ងៃសុក្រ ដោយបានធ្វើឲ្យអង្គការណាតូព្រួយបារម្ភ និងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយអាមេរិក ដែលបានព្រមានប្រឆាំងការទិញប្រព័ន្ធនេះម្តងហើយម្តងទៀត។
ការដឹកជញ្ជូនប្រព័ន្ធការពារមីស៊ីលនេះទៅកាន់មូលដ្ឋានទ័ពអាកាសនៅក្នុងក្រុងអង់ការ៉ានៃប្រទេស តួកគី បានកើតឡើង ក្រោយពីក្រុងវ៉ាស៊ីនតោន បានព្រមានកាលពីសប្តាហ៍មុនថា នឹងមានផលវិបាកពិតប្រាកដ និងអវិជ្ជមានប្រសិនបើតួកគីទិញប្រព័ន្ធការពារមីស៊ីលប្រភេទនេះ។
មន្ត្រីម្នាក់បានថ្លែងប្រាប់ AFP ថា អង្គការណាតូ ដែលបានរាប់ប្រទេស តួកគី ជាសមាជិកមួយនៃសមាជិករបស់ខ្លួន មានការព្រួយបារម្ភអំពីផលវិបាកជាសក្តានុពលនានាពីការទិញប្រព័ន្ធការពារមីស៊ីលនោះ។
អាមេរិកបានព្រមានតួកគីម្តងហើយម្តងទៀតថា ប្រព័ន្ធការពារមីស៊ីលរបស់រុស្ស៊ី មិនអាចប្រៀបជាមួយប្រព័ន្ធអាវុធរបស់អង្គការណាតូបានទេមិនមែនមានតែ F-35 ជាយន្តហោះមានតួនាទីច្រើន និងជាយន្តហោះជំនាន់ថ្មីប៉ុណ្ណោះទេ។
អាមេរិកព្រួយបារម្ភថា ប្រសិនបើក្រុងអង់ការ៉ាដាក់បញ្ចូល S-400 ជាមួយប្រព័ន្ធការពារដែនអាកាសរបស់ខ្លួននោះ មានការប្រថុយប្រថានថា ព័ត៌មានអំពីយន្តហោះ F-35 របស់ខ្លួនអាចលេចធ្លាយទៅដល់រុស្ស៊ី និងបានគំរាមកំហែងដកតួកគីចេញពីកម្មវិធីបណ្តុះបណ្តាលយន្តហោះចម្បាំងរបស់ខ្លួន៕ AFP/PSA