ក្រុង​សេអ៊ូលៈ ​​មេ​បញ្ជាការ​កង​ទ័ព​អាមេរិក​ប្រចាំ​នៅ​កូរ៉េ​ខាង​ត្បូង​លោក​ឧត្តមសេនីយ៍​ Robert Abrams បាន​ទាត់​ចោល​កង្វល់​ដែល​ថា​ ការ​កាត់​បន្ថយ​សមយុទ្ធ​រួម​ជាមួយ​កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​ឲ្យ​ការ​ត្រៀម​របស់​ក្រុម​សម្ព័ន្ធ​មិត្ត​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ពី​កូរ៉េ​ខាង​ជើង​ចុះ​ខ្សោយ​។

លោក​ Abrams ​បាន​ថ្លែង​នៅ​ក្នុង​អំឡុង​ការ​សម្ភាស​ពិសេស​មួយ​ជា​មួយ​នឹង​ ទី​ភ្នាក់ងារ​ព័ត៌មាន​​​​ Yonhap News ​កាល​ពី​ថ្ងៃ​ពុធ​ថា​៖ ​«​លោក ​អ្នក​អាច​គេង​លក់​ពេញ ​១ ​រាត្រី ដោយ​បាន​ដឹង​ថា​ កង​កម្លាំង​រួម​ បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​នោះ​» ដោយ​បាន​ធ្វើ​ការ​វាយ​តម្លៃ​ជា​សាធារណៈ​លើក​ដំបូង​របស់​លោក​អំពី​​សមយុទ្ធ ​Dong Maeng​ ថ្មី​ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​មុន​នោះ​»។

លោក​ Abrams ​បាន​ថ្លែង​នៅ​ការិយាល័យ​នៅ​ក្រុង​សេអ៊ូល​ថា៖ «​គ្រប់​មេ​ដឹកនាំ​ជាន់​ខ្ពស់​នៅ​ក្នុង​សម្ព័ន្ធមិត្ត​យោធា​កូរ៉េ​ខាង​ត្បូង​អាមេរិក​បាន​ប្តេជ្ញា​យ៉ាង​មុតមាំ​ដើម្បី​ធានា​ថា ​កង​កម្លាំង​របស់​យើង​ ត្រៀម​ខ្លួន​សម្រាប់​តម្រូវ​ការ​នានា​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ ឬ​លទ្ធភាព​នៃ​​អរិភាព​ណា​មួយ​នោះ​»។

លោក​ បាន​បន្ថែម​ទៀត​ថា៖ ​«នោះ​គឺ​ជា​​កាតព្វកិច្ច​តែ​មួយ​គត់​របស់​យើង​។ នោះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ ហើយ​យើង​បាន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​ ជា​ទីបំផុត​។ ​យើង​កំពុង​ធ្វើ​កិច្ចការ​ដែល ​ចំា​បាច់​ដើម្បី​ធានា​ថា​ យើង​មាន​កម្លាំង​ត្រៀម​រួច​ជា​ស្រេច»។

កាល​ពី​ថ្ងៃ​អង្គារ ​ក្រុង​សេអ៊ូល ​និង​ក្រុង​វ៉ាស៊ីនតោន ​បាន​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​នៅ​ប៉ុស្តិ៍​បញ្ជាការ​ Dong Maeng​ រយៈ​ពេល​ ១ សប្តាហ៍ ​ដែល​ជំនួសឲ្យ​សមយុទ្ធ​ Key Resolve​ ដែល​តាម​ធម្មតា ​២ ​សប្តាហ៍​។ Dong Maeng គឺ​ជា​ភាសា​កូរ៉េ​សម្រាប់​ក្រុម​សម្ព័ន្ធមិត្ត​។ ​

ក្រុម​សម្ព័ន្ធមិត្ត​បាន​បង្ហាញ​សមយុទ្ធ​នេះ ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ សមយុទ្ធ​រយៈ​ពេល​ខ្លី​ ជំនួស​ឲ្យ​សមយុទ្ធ​ Key Resolve ក្នុង​គោល​បំណង​គាំទ្រ​ដំណើរការ​ការ​ទូត​ ដើម្បី​សន្តិភាព​យូរ​អង្វែង​នៅ​ ឧបទ្វីប​កូរ៉េ​៕ Yonhap/PSA