ក្រុងប៉ារីស៖ ប្រមុខការទូតអឺរ៉ុប និងរដ្ឋមន្ត្រីការបរទេសរបស់បារាំង អាល្លឺម៉ង់ និងប្រទេសអ៊ីតាលី កាលពីថ្ងៃអង្គារ បានស្នើសុំឲ្យគ្រប់ភាគីទាំងអស់ ដែលកំពុងប្រយុទ្ធគ្នានៅលីប៊ី ឈប់ធ្វើប្រតិបត្តិការយោធាជាបន្ទាន់ និងគោរពបទឈប់បាញ់នៅក្នុងប្រទេសនេះ។
ដោយត្រូវបានចុះហត្ថលេខារបស់តំណាងជាន់ខ្ពស់អឺរ៉ុប គឺលោក ចូសេប បូរែលល៍ និងរដ្ឋមន្ត្រីការបរទេសបារាំងលោក Jean Yves Le Drian រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក ហ៊ីកូ ម៉ាស់ស៍ និងរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក ឡូវីសហ្គី ឌី ម៉ៃអូ សេចក្តីថ្លែងការណ៍មួយ ស្នើឲ្យ «គ្រប់ភាគីលីប៊ី និងអន្តរជាតិទាំងអស់ ត្រូវបញ្ឈប់កិច្ចប្រតិបត្តិការយោធាជាបន្ទាន់ និងមានប្រសិទ្ធភាព»។
ក្រុមរដ្ឋមន្ត្រីអឺរ៉ុបទាំងនោះ ក៏បានលើកឡើងពីតម្រូវការចាំបាច់ «ដើម្បីបង្កើតឲ្យមានការចរចា ៥+៥» ដោយមានការចូលរួមពីគណៈកម្មការយោធាចម្រុះមួយ ដែលជួយសម្របសម្រួលឲ្យមានបទឈប់បាញ់មួយ ដែលត្រូវបានប្រកាសនៅទីក្រុងគែរ កាលពីដើមខែមិថុនានេះ។
នៅពេលជាមួយគ្នានោះ សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិត្រូវតែដាក់បញ្ចូល «ការដកកងកម្លាំងបរទេសទាំងអស់ ដូចជា ទាហានស៊ីឈ្នួលរុស្ស៊ី និងសម្ភារយោធា ដែលត្រូវបានផ្គត់ផ្គង់ ជាការបំពានការហាមប្រាមការលក់ដូរអាវុធរបស់អង្គការសហប្រជាជាតិ ពីគ្រប់តំបន់ទាំងអស់នៅក្នុងប្រទេសលីប៊ី»។
បទឈប់បាញ់នៅលីប៊ី ត្រូវបានគាំទ្រដោយបុរសខ្លាំងលោក ហ្គាលីហ្វា ហាហ្វតារ នឹងត្រូវចូលជាធរមានកាលពីថ្ងៃចន្ទកន្លងទៅនេះ។
ប៉ុន្តែកងកម្លាំងស្មោះត្រង់ជាមួយរដ្ឋាភិបាលបង្រួបបង្រួមជាតិ (GNA) លីប៊ីបានប្រកាសថា គោលបំណងរបស់ពួកគេ ដើម្បីដណ្តើមយកក្រុងស៊ីទី មកគ្រប់គ្រងវិញ៕ AFP/SK